បាត់ដំបង៖ គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ដើម្បីពង្រឹងចំណងសម្ព័ន្ធមេត្រីភាពកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនទាំងពីរ និងបង្កើតកិច្ចសហប្រតិបត្តិការតាមរយៈគោលការណ៍ភូមិស ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន។
រសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ដើម្បីពង្រឹងចំណងសម្ព័ន្ធមេត្រីភាពកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនទាំងពីរ នៅសាលប្រជុំសាលាខេត្តច័ន្ទបុរី ។
លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំពិភាក្សាការងារនាឱកាសនេះ គឺដើម្បីពង្រឹងចំណងសម្ព័ន្ធមេត្រីភាព កិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ។ ក្នុងនោះផងដែរ លោក ក៏បានថ្លែងអំណរគុណជូនដល់ លោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តច័ន្ទបុរី ព្រមទាំងកងកម្លាំង សមត្ថកិច្ចថៃ ទាំងអស់ដែលការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការការពារ និងទប់ស្កាត់បទល្មើសគឿងញៀនខុសច្បាប់ ការឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសផ្សេងៗ ជាពិសេសការបង្ការ ទប់ស្កាត់បាននូវផែនការចង់បំផ្លាញសន្តិភាពនៅប្រទេសកម្ពុជាកន្លងមកឱ្យទទួលបរាជ័យ។
លោក ក៏បានស្នើដល់អជ្ញាធរខេត្តច័ន្ទបុរី ធ្វើយ៉ាងណាបន្តពង្រឹងសម្ព័ន្ធមេត្រីភាពកិច្ចសហប្រតិបត្តការរវាងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ និងបង្កើតកិច្ចសហប្រតិបត្តិការតាមរយៈគោលការណ៍ភូមិស ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន។
លោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តច័ន្ទបុរី បានមានប្រសាសន៍ថា កន្លងមកខេត្តច័ន្ទបុរី និងខេត្តបាត់ដំបង បានបង្កើតកិច្ចសហប្រតិបត្តិជាមួយគ្នាបានយ៉ាងល្អប្រសើរ ក្នុងគោលនយោបាយអាស៊ានគឺយើងបានអនុវត្តរួមគ្នា ជាពិសេសនាពេលថ្មីៗនេះ មានកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសថៃ ដែលគោលបំណងនៃកិច្ចប្រជុំនោះមាន៣ធំៗ ដែលបានសហប្រតិបត្តិការជាមួយគ្នាទី១ គឺកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ ទី២គឺកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងសង្គមិច្ច និងទី៣ គឺកិច្ចសហប្រតិបត្តិការវិស័យសង្គម និងវប្បធម៌ ។
ជាចុងក្រោយ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្នើអញ្ជើញដល់ លោក អភិបាលខេត្តច័ន្ទបុរី ព្រមទាំងកងកម្លាំង សមត្ថកិច្ចខេត្តច័ន្ទបុរី អញ្ជើញចូលរួមក្នុងកម្មវិធីជិះកង់ ដើម្បីពង្រឹងចំណងសម្ព័ន្ធមេត្រីភាពកិច្ចសហប្រតិបត្តិការ រវាងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ៕ដោយ៖បញ្ញាស័ក្តិ