ខេត្តកំពត៖ ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នឹងរៀបចំឡើងនៅខេត្តកំពត និងមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩។
ពិធីបុណ្យនេះ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ការងារត្រៀមរៀបចំបុណ្យសមុទ្រ ដែលខេត្តកំពត រៀបចំធ្វើម្ចាស់ផ្ទះ គឺបានដំណើការសម្រេចបានជាង៨០% ឬជិត ១០០%រួចហើយ។
កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត គណៈកម្មការអន្តរក្រសួង បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ជាវ តាយ អភិបាលខេត្តកំពត និងមានការចូលរួមពីមន្ត្រីអនុប្រធាន សមាជិកគណៈកម្មការ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនស្ថាប័នទៀតបានចូលរួម។
នាឱកាសនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា រហូតមកដល់ពេលនេះ ដំណើរការរៀបចំកិច្ចការងារទូទៅ ដើម្បីស្វាគមន៍បុណ្យសមុទ្រ សម្រេចបានប្រមាណជាង ៨០% រួចហើយ។ ក្នុងនោះមានដូចជា៖ កិច្ចការតុបតែងលម្អតាមទីសាធារណៈ, សួនច្បារ, ការជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ , ការបំពាក់ និងបន្ថែមភ្លើងបំភ្លឺក្នុងទីក្រុង, ការរៀបចំវិថីម្ហូបអាហារ (Food Street) , ការរៀបចំគោលដៅទេសចរណ៍នានាជុំវិញខេត្តកំពត ជាពិសេសតាមព្រែកទឹកឈូ ឬព្រែកកំពង់បាយ, ភ្នំបូកគោ, ស្រែអំបិល , តំបន់កសិទេសចរណ៍, ចម្ការម្រេច , តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ , សហគមន៍ទេសចរណ៍មួយចំនួន ព្រមទាំងគោលដៅទេសចរណ៍នៅខេត្តកែបជាដើម។
ក្រៅពីនោះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីបញ្ហាផ្លូវធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ទីរួមខេត្តកំពត និងពីខេត្តកំពតឆ្ពោះទៅកាន់គោលដៅនានា ដោយលោកបានស្នើអាជ្ញាធររដ្ឋបាលខេត្តកំពត, មន្ទីរ និងក្រសួងសាធារណការ ឲ្យជួយពន្លឿនការជួសជុលផ្លូវជាតិលេខ៣ , ផ្លូវលេខ៣៣ និងផ្លូវនានាជាច្រើនទៀត យ៉ាងហោចណាស់ ក៏ស្នើរៀបចំត្រឹមអាចឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ធ្វើដំណើរបានសមរម្យ នៅមុនពេលបុណ្យសមុទ្រចូលមកដល់។
លោករដ្ឋមន្ត្រី ថោង ខុន ឲ្យដឹងដូច្នេះ រួចបានអំពាវនាវដល់ម្ចាស់សណ្ឋាគារ, ផ្ទះសំណាក់ , ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ ក្នុងខេត្តកំពត សូមកុំឲ្យតម្លើងតម្លៃសេវា និងទំនិញ របស់ខ្លួនថ្លៃហួសហេតុពេក។ ជាពិសេសត្រូវបើកឲ្យមានការទទួលការកក់កន្លែងស្នាក់នៅឡើងវិញ ដើម្បីសម្រួលដល់ការស្នាក់នៅ របស់ភ្ញៀវទេសចរ, ក្រុមមន្ត្រី, ក្រុមសិល្បករ-កីឡាករជាដើម ដែលមកចូលរួមរៀបចំពិធីបុណ្យសមុទ្រ។
បុណ្យសមុទ្រឆ្នាំនេះ លោករដ្ឋមន្ត្រី ថោង ខុន រំពឹងថា អាចមានភ្ញៀវទេសចរ មកចូលរួមលេងកម្សាន្ត ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកំពត នឹងមានចំនួនច្រើនកុះករជាងឆ្នាំពេលមុន។ ខណៈប្រទេសជាតិកំពុងមានសុខសន្តិភាព ស្ថិរភាព, នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ចំណែកប្រជាពលរដ្ឋ ក៏កាន់តែមានភាពជីវភាពធូរធារ និងចង់ចេញដើរកម្សាន្តកាន់តែច្រើនឡើងៗ។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២២ ខែធ្នូ ឆ្នាំ២០១៩៕ ដោយ៖ ដែន សីមា