Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​ចុងភៅ​ពិភពលោក ចង់​ធ្វើ​កម្មវិធី​ទេសចរណ៍​ម្ហូបអាហារ​នៅមុខ​ប្រាសាទ​អង្គរ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ច្រើន​នាក់​ចូលមក​កម្ពុជា​

(​ភ្នំពេញ​)៖ សមាគម​ចុងភៅ​ពិភពលោក និង​សមាគម​ចុងភៅ​កម្ពុជា បានបង្ហាញ​គោលបំណង​ចំពោះ​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ និង​ម្ហូបអាហារ​ដ៏​ធំ​មួយ​នៅមុខ​ប្រាសាទអង្គរវត្ត ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ជាច្រើន​នាក់ ឱ្យមក​ចូលមក​ទស្សនា​ក្នុងប្រទេស​កម្ពុជា​។​

​ឆ្លើយតប​នឹង​ការលើកឡើង​របស់​សមា​គម​ចុងភៅ​កម្ពុជា និង​សមាគម​ចុងភៅ​ពិភពលោក លោក​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលបំណង និង​សំណើសុំ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ និង​ម្ហូបអាហារ​នេះ ប៉ុន្តែ​លោក​ក៏បាន​បញ្ជាក់ដែរថា ការ​រៀ​ចំ​ព្រឹត្តិការណ៍​នេះ​ទៅបាន គឺ​ត្រូវបាន​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល និង​សុំ​ការឯកភាព​ពី​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ខេត្តសៀមរាប​ជាមុនសិន​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​ទំនុកចិត្ត​ទៅវិញ​ថា ក្រសួងទេសចរណ៍ នឹងដាក់​សំណើ​ជូនទៅ​រាជរដ្ឋាភិបាល ដើម្បី​សុំ​ការអនុញ្ញាត​រៀបចំ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ឡើង ព្រមទាំង​នឹង​ពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ខេត្តសៀមរាប និង​សមាគម​ទាំងពីរ​ជា​បន្តបន្ទាប់​ទៀត​។​

​ក្នុងជំនួប​ពិភាក្សា​នេះ សមាគម​ចុងភៅ​កម្ពុជា និង​សមាគម​ចុងភៅ​ពិភពលោក បានបង្ហាញ​បំណង​ចង់​រៀ​ចំ​ព្រឹត្តិការណ៍​នេះ នៅមុខ​ប្រាសាទអង្គរវត្ត នៅ​កំឡុង​ខែមេសា ឆ្នាំ​២០២០ ខាងមុខ​។ ព្រឹត្តិការណ៍​ខាងលើនេះ មាន​រៀបចំ​ជា​សកម្មភាព​សប្បុរសធម៌​ភ្ជាប់​ជាមួយ​សកម្មភាព​ទេសចរណ៍ ពោលគឺ​ដើម្បី​រៃអង្គាស​ថវិកា​យកទៅជួយ​កុមារកំព្រា ជនរងគ្រោះ និង​ការងារ​មនុស្សធម៌​នានា ដែល​បាន​ពី​ការចូលរួម​របស់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ជាច្រើន​នាក់​។​

​ដើម្បី​ជំរុញ​ការងារ​នេះ លោក​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួងទេសចរណ៍ ត្រូវធ្វើ​ការងារ​ពាក់ព័ន្ធ​ជាមួយ​សមាគម​ទាំងពីរ​ខាងលើ​ឱ្យបាន​ជិតស្និទ្ធ ដើម្បី​រួមគ្នា​បង្កើត​ផលិតផល​ទេសចរណ៍​ដ៏​ពិ​សេសមួយ​ជូន​ភ្ញៀវទេសចរ និង​ដើម្បី​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា ទៅកាន់​ទេសចរ​អន្តរ​ជា​ឱ្យ​កាន់តែ​ទូលំទូលាយ តាមរយៈ​ព្រឹត្តិការណ៍​នេះ​។​

​សមាគម​ចុងភៅ​ពិភពលោក បានបញ្ជាក់​ទៀតថា ព្រឹត្តិការណ៍​ខាងលើនេះ គឺ​ត្រូវ​បានរៀបចំ​ប្រកបដោយ​ជោគជ័យ​ជា​ច្រើនដង​មកហើយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​វៀតណាម ហើយ​ឆ្នាំ​ក្រោយនេះ សមាគម និង​ភ្ញៀវទេសចរ​អន្តរជាតិ ពិតជា​ពេញចិត្ត​ចំពោះ​គោលដៅ​ទេសចរ​អង្គរ​-​សៀមរាប​ជាខ្លាំង​។​

​ព្រឹត្តិការណ៍​ទេសចរណ៍ និង​ម្ហូបអាហារ​ខាងលើនេះ គឺជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​ទូទាំង​ពិភពលោក ហើយ​តាមរយៈ​ការចូល​រួមជាមួយ​ព្រឹត្តិការណ៍​នេះ ពួកគេ​ក៏​នឹង​ចេញទៅ​ទស្សនា​នៅតាម​គោលដៅ​ទេសចរណ៍​នានា​របស់​កម្ពុជា​ផងដែរ ពិសេស​រមណីយដ្ឋាន​អង្គរ ក្រុង​សៀមរាប ក៏ដូចជា​តំបន់​ជុំវិញ​៕ ដោយ​៖​កូ​ឡាប​