អតីតមន្រ្តីភ្នាក់ងារស៊ើបអង្កេតមជ្ឈិម (CIA) ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៩ឆ្នាំ ពីបទលបយកការសម្ងាត់ឲ្យទីក្រុងប៉េកាំង។
លោក Jerry Chun Shing Lee ដែលជាប្រជាពលរដ្ឋអាមេរិចពីកំណើត ដែលបានបម្រើការនៅ CIA ចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០៧ ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ ២០១៨ ដោយសារតែមានព័ត៌មានសម្ងាត់ផ្នែកការពារជាតិអាមេរិច ដោយខុសច្បាប់។ ព្រះរាជអាជ្ញាបានចោទប្រកាន់លោកថា លោកបានផ្តល់ព័ត៌មានសម្ងាត់ទាំងនោះ ទៅឲ្យភ្នាក់ងារចារកម្មចិន។
បើតាមភស្ថុតាងបានឲ្យដឹងថា គាត់បានផ្លាស់ទៅកាន់ទីក្រុងហុងកុងក្នុងឆ្នាំ ២០១០ និងចាប់ផ្តើមទទួលលុយពីភ្នាក់ងារចិន ដែលបានសុំឲ្យគាត់ផ្តល់ព័ត៌មានពី CIA។
ប៉ុន្តែនៅខែឧសភា លោក Jerry Chun Shing Lee វ័យ ៥៥ឆ្នាំ បានបដិសេធចំពោះការចោទប្រកាន់ពីបទរួមគំនិត ក្នុងការផ្តល់ព័ត៌មានសន្តិសុខជាតិ ទៅឲ្យរដ្ឋាភិបាលបរទេស ឬក៏ទទួលយកលុយចំនួន ៨៤០.០០០ដុល្លារពីចិន។
“លោក Lee បានក្បត់នឹងប្រទេសជាតិខ្លួនឯង ដោយសារសេចក្តីលោភលន់ និងបានធ្វើឲ្យអតីតអ្នកបម្រើការងារជាមួយគាត់ស្ថិតក្នុងគ្រោះថ្នាក់”។ នេះបើតាមការបញ្ជាក់របស់ជំនួយការប្រធានការិយាល័យរបស់ FBI៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia