ខ្សែវីដេអូខាងក្រោម បានថតយកនូវខណៈពេលដែលត្រីបាឡែនមួយក្បាលដែលមានទម្ងន់ជិត ២៣តោន បានការពារអ្នកជីវសាស្ត្រខាងលើដែលកំពុងមុជទឹកឲ្យចៀសផុតពីការក្លាយជាចំណីរបស់ត្រីឆ្លាម ដោយលាក់នាងនៅក្រោមស្រកី រួចយកមាត់ច្រាននាងទៅដល់ទីសុវត្ថិភាព។
ខ្សែវីដេអូនេះ ត្រូវបានថតនៅតំបន់សមុទ្រ Muri, Rarotonga, ប្រជុំកោះ Cook នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។
ជីវវិទូខាងត្រីបាឡែន Nan Hauser ឲ្យដឹងថា ត្រីបាឡែនគមខ្នង បានការពារនាងនិងសហការីឲ្យចៀសផុតពីការវាយប្រហាររបស់ត្រីឆ្លាមមួយក្បាល ដោយវាបានលាក់នាងនៅក្រោមស្រកី រួចប្រើក្បាល និងមាត់ច្រាននាងមកដល់ទីសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីខែតុលា ឆ្នាំ ២០១៧។
ត្រីបាឡែន បានច្រានជីវវិទូដល់ទីសុវត្ថិភាព។
ត្រីបាឡែនមួយក្បាលនេះ បានច្រានតាមទិសដៅមួយជួយឲ្យនាងជួបជុំជាមួយក្រុមរបស់ខ្លួន និងផ្តល់ព័ត៌មានដល់ដែលកំពុងស្ថិតនៅលើនាវា ឲ្យដឹងថា មានត្រីឆ្លាមកំណាចមួយកំពុងស្ថិតនៅជិតនោះ។
Nan និយាយថា ត្រីបាឡែននេះបានប្រើកន្ទុយរបស់វា ដើម្បីគោះទឹកបណ្តេញត្រីឆ្លាមឲ្យចេញទៅឆ្ងាយ ។ ចំពោះនាងវិញនឹកស្មានថា ត្រីមួយធំដែលនៅជិតនោះ គឺជាគ្នីគ្នារបស់ត្រីបាឡែនមួយក្បាលនេះ។ ប៉ុន្តែពេលឃើញចលនាពីឆ្វេងមកស្តាំ ពីលើមកក្រោម ទើបនាងដឹងថា វាជាឆ្លាមពេជឃាតកំពុងប៉ងវាយប្រហារមកលើនាង។
ត្រីបាឡែនលាក់ Nan នៅក្រោមស្រកី រួចច្រាននាងឲ្យចេញឆ្ងាយពីត្រីឆ្លាម។
Nan អ្នកដែលរស់នៅលើប្រជុំកោះ Cook និយាយថា “ខ្ញុំពិតជាពុំយល់ពីបំណងរបស់ត្រីបាឡែន ខណៈវាចាប់ផ្តើមចូលកៀកមកខ្ញុំ។ វាចេះតែច្រានខ្ញុំពុំឈប់ ក្នុងកំឡុងពេលប្រមាណ ១០នាទី។ ២៨ឆ្នាំហើយដែលជីវិតខ្ញុំផ្សាភ្ជាប់ជាមួយសមុទ្រ និងត្រីបាឡែន។ ប៉ុន្តែខ្ញុំពុំដែលប្រទះនឹងស្ថានភាពដែលត្រីបាឡែនមួយក្បាលនេះប៉ុនប៉ងរក្សាទុកខ្ញុំឲ្យស្ថិតនៅក្រោមស្រកីដ៏ធំរបស់វាបែបនេះ”។
អ្នកវិទ្យាសាស្ត្ររូបនេះ ធ្លាប់បានឃើញករណីជាច្រើន ដែលត្រីបាឡែនមានសកម្មភាពការពារពពួកត្រីផ្សេងទៀត តែនេះជាករណីដំបូងបញ្ជាក់ច្បាស់ថា ត្រីបាឡែនក៏ការពារមនុស្សឲ្យចៀសផុតពីចង្កូមពេជឃាតត្រីឆ្លាម។ នាងសង្កត់ធ្ងន់ថា ៖ “ពិតជាគួរឲ្យអស់សំណើចណាស់ ២៨ឆ្នាំកន្លងមកនេះខ្ញុំអនុវត្តភារកិច្ចការពារអម្បូរត្រីបាឡែន តែពេលនេះតួអង្គត្រូវទទួលការការពារទៅវិញ”៕ ចន្ទ្រា