ភ្នំពេញ ៖ សម្ដេចក្រឡាហោម ប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា តាមការប៉ាន់ប្រមាណគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យប្រទេសកម្ពុជា ខាតបង់ថវិកាក្នុងមួយឆ្នាំៗជាច្រើនលានដុល្លារ ដោយមិនគិតផលលំបាកសង្គមដូចជា ការបន្សល់ទុកជនពិការ កុមារកំព្រា ស្ដ្រីមេម៉ាយ និងធ្វើឲ្យគ្រួសារមួយចំនួន ធ្លាក់ទៅក្នុងភាពក្រីក្រ ដែលបណ្ដាលឲ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ថ្ងៃអាទិត្យ ១៣រោច ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ និងយុទ្ធនាការដើរដោយសុវត្ថិភាព។
ទិវានេះធ្វើឡើងដើម្បី រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ព្រមទាំងធ្វើយុទ្ធនាការដើរដោយសុវត្ថិភាព ដើម្បីផ្សព្វផ្សាយ ក៏ដូចជាអំពាវនាវដល់សាធារណជនឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង យករថយន្តទៅពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវនឹងទៀងទាត់ និងប្រកាន់ខ្ជាប់នូវសីលធម៌បើកបរខ្ពស់ជាដើម។
សូមបញ្ជាក់ថា៖ ជាមធ្យមមានមនុស្សចំនួន៥នាក់បានស្លាប់ និង១១រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃ ដែលធ្វើឱ្យរដ្ឋខាតបង់ថវិកាជាតិប្រមាណ៣៥០លានដុល្លារក្នុងមួយឆ្នាំ ព្រមទាំងបន្សល់ទុកជនពិការទាំងកាយនិងស្មារតី ស្ត្រីមេម៉ាយ កុមារកំព្រា ដែលបណ្ដាលឱ្យងាយធា្លក់ក្នុងអន្ទាក់នៃភាពក្រីក្រ។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា កត្តាដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនលើសលប់ប្រមាណ៩០% គឺបណ្ដាលមកពីកត្តាមនុស្ស តាមរយៈបើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរជែងដោយខ្វះការប្រុងប្រយ័ត្នជាដើម។
តួលេខរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបង្ហាញដោយសម្ដេចក្រឡាហោម ស ខេង ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសបានកើតឡើង ចំនួន៣,១៥៩លើក បណ្ដាលឲ្យបាត់បង់ជីវិត១,៥២១នាក់ និងរបួស៤,៧២១នាក់ គិតជាមធ្យមគឺស្លាប់ជាង៥នាក់ និងរបួស១៧នាក់ ក្នុងមួយថ្ងៃ។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងដោយស្មារតីម្ចាស់ការខ្ពស់ ពោលគឺផ្ដោតលើសុវត្ថិភាពចរាចរណ៍ផ្ទាល់ខ្លួន និងអ្នករួមដំណើរ និងត្រូវចងចាំប្រសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។
សម្ដេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវបង្ហាញតួលេខនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ ឲ្យបានច្បាស់លាស់ មិនត្រូវមានការលាក់បាំងនោះឡើយ។
សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ការដែលត្រូវបង្ហាញតួលេខនេះ ឲ្យបានច្បាស់លាស់ ទៅកាន់សាធារណជន ពិសេសបណ្ដាស្ថាប័នព័ត៌មាននោះ ដើម្បីរួមគ្នាចូលរួមកាន់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាចាំបាច់ចំពោះមុខ ត្រូវតែរួមគ្នាដើម្បីដោះស្រាយ មិនមែនជាភារកិច្ចផ្ដាច់មុខរបស់ ក្រសួង ឬស្ថាប័នណាមួយនោះទេ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា «យើងឃើញថា និន្នាការកំណើនគ្រោះថ្នាក់ចរាចរណ៍នេះ គឺជាសញ្ញាមិនល្អទាល់តែសោះ ខ្ញុំទទួលស្គាល់ចង់អ្នកណាវាយតម្លៃថា បរាជ័យក៏វាយទៅ ប៉ុន្ដែសូមអំពាវនាវជួយគ្នា ព្រោះអាហ្នឹង យើងមិនអាចភូតបន្លំទេ អីចឹងទេយើងត្រូវបង្ហាញការពិត ដើម្បីទាំងអស់គ្នាជួយ ព្រោះរឿងទាំងអស់គ្នាមិនមែនរឿងបុគ្គលណាមួយទេ»។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតាមបណ្ដាខេត្ត ត្រូវសិក្សាឲ្យបានច្បាស់លាស់ និងលម្អិតបន្ថែមទៀត ដើម្បីយល់ដឹងកាន់តែច្បាស់ថា និន្នាការនៃគ្រោះថ្នាក់ចរាចរណ៍ កើនឡើងបណ្ដាលមកពីមូលហេតុអ្វី។ សម្តេច ថា កន្លងទៅកម្ពុជាធ្លាប់ទទួលបានរង្វាន់លើកទឹកចិត្ត ពីប្រទេសអង់គ្លេស ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្ដែ២ឆ្នាំមកនេះ បរាជ័យដោយសារគ្រោះថ្នាក់ចរាចរណ៍កើនឡើង។
សម្ដេចក្រឡាហោម ស ខេង បានអះអាងទៀតថា មូលហេតុចម្បងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនលើសលប់ ដោយអ្នកបើកបរយានយន្ដ មិនគោរពច្បាប់ចរាចរណ៍ បង្កគ្រោះថ្នាក់ដោយការបើកបរលើសល្បឿនកំណត់៣៧ភាគរយ, មិនគោរពសិទ្ធិ២៤ភាគរយ, មិនប្រកាន់ស្ដាំ១២ភាគរយ, វ៉ាជែង៩ភាគរយ, បត់៨ភាគរយ, ស្រវឹង៦ភាគរយ, កត្ដាយានយន្ដ៣ភាគរយ និងងងុយ១ភាគរយ៕ ដោយ៖កូឡាប