អង់គ្លេសបានស្នើប្រទេសចិនឲ្យអនុញ្ញាតឲ្យអ្នកសង្កេតការរបស់អង្គការសហប្រជាជាតិ ចូលទៅពិនិត្យមើលនៅតំបន់ Xinjiang។
ការស្នើឲ្យមានវត្តមានរបស់អ្នកសង្កេតការនៅទីនោះ បន្ទាប់ពីមានទិន្នន័យបែកធ្លាយបានបង្ហាញថា ជនជាតិដើមភាគតិចកាន់សាសនាអ៊ីស្លាមរាប់ម៉ឺននាក់ ត្រូវបានគេធ្វើបាបនៅជំរុំដែលមានការយាមកាមយ៉ាងតឹងរ៉ឹង។
ឯកសារផ្លូវការបានបង្ហាញថា អ្នកទោសជាច្រើនត្រូវបានគេបង្ខាំងទុក បញ្ចុះបញ្ចូលមនោគមវិជ្ជា និងដាក់ទណ្ឌកម្ម។
ជុំវិញបញ្ហាទាំងនោះ ឯកអង្គរដ្ឋទូតរបស់ចិនប្រចាំអង់គ្លេសឈ្មោះ Liu Xiaoming បានហៅឯកសារបែកធ្លាយនោះថាជាព័ត៌មានក្លែងក្លាយ។
ឯកសារបែកធ្លាយនោះបានដល់ដៃ សម្ព័ន្ធអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ (ICIJ) ដែលបានធ្វើកិច្ចការជាមួយនឹងដៃគូជាច្រើនរួមមាន BBC និង The Guardian នៅក្នុងអង់គ្លេសជាដើម។
ការស៊ើបអង្កេតបានរកឃើញភស្ថុតាងថ្មី ដែលផ្ទុយពីការអះអាងរបស់ក្រុងប៉េកាំងថា ជំរុំគឺសម្រាប់ធ្វើការអប់រំឡើងវិញ ចំពោះអ្នកស្ម័គ្រចិត្តដើម្បីប្រឆាំងទៅនឹងក្រុមជ្រុលនិយម។
“ពួកយើងពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពសិទ្ធិមនុស្សនៅ Xinjiang និងការបង្រ្កាបរបស់រដ្ឋាភិបាលចិន ជាពិសេសការឃុំខ្លួនក្រៅច្បាប់លើជនជាតិវីហ្គ័រ និងជនជាតិដើមភាគតិចជាង ១លាននាក់”។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យការិយាល័យក្រសួងការបរទេសអង់គ្លេស។
“អង់គ្លេសនៅតែបន្តស្នើឲ្យភាគីចិន អនុញ្ញាតឲ្យអ្នកសង្កេតការអង្គការសហប្រជាជាតិចូលទៅកន្លែងនោះបាន”។
មនុស្សប្រហែល ១លាននាក់ ដែលភាគច្រើនជាជនជាតិវីហ្គ័រ និងមូស្លីម ត្រូវបានគេគិតថា ត្រូវរងការឃុំខ្លួនដោយគ្មានការកាត់ទោស៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC