ប៉ូលិសហុងកុងបាននិយាយថា ពួកគេបានរកឃើញគ្រាប់បែកសាំងជិត ៤.០០០គ្រាប់ក្នុងរយៈពេល ២ថ្ងៃ នៅពេលដែលពួកគេបានធ្វើការសម្អាតទីធ្លា នៃសកលវិទ្យាល័យពហុជំនាញ (Polytechnic University)។
ទីធ្លាសកលវិទ្យាល័យខាងលើគឺជាកន្លែងប្រឈមដាក់គ្នាដ៏ខ្លាំង រវាងក្រុមបាតុករ និងប៉ូលិស ហើយនៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រុមបាតុករបានចាកចេញ ខណៈដែលប៉ូលិសបានចូលទៅកាន់ទីធ្លានោះ។
ប៉ូលិសបានរកឃើញគ្រាប់បែកសាំងចំនួន ៣.៩៨៩គ្រាប់ ឧបករណ៍ផ្ទុះចំនួន ១.៣៣៩ ទឹកអាស៊ីតចំនួន ៦០១ដប និងអាវុធចំនួន ៥៧៣។
ក្រោយសម្អាតទីធ្លារួច សាកលវិទ្យាល័យនោះ ត្រូវបានគេប្រគល់ទៅឲ្យអ្នកគ្រប់គ្រងសកលវិទ្យាល័យវិញ។
ក្រុមអ្នកតវ៉ាបានធ្វើការលាក់ខ្លួន នៅក្នុងសកលវិទ្យាល័យនោះ អស់រយៈពេល ២សប្តាហ៍។ អាជ្ញាធរបានធ្វើការឆ្លើយតបដោយធ្វើការបិទផ្លូវទាំងអស់ របស់គ្រឹះស្ថាននោះ បណ្តាលឲ្យជាប់អ្នកតវ៉ាជាង ១.០០០នាក់នៅក្នុងនោះ។
សកម្មជន ដែលប្រដាប់ដោយដុំឥដ្ឋ គ្រាប់បែកសាំង ព្រមទាំងមានព្រួញ និងធ្នូផងនោះ បានធ្វើការវាយប្រហារលើប៉ូលិសក្នុងកំពុងការប៉ះទង្គិចគ្នា។
សូមបញ្ជាក់ថា ការផ្ទុះបាតុករនៅទីក្រុងហុងកុង កើតឡើងដំបូងកាលពីខែមិថុនា ដើម្បីប្រឆាំងទៅនឹងច្បាប់ធ្វើបត្យាប័ន ដែលច្បាប់នោះអនុញ្ញាតឲ្យមានការបញ្ជូនជនសង្ស័យ ពីទីក្រុងហុងកុង ទៅធ្វើការកាត់ទោសនៅប្រទេសចិនបាន។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ហុងកុងបានធ្វើការបោះឆ្នោតក្រុមប្រឹក្សាស្រុក ហើយក្នុងការបោះឆ្នោតនោះ អ្នកគាំទ្រប្រជាធិបតេយ្យឈ្នះភ្លូកទឹកភ្លូកដី ដែលក្នុងចំណោមក្រុមប្រឹក្សា ១៨ មាន ១៧ត្រូវបានគ្រប់គ្រងដោយអ្នកប្រជាធិបតេយ្យ។
ហុងកុង ត្រូវបានអង់គ្លេសប្រគល់ឲ្យចិនកានកាប់វិញក្នុងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC