ភ្នំពេញ ៖ វត្តអារាមមានតួនាទីផ្តល់ការអប់រំផ្លូវចិត្ត ឲ្យមនុស្សអាចរស់នៅជាមួយគ្នាដោយសេចក្តីស្ងប់សុខខាងផ្លូវអារម្មណ៍ ជាឃ្លាំងផ្ទុកនូវចំណេះវិជ្ជា និងជាថ្នាលនៃការសាបព្រោះនូវធនធានមនុស្ស យ៉ាងសំបូរបែប ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការថែរក្សាការពារអត្តសញ្ញាណជាតិថែមទៀតផងដែរ។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តទីឃវនហៅវត្តព្រៃវែង កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០១៨ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែង របស់ព្រះគ្រូគ្រិន ជឿន ព្រះចៅអធិការវត្ត ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានរួបរួមសាមគ្គីគ្នា យ៉ាងសស្រោកសស្រាំ ក្នុងការកសាងសមិទ្ធផលនានា វត្តទីឃវន សម្រាប់ទុកជាទីសេនាសនៈ ដ៏គាប់ប្រសើរក្នុងវិស័យពុទ្ធសាសនា។ លោកបន្តថា កាយវិការ និងសទ្ធជ្រះថ្លាដ៏ប្រពៃថ្លៃថ្លានេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានដែលខ្ញុំព្រះករុណាខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីចែករំលែក និងរួមចំណែកដ៏ធំធេង ក្នុងការកសាងសង្គមមួយ ប្រកបដោយសុខសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍ។
លោកបន្តថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់ជូនប្រជាពលរដ្ឋខ្មែរ នូវសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងមានការបើកទូលាយក្នុងប្រតិបត្តិការសាសនា ធ្វើឲ្យពុទ្ធបរិស័ទទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា រស់នៅយ៉ាងសុខដុមរមនា ហើយសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វត្តអារាម និងកន្លែងសក្ការៈបូជានានា ត្រូវបានកសាងឡើងជាបន្តបន្ទាប់ គ្រប់ទិសទីពាលពេញផ្ទៃប្រទេស។
បើតាមលោកអភិបាលរាជធានីភ្នំពេញ វត្តអារាម និងព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ។ ជាងនេះទៅទៀត ការអប់រំតាមបែបទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ដែលបានធ្វើឡើងតាមរយៈតួនាទីរបស់ព្រះសង្ឃ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថក្នុងសង្គម ដែលពុទ្ធសាសនាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដឹងខុសដឹងត្រូវ ដឹងល្អដឹងអាក្រក់ ដឹងថាតើអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ។ វត្តអារាម ប្រៀបដូចជាឃ្លាំងដ៏មានតម្លៃ សម្រាប់រក្សាទុកនូវគម្ពីរសាស្ត្រ ក្បូនច្បាប់ ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីរបស់ជនជាតិខ្មែរ ឲ្យគង់វង្សស្ថិតស្ថេររហូតមក។ ដោយមើលឃើញអំពីតួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនា និងព្រះសង្ឃនៅក្នុងសង្គមកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិដទៃទៀត ឲ្យបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងវិស័យនេះ តាមរយៈការបើកទូលាយ និងជំរុញឲ្យមានការចែករំលែក រួមចំណែកជាមួយព្រះសង្ឃ ពុទ្ធបរិស័ទបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីសន្សំនូវសីលទានផង និងដើម្បីចូលរួមជាវិភាគទានផង ក្នុងការកសាងវត្តអារាមឡើងវិញ ក៏ដូចជាសមិទ្ធផលនានាសម្រាប់បម្រើដល់វិស័យសាសនា ស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិគ្រប់វិស័យ។
លោកនុត ពុធដារ៉ា ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលខណ្ឌដង្កោ បានថ្លែងថា វត្តនេះកសាងឡើងនៅក្នុងឆ្នាំ១១០៨ ហើយក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ សំណង់មួយចំនួនត្រូវបានបំផ្លាញចោល រីឯសំណង់ដែលនៅសេសសល់ មានសភាពទ្រុឌទ្រោម បែកបាក់ស្ទើរប្រើប្រាស់មិនកើត ប៉ុន្តែក្រោមគោលនយោបាយរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វត្តនេះត្រូវបានបើកឲ្យប្រើប្រាស់ឡើងវិញ ក្នុងឆ្នាំ១៩៨០។ ក្រោយពីការបើកឲ្យដំណើរការវត្តនេះឡើងវិញ វត្តព្រៃវែង មានព្រះគ្រូចៅអធិការចំនួន៣អង្គ គឺព្រះអង្គកាន ព្រះអង្គឈុំ ឈុន និងព្រះអង្គ គ្រិន ជឿន ជាព្រះគ្រូវចៅអធិការសព្វថ្ងៃ។ វត្តទីឃវនព្រៃវែង ស្ថិតនៅក្នុងភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានផ្ទៃដីទំហំ៤៥.២២៥ម៉ែត្រការ៉េ និងមានព្រះសង្ឃគង់នៅចំនួន២៧អង្គ។ គិតមកដល់ពេលនេះ វត្តព្រៃវែង មានអាយុកាល១.៤០៣ឆ្នាំហើយ។ សមិទ្ធផលនានា ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមាន កុដិទំហំ១០គុណ១៥ម៉ែត្រ កុដិទំហំ១០គុណ១៦ម៉ែត្រ កុដិទំហំ៨គុណ៨ម៉ែត្រ បណ្ណាល័យទំហំ១២គុណ១២ម៉ែត្រ ខ្លោងទ្វារចំនួន៣ របងប្រវែង៤៥០ម៉ែត្រ ជួសជុលឧបដ្ឋានសាលា និងចាក់បំពេញទីធ្លាវត្ត។ ចំណាយថវិកាសរុបចំនួន ៤២០.៣៣០ដុល្លារ ដែលថវិកាទាំងអស់បានមកពីសទ្ធាជ្រះថ្លា របស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេសតាមរយៈការចូលបច្ច័យដោយផ្ទាល់ និងពិធីបុណ្យផ្សេង៕ ដោយ៖កូឡាប