មនុស្សចំនួនជាង ២០០.០០០នាក់បានភៀសខ្លួនចេញពីតំបន់មាត់សមុទ្រ និងភ្នំ ដោយពួកគេមានការព្រួយបារម្ភពីគ្រោះទឹកជំនន់ ការរអិលបាក់ដី និងព្យុះ ខណៈពេលដែលព្យុះទីហ្វុងកាំម៉ូរី (Kammuri) កំពុងតែបោកបក់មកលើប្រទេសភីលីពីន។
ការធ្វើប្រតិបត្តិការនៅព្រលានយន្តហោះទីក្រុងម៉ានីល នឹងធ្វើការពន្យារពេលរយៈពេល ១២ម៉ោង ចាប់ពីម៉ោង ១១ព្រឹកនៅថ្ងៃអង្គារនេះ។
ចំណែកឯកការប្រកួតមួយចំនួននៅស៊ីហ្គេម ដែលចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃសៅរិ៍កន្លងទៅនេះ ក៏នឹងត្រូវធ្វើការលុបចោល ឬកំណត់ពេលវេលាសារឡើងវិញ។
មនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅភាគខាងកើតប្រទេស ដែលព្យុះទីហ្វូងត្រូវគេរំពឹងថានឹងបោកបក់ទៅតំបន់នោះមុនគេ ប៉ុន្តែនៅមានអ្នកមួយចំនួននៅតែមិនភៀសខ្លួនចេញ ទោះបីមានការព្រមានពីការមកដល់របស់ព្យុះ។
អ្នករៀបចំព្រឹត្តិការណ៍ស៊ីហ្គេម បានធ្វើការពន្យារពេលការប្រកួតមួយចំនួនដូចជា ការជិះក្តារលើទឹក ដោយបានលើកឡើងថា ព្រឹត្តិការណ៍ទាំងនោះនឹងត្រូវពន្យារពេលប្រសិនជាចាំបាច់។
ជើងហោះហើរជាច្រើនត្រូវបានលុបចោល ឬបង្វែរ ចំណែកសាលារៀនមួយចំនួនដែលស្ថិតនៅខេត្តប៉ះពាល់ ត្រូវបានបិទ។
សូមបញ្ជាក់ថា ប្រទេសភីលីពីនតែងរងការវាយប្រហារពីព្យុះជាមធ្យមចំនួន ២០ព្យុះក្នុងមួយឆ្នាំៗ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC