រដ្ឋាភិបាលម៉ាឡេស៊ី បានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិចមួយ ដើម្បីឲ្យក្រុមហ៊ុនេះបន្តរុករក យន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួនអស់ជិតរយៈពេល ៤ឆ្នាំ។
នៅក្នុងកិច្ចសន្យា បានបញ្ជាក់ថា ក្រុមហ៊ុនអាមេរិច Ocean Infinity អាចទទួលបានប្រាក់ថ្លៃរុករក ក្នុងតែករណីក្រុមហ៊ុននេះអាចរកឃើញខ្មោចយន្តហោះ MH370 ប៉ុន្តែ តែបើរកមិនឃើញវិញ គឺមានទទួលបានប្រាក់នោះទេ។
ក្រុមហ៊ុននឹងធ្វើបេសកម្មរយៈពេល ៩០ថ្ងៃ ដើម្បីរុករកក្រោមបាតសមុទ្រ គ្រប់ដណ្តប់លើផ្ទៃដី ២៥.០០០គីឡូម៉ែត្រការ៉េ នៅសមុទ្រខាងលិចប្រទេសអូស្ត្រាលី។
កិច្ចសន្យានៃការទទួលបានប្រាក់បញ្ជាក់ថា ប្រសិនជាក្រុមហ៊ុនអាចរកឃើញ តំបន់ដែលមានបំណែកយន្តហោះ MH370 ប្រដាប់ថតសម្លេងកន្លែងអង្គុយបើកយន្តហោះ ឬក៏ប្រដាប់ថតថម្លេងនៃយន្តហោះទាំងមូល នៅលើផ្ទៃដី ៥.០០០គីឡូម៉ែត្រការ៉េ ក្រុមហ៊ុននឹងទទួលបានប្រាក់ ២០លានដុល្លា ហើយទឹកប្រាក់នេះនឹងកើនឡើងដល់ ៧០លានដុល្លា ប្រសិនជាការរុករកឃើញលើសផ្ទៃដី ២៥.០០០គីឡូម៉ែត្រ។
សូមរំលឹកផងដែរថា យន្តហោះ MH370 បានបាត់ខ្លួនកាលពីខែ មិនា ឆ្នាំ ២០១៤ ខណៈពេលកំពុងធ្វើដំណើរដោយមានផ្ទុកមនុស្សចំនួន ២៣៩នាក់ពីទីក្រុងកូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន។
រដ្ឋាភិបាលម៉ាឡេស៊ីបានឲ្យក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនធ្វើការរុករកយន្តហោះនោះ ប៉ុន្តែនៅតែមានអាចរកឃើញយន្តហោះដែលបានបាត់ខ្លួនដ៏អាថ៌កំបាំងនេះ៕ សុភ័ក្ត្រ