ខេត្តស្វាយរៀង៖ចំការអំពៅចំនួន២២ហិកតារបស់ក្រុមហ៊ុនមួយនៅស្រុកស្វាយទាប ត្រូវបានភ្លើងឆាបឆេះស្ទើរអស់ទាំងស្រុងហើយសមត្ថកិច្ចបានដាក់ការសង្ស័យថាមានមនុស្សលួចដុត។
ករណីភ្លើងឆេះចំការអំពៅនេះបានកើតឡើងនៅវេលាម៉ោង៦ និង៤៥នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសុផាតសំណាង ដែលស្ថិតនៅចំណុចភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះមានរយៈពេលជាង២ម៉ោង ចាប់ពីម៉ោង៦ និង៤៥នាទីយប់រហូតដល់វេលាម៉ោង៨និង៥៩នាទីយប់ទើបពន្លត់បានរលត់។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបាឲ្យដឹងថា មូលហេតុមានជនមិនស្គាល់មុខលួចដុត។
បន្ទាប់ពីសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលឃុំគគីរសោម សហការជាមួយនគបាលវរៈការពារព្រំដែនប៉ុស្តិ៍ព្រៃតាអី ចុះស្រាវជ្រាវដើម្បីចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។
ប្រភពពីសមត្ថកិច្ចឲ្យដឹងទៀតថា អំពៅដែលឆេះទាំង២២ហិកតានោះ ត្រូវកាប់ប្រមូលផលនៅថ្ងែទី៥ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដោយក្រុមហ៊ុនបានយករថយន្តធុនធំ មកដាក់នៅក្បែរចំការអំពៅ សម្រាប់ត្រៀមដឹកអំពៅចេញទៅក្រុមហ៊ុមស្ករអំពៅមួយ នៅប្រទេសវៀតណាម៕ ដោយ៖វ៉ៃកូ