Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​មហាជន ឱ្យជួយ​សហការ​ផ្តល់ព័ត៌មាន អំពី​បទល្មើស​គ្រប់​ប្រភេទ ដល់​សមត្ថកិច្ច ជាពិសេស ករណី​ចោរឆក់​

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ២​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ក្រោម​ការចោទប្រកាន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​)​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩ ។​

១/ ឈ្មោះ ចំរើន វាសនា ហៅ​ខ្មៅ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​នៅ​ចំណុច ផ្លូវ​១៤៤ កែង​ផ្លូវ​នរោត្តម សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​
២/ ឈ្មោះ មាស វាសនា ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន នៅ​ចំណុច ឃ្លាំង​លើ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ បានធ្វើ​សកម្មភាព​ឆក់ កាបូប ពី​ប្រជាពលរដ្ឋ​ដែល​កំពុងធ្វើដំណើរ​លើ​ដងផ្លូវ​បានសម្រេច នៅវេលា​ម៉ោង​០៣:០០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ប៉ុន្តែ​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​សកម្មភាព​ឆក់​រួច និង ម្នាក់ទៀត​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​ថ្ងៃ​បន្ទាប់ តាមរយៈ​ការសហការ​គ្នា​របស់​ស​ម​ត្ថ​កិច្ច ប្រឹងប្រែង​ស្រាវជ្រាវ តាមដាន និង​ពួនស្ទាក់ អស់​រយៈពេល​១​យប់​១​ថ្ងៃ​។ ជនសង្ស័យ​ទាំង ០២​នាក់ ខាងលើ បាន​សារភាព​ចំពោះមុខ​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹងថា កន្លងមក​រូបគេ ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន ជាប្រចាំ​ថ្ងៃ រយៈពេល ០១​ឆ្នាំ​មកហើយ​។​

​ទន្ទឹម​ជាមួយគ្នានេះ​ផងដែរ សមត្ថកិច្ច​ជំនាញ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹងថា រាល់​ការស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បានសម្រេច​និង​ទាន់ពេលវេលា គឺ​អាស្រ័យ​លើ​ព័ត៌មាន​ជាសំខាន់ ដូច្នេះ​សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​មហា​ជន មេត្តាជួយ​ផ្តល់ព័ត៌មាន​និង​ដាក់ពាក្យ​បណ្តឹង​គ្រប់ពេលវេលា ដែលមាន​បទល្មើស​កើតឡើង ដើម្បី​ជា​ទុន​ដល់​សមត្ថកិច្ច ក្នុងការ​ស្រាវជ្រាវ និង​បង្ក្រាប ព្រោះ​សមត្ថកិច្ច​មិនអាច​ដឹង​ហេតុការណ៍​គ្រប់​រឿង​គ្រប់ពេល​បានទេ បើ​គ្មាន​ការសហការ​ពី​មហាជន​ក៏ដូចជា​ជនរងគ្រោះ​នោះ​៕​ដោយ​៖​កូ​ឡាប​