ភ្នំពេញ៖លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះគឺពិតជាផ្តល់ការលើកទឹកចិត្តក្នុងការរួមចំណែកដល់កិច្ចអភិវឌ្ឍសង្គមកម្ពុជា ។
លោកបន្តថា គ្មានការអភិវឌ្ឍទាំងឡាយណាដែលកើតមានឡើងក្នុងស្ថានភាពនៃប្រទេសជាតិដែលមានស្ថេរភាពនយោបាយ និងសន្តិភាពនោះទេ ។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នងមហាសន្និបាតបូកសរុបការងារលើកទី៨ របស់សមាគម និងសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា
នេះជាភស្តតាំងជាក់ស្តែងដែលយើងបានបង្ហាញជូនសាធារណជន អំពីសមត្ថភាព និងការងើបឈរឡើងនូវវិស័យសេដ្ឋកិច្ច ធនធានមនុស្ស តាំងពីឆ្នាំ១៩៧៩ មករហូតដល់បច្ចុប្បន្ននេះ ។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំតាំងពិព័រណ៍សំណង់កម្ពុជា -អន្តរជាតិនេះ គឺមានសារសំខាន់ដែលបង្ហាញឱ្យឃើញពីបច្ចេកវិទ្យា និងភាពជឿនលឿន តម្លៃទីផ្សារ ដែលធ្វើឱ្យយើងអាចបញ្ជាទិ យើងអាចធ្វើកិច្ចការសាងសង់ឱ្យមានលក្ខណៈជឿនលឿន បើកមិនដូច្នេះទេ បើសិនជាការសាងសង់គ្មានបទដ្ឋានបច្ចេកទេស គ្មានសម្ភារៈគ្រប់គ្រានទេនោះ គឺបង្កឱ្យមានលក្ខណៈពិបាកក្នុងការងារសាងសង់ ។ បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា បានងើបឈរឡើង ធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍឆាប់រហ័ស ហើយក្នុងឆ្នាំ២០៣០ នឹងប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយឆ្នាំ២០៥០ នឹងប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ ។ នេះគឺជាមហិច្ឆតានៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ។ តាមរយៈកម្មវិធីនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអំពាវនាវ ឱ្យទាំងអស់គ្នាត្រូវខិតខំរួមចំណែកក្នុងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីស្ថេរភាព និងការរីកចម្រើនរបស់កម្ពុជា សំដៅឱ្យក្លាយទៅជាប្រទេសដែលមានមោទនាភាព សេ្ថរភាព និងជាប្រទេសដែលអាចទទួលយកនូវបរិយាកាសវិនិយោគទុន គ្រប់ទិសទីនៅលើងពិភពលោក ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ អ្នកឧញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បាន ឱ្យដឹកថា សមាគមអ្នកសាងសង់កម្ពុជា តែងតែរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យសមាគម និងធុរកិច្ចជនផ្សេងៗទៀត ដែលមានមុខរបរជំនួញលើវិស័យសំណង់នៅកម្ពុជា និងអ្នកដែលនៅក្រៅប្រទេសមានឱកាសបានមកធ្វើការទំនាក់ទំនង់ពិភាក្សាអំពីកិច្ចការជំនួញពាណិជ្ជកម្មជាមួយគ្នាដោយផ្ទាល់ និងជិតស្និទ្ធ ដើម្បីឱ្យដឹងច្បាស់ពីតម្រូវការនិងការផ្គត់ផ្គង់សម្ភារៈ ឧបករណ៍ និងគ្រឿងចក្រសំណង់លើទីផ្សារកម្ពុជា ។
ជាមួយនេះ លោកឧញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា បានចាត់ទុកការរៀបចំកម្មវិធីនេះឡើងដោយសមាគមអ្នកសាងសង់កម្ពុជា ថាមានសារៈសំខាន់ ពីព្រោះព្រឹត្តិការណ៍នេះអាចបញ្ជាក់អំពីការអភិវឌ្ឍ និងការរីកចម្រើនវិស័យសំណង់នៅកម្ពុជា មិនត្រឹមតែប៉ុណ្ណោះក៏បង្ហាញឱ្យឃើញថាទីផ្សារពាណិជ្ជកម្មសំណង់នៅកម្ពុជា មានភាពទូលំទូលាយដោយឃើញមានសម្ភារៈ បរិក្ខា ឧបករណ៍ គ្រឿងចក្រសំណង់ និងបច្ចេកវិទ្យានៃកម្មសិទ្ធអចលនទ្រព្យដល់ជនបរទេសក៏អាចធ្វើកម្មសិទ្ធករ លើសំណង់អគារចាប់ពីជាន់ទី១ ឡើងទៅបានទៀតផង ៕ ដោយ៖កូឡាប