កម្មកររោងចក្រចំនួន ៤៣នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអគ្គិភ័យដ៏ធំមួយបានលេបត្របាក់រោងចក្រផលិតកាបូប នៅរដ្ឋធានីដេលី ប្រទេសឥណ្ឌា។
អគ្គិភ័យចាប់ផ្តើមឆាបឆេះនៅជាន់ទី ៤នៃអគារនៅព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ។ រោងចក្រនេះផលិតកាបូប ដែលភាគច្រើនជាកាតាប។
មនុស្សយ៉ាងហោចណាស់ចំនួន ១០០នាក់បានគេងនៅក្នុងរោងចក្រនៅពេលដែលភ្លើងចាប់ផ្តើមឆាបឆេះ។ មនុស្សជាង ៦០នាក់ត្រូវបានគេជួយសង្រ្គោះ។
នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានហៅការឆេះរោងចក្រនោះគឺជារឿងដ៏រន្ធត់ និងបានផ្ញើសាររំលែកទុកដល់ជនរងគ្រោះ។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានរាយការណ៍ថា ម្ចាស់រោងចក្រនោះមានឈ្មោះ Rehan ត្រូវបានចាប់ខ្លួន។
អ្នកពន្លត់អគ្គិភ័យម្នាក់ឈ្មោះ Rajesh Shukla ត្រូវបានគេសារទរ និងចាត់ទុកជាវីរៈបុរស ក្រោយពេលបានសង្រ្គោះមនុស្សចំនួន ១១នាក់ ដោយខ្លួនគាត់រងគ្រោះថ្នាក់ពីការសង្រ្គោះនោះ។
គេនៅពុំទាន់បានដឹងច្បាស់នៅឡើយទេ ពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ ខណៈដែលការស៊ើបអង្កេតកំពុងតែធ្វើឡើង។
ការស៊ើបអង្កេតបឋម និងសាក្សីបានឲ្យដឹងថា អគ្គិភ័យនោះប្រហែលកើតឡើងដោយសារតែការទុស្សេខ្សែភ្លើង។
សូមបញ្ជាក់ថា ទីក្រុងរបស់ឥណ្ឌាជាញឹកញាប់តែងមានអគ្គិភ័យកើតឡើង ដោយសារតែមិនមានប្រព័ន្ធសុវត្ថិភាពតាមស្តង់ដារ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC