ខេត្តស្វាយរៀងៈ បុរសពិការស្រវឹងស្រាម្នាក់ បានរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះដើរឆ្លងថ្នល់ មិនប្រយ័ត្នក៏ត្រូវម៉ូតូដែលធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូងបុកពេញទំហឹងតែម្តង។ ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង១៥នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ ត្រង់ចំណុច លើផ្លូវជាតិលេខ ១៣ ស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថាៈ អ្នកបើកបរម៉ូតូឈ្មោះ អី សាភ័ណ្ឌ ភេទប្រុសអាយុ ២៥ ឆ្នាំរស់នៅភូមិតាជោ ឃុំសង្កែ ស្រុរំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរី ឆ្នាំ ២០១៣ ពាក់ផ្លាកលេខ ស្វាយរៀង 1D 4339 រងរបួសស្រាល ម៉ូតូខូចខាតស្រាល។ ចំណែក អ្នកថ្មើរជើងឈ្មោះ គង់់ តារា ភេទប្រុស អាយុ 55 ឆ្នាំ រស់នៅភូមិម្រាក ឃុំស្វាយចេក ស្រុករំដួលខេត្ត ស្វាយរៀង (ពិការជើងខាងស្ដាំ)រងរបួសធ្ងន់។
ប្រភពដដែលបានបន្តថាៈ មូលហេតុ អ្នកដើរស្រវឹងស្រាដើរឆ្លងថ្នល់មិនប្រយ័ត្ន។ បច្ចុប្បន្នអ្នករងរបួសបញ្ជូនមកមន្ទីរពេទ្យ បង្អែកសាមគ្គីរំដួល។ ចំណែក មធ្យោបាយត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កែ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕ដោយ៖ វ៉ៃកូ