(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចេញសេចក្តីជូនដំណឹង ដោយព្រមានចាត់វិធានការយ៉ាងតឹងរ៉ឹងបន្ថែមទៀត ចំពោះជនទាំងឡាយណាដែលប្រព្រឹត្ត ឬពាក់ព័ន្ធនឹងបទល្មើសទិញ លក់ កាន់រក្សា ប្រើប្រាស់យានយន្ត ពុំទាន់អនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
បើតាមសេចក្តីជូនដំណឹង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ការទិញ លក់ កាន់រក្សា និងការប្រើប្រាស់យានយន្តគ្រប់ប្រភេទ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងដល់
សាធារណជនមេត្តាជ្រាបថា កន្លងមកទោះបីជាមានការផ្សព្វផ្សាយ អប់រំណែនាំ និងមានវិធានការបង្ក្រាបបទល្មើសពីអាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សង្កេតឃើញថា សកម្មភាពទិញលក់ កាន់រក្សា ប្រើប្រាស់យានយន្ត ពុំទាន់អនុលោមទៅតាមច្បាប់និងបទប្បញ្ញត្តិជាធរមាននៅឡើយ មានជាអាទិ៍ គ្មានបង្កាន់ដៃពន្ធយានយន្ត បង្កាន់ដៃពន្ធយានយន្តនិងលតាប័ត្រក្លែងក្លាយ ប័ណ្ណសម្គាល់យានយន្តក្លែងក្លាយពាក់ផ្លាកលេខក្លែងក្លាយ ការយកផ្លាកលេខត្រឹមត្រូវទៅបំពាក់លើយានយន្តខុសច្បាប់ ឬខុសអត្តសញ្ញាណ ការដាប់លេខតួ ឬលេខម៉ាស៊ីន និងការកែច្នៃយានយន្តខុសបទដ្ឋានបច្ចេកទេស ឬ ដំឡើងរថយន្តដោយគ្មានច្បាប់អនុញ្ញាត ។
រាល់សកម្មភាពដូចបានរៀបរាប់ខាងលើ គឺជាការរំលោភបំពានលើច្បាប់និងបទប្បញ្ញត្តិជាធរមាន
ជាពិសេស ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីគយ និងច្បាប់ផ្សេងទៀតនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវរងនូវទោសទណ្ឌដូចខាងក្រោម៖
ក/-ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១០មាត្រា ៥៣៣ “បទលុបបំបាត់វត្ថុតាង” និងមាត្រា ៥៤០ “បទប្រើប្រាស់អត្តសញ្ញាណរបស់អ្នកដទៃ”ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ទៅ ៣(បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន) រៀលទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។
មាត្រា ៦២៩ “បទក្លែងបន្លំឯកសារសាធារណៈ” ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ១០(ដប់) ឆ្នាំ ។មាត្រា ៦៣០ “ បទប្រើប្រាស់ឯកសារសាធារណៈក្លែង” ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០(បួនលាន) រៀល ទៅ ១០.០០០.០០០(ដប់លាន) រៀល ។ខ/-ច្បាប់ស្តីពីគយ
| មាត្រា ៧៤ “ជនណាដែលរំលោភលើបញ្ញត្តិ និងបទប្បញ្ញត្តិនៃច្បាប់ស្តីពីគយ ដែលមានផលប៉ះពាល់ដល់ពន្ធ ឬអាករ និងក្នុងករណីទំនិញពុំជាប់អាយ័ត ឬកម្រិតកំណត់ ត្រូវផ្តន្ទាទោសរដ្ឋបាល ដោយពិន័យជាប្រាក់ស្មើនឹងមួយ (១) ដង ទៅ បី (៣) ដង នៃប្រាក់ពន្ធ និងអាករដែលបានគេចវេះ និងត្រូវរងទោសទណ្ឌតាមផ្លូវតុលាការដោយ ត្រូវរឹបអូសទំនិញ មធ្យោបាយដឹកជញ្ជូន និងវត្ថុផ្សេងទៀតដែលប្រើប្រាស់លាក់បំបាំងទំនិញល្មើស ឬត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ (១)ខែ ទៅមួយ (១)ឆ្នាំ ឬទោសណាមួយនៃទោសទាំងពីរ” ។
មាត្រា ៧៥ “ទំនិញជាប់កម្រិតកំណត់ ឬជាប់អាវ៉េត ត្រូវផ្តន្ទាទោសរដ្ឋបាល ដោយពិន័យជាប្រាក់រហូតដល់ បី (៣) ដង នៃតម្លៃទំនិញ និងមធ្យោបាយដឹកជញ្ជូន និងត្រូវរងទោសទណ្ឌតាមផ្លូវតុលាការ ដោយរឹបអូសទំនិញ មធ្យោបាយដឹកជញ្ជូននិងវត្ថុផ្សេងទៀត ដែលប្រើប្រាស់សម្រាប់លាក់បំបាំងទំនិញល្មើស ឬត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ (១) ឆ្នាំ ដល់ (៥) ឆ្នាំ ឬទោសណាមួយ នៃទោសទាំងពីរ” ។
ក្នុងន័យខាងលើនេះ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងការអនុវត្តច្បាប់ លើកកម្ពស់វប្បធម៌សារពើពន្ធ
រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការក្រើនរំលឹកដល់
សារធារណជនដូចខាងក្រោម៖
១. ត្រូវ ទិញ លក់ កាន់រក្សា ប្រើប្រាស់យានយន្តដែលមានឯកសារត្រឹមត្រូវស្របច្បាប់ ។
២. រាល់ការទិញយានយន្តគ្រប់ប្រភេទ ត្រូវទិញតាមរយៈក្រុមហ៊ុន ឬអាជីវកម្មដ្ឋានមានច្បាប់អនុញ្ញាត
ឬពីបុគ្គលដែលមានអាសយដ្ឋាន និងអត្តសញ្ញាណច្បាស់លាស់ ។
៣. មិនត្រូវកែច្នៃយានយន្តដោយពុំមានច្បាប់អនុញ្ញាត ឬ ដំឡើងកែច្នៃខុសបទដ្ឋានបច្ចេកទេស ។
៤. ក្នុងករណីសាធារណជនពិនិត្យឃើញមានសកម្មភាពល្មើសណាមួយដូចបានរៀបរាប់ខាងលើត្រូវសហការរាយការណ៍មកអង្គភាពគយនិងរដ្ឋាករមានសមត្ថកិច្ច ដែលនៅជិតបំផុត ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបន្ថែមទៀត ចំពោះជនទាំងឡាយណាដែលប្រព្រឹត្ត ឬពាក់ព័ន្ធនឹងបទល្មើសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ៕ដោយ៖កូឡាប