Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា តាមរយៈ​ការបន្ត​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​និង​ការអភិវឌ្ឍ​ធនធានមនុស្ស សំដៅ​រួមចំណែក​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ លោក Patrick Murphy​បាន​ថ្លែងថា ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា តាមរយៈ​ការបន្ត​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​កម្មវិធី​សុខភាព​សាធារណៈ និង​ការអប់រំ​, កម្មវិធី​កសិកម្ម និង បរិស្ថាន​, កម្មវិធី​ដោះមីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទះ​, ការផ្តល់​ជំនួយ​បច្ចេកទេស និង​ការអភិវឌ្ឍ​ធនធានមនុស្ស សំដៅ​រួមចំណែក​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃសហរដ្ឋ​អាមេរិក​​ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា នាឱកាស​ដែល​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ទើប​ចូលកាន់​ដំណែង​, នា​ព្រឹក​ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​
​ចំពោះ​ឯកឧត្តម Patrick Murphy នាឱកាស​ដែល​លោក​ត្រូវបាន​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក តែងតាំង​ជា​ឯកអគ្គ​​រដ្ឋទូត​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ចំណង​​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កម្ពុជា និង សហរដ្ឋអាមេរិក បាន​នាំមក​នូវ​លទ្ធផល​ប្រកបដោយ​​ផ្លែផ្កា ។ ជាក់ស្តែង​, ចាប់តាំងពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០១៩ នេះ​, សហរដ្ឋអាមេរិក បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​​ប្រមាណ ១ ៥០០ លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា ដោយ​ផ្តោតលើ​វិស័យ​អប់រំ​​សុខាភិបាល កសិកម្ម និង បរិស្ថាន ។ ជាមួយគ្នានេះ​, ក្រុមហ៊ុន​អាមេរិក​ជាច្រើន​បានមក ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​បាន​បន្ត​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ការ​​វិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ បានរួម​ចំណែក​បង្កើត​ការងារ និង​ផ្តល់​ប្រាក់ចំណូល​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា ។​

​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក Patrick Murphy បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​
​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​សម្រេច​​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ប្រកបដោយ​ចីរភាព​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្ស​កន្លងមកនេះ ។ រដ្ឋាភិបាល​សហរដ្ឋ​​អាមេរិក​នឹង​បន្ត​ជួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា តាមរយៈ​ការបន្ត​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​កម្មវិធី​​សុខភាព​សាធារណៈ និង​ការអប់រំ​, កម្មវិធី​កសិកម្ម និង បរិស្ថាន​, កម្មវិធី​ដោះមីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទះ​, ការផ្តល់​​ជំនួយ​បច្ចេកទេស និង​ការអភិវឌ្ឍ​ធនធានមនុស្ស សំដៅ​រួមចំណែក​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ ជាមួយ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក នឹង​បន្ត​ជួយ​ផងដែរ​ដល់​វិស័យ​ឯកជន​នៅ​កម្ពុជា តាមរយៈ​កម្មវិធី​លើកកម្ពស់​អភិបាលកិច្ច​​និង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ។​

​ជាមួយគ្នានេះ​, លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​សហរដ្ឋ​
​អាម​រិ​ក ដែល​បាន​ជួយ​គាំទ្រ​ដល់​ការធ្វើកំណែទម្រង់​នៅ​កម្ពុជា ជាពិសេស កំណែទម្រង់​ខាង​ពន្ធដារ និង​ថវិកា ក្នុង​​ក្របខ័ណ្ឌ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ បាន​ជម្រាបជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​​នឹង​បន្តធ្វើ​កំណែទម្រង់​លើកកម្ពស់​អភិបាលកិច្ច​, កែលម្អ​បរិយាកាស​វិនិយោគ ,​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ , អភិវឌ្ឍ​ធនធានមនុស្ស​, បង្កើនល្បឿន​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដើម្បី​បន្ត​រក្សា​​កំណើនសេដ្ឋកិច្ច​ខ្ពស់​នៅក្នុង​រយៈពេល​វែង សំដៅ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​​នៅ​ឆ្នាំ ២០៣០ និង ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក ដែល​បាន​និង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​រាជរដ្ឋា​ភិបាល​​និង​ប្រជាជន​កម្ពុជា ហើយ​ជូនពរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក Patrick Murphy បំពេញបេសកកម្ម​ការ​ទូត​នៅ​កម្ពុជា ប្រកបដោយ​ជោគជ័យ ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×