Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់បញ្ចូល​តំបន់ដីសើម បឹង​ស្នេហ៍ ជា​តំបន់ការពារធម្មជាតិ​

spot_img

​ព្រៃវែង​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ លោក ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន អ​ញ្ចើ​ញ​ជា​អធិបតី​បើក​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​ស្តីពី “​ការដាក់បញ្ចូល​តំបន់​ដី សើម​បឹង​ស្នេហ៍​ជា​តំបន់ការពារធម្មជាតិ​” នៅក្នុង​ខេត្តព្រៃវែង​។ វេទិកា​នេះ មានការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី​លោកស្រី លៀង ស្រី​ម៉ុ​ល អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តព្រៃវែង ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តំណាង​រដ្ឋបាលខេត្ត រដ្ឋបាល​ស្រុក អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​សហគមន៍​ជាច្រើន​នាក់​។

​លោកស្រី លៀង ស្រី​ម៉ុ​ល បានឱ្យដឹងថា ប្រព័ន្ធ​អេកូឡូស៊ី​តំបន់​បឹង​ស្នេហ៍​បាន​ដើរតួរ​នាទី យ៉ាងសំខាន់ និង​ជា​ប្រភពទឹក​សម្រាប់​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ប្រមាណ​ជាង ១៤​ឃុំ​ដែល​ប្រើប្រាស់​ពី​បឹង​នេះ សម្រាប់​ស្រោច​ស្រ​ព្វ​ដំណាំ​ស្រូវប្រាំង​ជាង​រាប់ម៉ឺន​ហិកតា ដែល​អាច​បង្កបង្កើនផល​២ ទៅ​៣​ដង​ក្នុង​មួយឆ្នាំ​។ លោកស្រី​បាន​បញ្ចាក់​ដែរ​ថា កន្លងមក មាន​កំណើនប្រជាជន​ដែល​រស់នៅ​ជុំវិញ​បឹង​ស្នេហ៍ កំណើន​តម្រូវការ​អុស​ដុត និង​រុករាន​ដីព្រៃ​លិច​ទឹក ដើម្បី​ធ្វើ​កសិកម្ម​។​

ក្នុងឱកាស​នោះ លោក ស្រ៊ុន ដា​រិ​ទ្ធិ បាន​លើកឡើងថា ប្រភេទ​សត្វ​ស្លាប​មួយ ចំនួន​ជា ប្រភេទ​ជិត​ផុត​ពូជ និង​កំពុង​រង​ការគំរាមកំហែង​នៅលើ​ពិភពលោក ដូចជា​ប្រភេទ​ស្មោញ ទុង​ប្រផេះ រនាល​ណ៍ ត្រ​យ៉ង​ខ្លួន​ស ត្រដក់​តូច និង​ជាពិសេស​ប្រភេទ ចង្កៀលខ្យង ដែល​កំពុង​បន្ត​ពូជ​ពង​កូន​រាប់ពាន់​ក្បាល នៅ​ចំណុច​ទួល​ពាន់តា​ឡី នៃ​តំបន់ដីសើម​បឹង​ស្នេហ៍​នេះ​។ ក្រសួងបរិស្ថាន​មាន​គោលបំណង​អភិរក្ស​ប្រភេទ​ជីវៈចម្រុះ សត្វ​ស្លាប​ទាំ​អងស់​នេះ ដើម្បី​ប្រយោជន៍​គោលដៅ​ទេសចរ​ណ័​ធម្មជាតិ​ដ៏​សំខាន់​មួយ សម្រាប់​សហគមន៍ ។​

លោក​បន្តទៀតថា​៖​ដោយ​ឈរលើ​តម្លៃ​សេដ្ឋកិច្ច និង​តម្លៃ​ជីវៈចម្រុះ រដ្ឋបាលខេត្ត​បានស្នើ​ការសហការ​ពី​ក្រសួងបរិស្ថាន ក្នុងការ​ដាក់បញ្ចូល​តំបន់ដីសើម​បឹង​ស្នេហ៍​នេះ ទៅជា​តំបន់ការពារធម្មជាតិ ដើម្បី​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន ក៏ដូចជា​ការប្រើប្រាស់​ដោ​យ​ឈ្លាសវៃ និង​និរន្ត​ភាព​នូវ​ធនធាន​តំបន់ដីសើម​នេះ​។

តាមរយៈ​ការងារ​នេះ សក្តានុពល​តំបន់​បឹង​ស្នេហ៍ នឹង​ទទួលបាន​ការចូលរួម​ការពារ​ធនធានធម្មជាតិ និង​ការអភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​។ ក្រសួងបរិស្ថាន បានការ​គាំទ្រ​ជា​ឯកច្ឆន្ទ ចំពោះ​ការដាក់បញ្ចូល​តំបន់ដីសើម​បឹង​ស្នេហ៍​នេះ ទៅជា​តំបន់ការពារធម្មជាតិ ដើម្បី​ធានា​ដល់​កិច្ចការពារ ការថែរក្សា ធនធានធម្មជាតិ​តំបន់ដីសើម​បឹង​ស្នេហ៍​នេះ ឱ្យនៅ​គង់វង្ស សម្រាប់​ផលប្រយោជន៍ និង​កា​អភិវឌ្ឍ​របស់​សហគម​ន៍​មូលដ្ឋាន ក៏ដូចជា​សម្រាប់​មនុស្ស​លោក​ទាំង​បច្ចុប្បន្ន និង​អនាគត​។​

​គួរ​បញ្ជាក់ថា កិច្ចពិភាក្សា​នៅថ្ងៃនេះ​រៀបចំឡើង​ក្នុង​គោលបំណង​គឺ​ដើម្បី​១)​ចែករំលែក​ព័ត៌មាន​អំពី​សក្តានុពល​តំបន់ដីសើម​បឹង​ស្នេហ៍ ដែលមាន​ទីតាំងនៅ​ខេត្តព្រៃវែង និង ២) ពិភាក្សា និង​ទទួល​អនុសាសន៍ បន្ថែម​ពី​អ្នកពាក់ព័ន្ធ លើ​ដំណើរការ​ដាក់បញ្ចូល​តំបន់ដីសើម​បឹង​ស្នេហ៍​នេះ ទៅជា​តំបន់ការពារធម្មជាតិ​។​បន្ទាប់មក​អ្នកចូលរួម និង​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​សក្តានុពល​នៃ​តំបន់ដីសើម និង​ការរស់នៅ​របស់​ហ្វូង​សត្វ​ស្លាប​នៅ​ទីកន្លែង​ផ្ទាល់​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×