កងកម្លាំងរបស់អាមេរិច បានសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ងឈ្មោះ Qasem Soleimani នៅក្នុងប្រទេសអ៊ីរ៉ាក់។
មន្ទីរបញ្ចាកោណអាមេរិច បានបញ្ជាក់ថា មេបញ្ជាការនៃកងកម្លាំងបដិវត្តន៍អ៊ីរ៉ង ត្រូវបានសម្លាប់ តាមការណែនាំរបស់ប្រធានាធិបតី។

សេចក្តីរាយការណ៍នៃការស្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង កើតឡើងក្រោយពេលមានការវាយប្រហារ របស់អាមេរិច ទៅលើព្រលានយន្តហោះអន្តរជាតិ ស្ថិតក្នុងរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ង ដែលការវាយប្រហារនោះ បណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់។
កងកម្លាំងបដិវត្តន៍អ៊ីរ៉ងក៏បានបញ្ជាក់ផងដែរថា ឧត្តមសេនីយ៍ Soleimani ក៏បានស្លាប់ដែរ ដោយសារការវាយប្រហាររបស់យន្តហោះអាមេរិច។
ពួកគេក៏បាននិយាយដែរថា មេដឹកនាំកងកម្លាំងឈ្លបអ៊ីរ៉ាក់ឈ្មោះ Abu Mahdi al-Muhandis ក៏បានស្លាប់ដែរ។
មន្ទីរបញ្ចាកោណថ្លែងក្នុងសេចក្តីប្រកាសថា “ដោយមានការណែនាំរបស់ប្រធានាធិបតី យោធាអាមេរិចបានចាត់វិធានការ ដើម្បីការពារបុគ្គលិកអាមេរិចនៅបរទេស ដោយធ្វើការសម្លាប់ Qasem Soleimani”។
សេចក្តីប្រកាសបន្តទៀតថា “ការវាយប្រហារនោះគឺមានគោលបំណងរារាំង គម្រោងវាយប្រហាររបស់អ៊ីរ៉ងនៅថ្ងៃខាងមុខ។ អាមេរិចនឹងបន្តចាត់វិធានការទាំងអស់ ដែលចាំបាច់ដើម្បីការពារប្រជាជន និងផលប្រយោជន៍របស់ពួកយើង នៅជុំវិញពិភពលោក”។
សេចក្តីរាយការណ៍បានឲ្យដឹងថា មេដឹកនាំនៃកងកម្លាំងឈ្លបរបស់អ៊ីរ៉ាក់ជាច្រើន ត្រូវបានឃុំខ្លួនដោយកងកម្លាំងអាមេរិច ក្នុងទីក្រុងបាដាដ។
ការវាយប្រហាររបស់អាមេរិច កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលមានការតវ៉ានៅជុំវិញស្ថានទូអាមេរិច ក្នុងរដ្ឋធានីបាដាដ ដែលការតវ៉ានោះក៏មានការប៉ះទង្គិចគ្នា ជាមួយនឹងកងកម្លាំងអាមេរិចដែរ។
រដ្ឋមន្រ្តីការពារជាតិអាមេរិច លោក Mark Esper បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាមេរិចនឹងមិនអាចទទួលយកបានឡើយ រាល់ការវាយប្រហារលើបុគ្គលិករបស់ខ្លួនក្នុងតំបន់ និងបានចោទប្រកាន់ថា អំពោះហឹង្សានៅស្ថានទូអាមេរិច បង្កឡើងដោយអ៊ីរ៉ង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

