ប្រជាពលរដ្ឋអាមេរិចដែលធ្វើការឲ្យក្រុមហ៊ុនប្រេងបរទេសនៅក្នុងទីក្រុង Basra ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់បានកំពុងធ្វើដំណើរចាកចេញពីប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃសុក្រមក។ នេះបើតាមការបញ្ជាក់របស់ក្រសួងប្រេង។
ការចាកចេញរបស់កម្មករប្រេងអាមេរិចកើតឡើង ក្រោយពេលអាមេរិចបានធ្វើការវាយប្រហារតាមដែនអាកាសដើម្បីផ្តាច់ជីវិតមេដឹកនាំយោធាកំពូលរបស់អ៊ីរ៉ង នៅក្នុងប្រទេសអ៊ីរ៉ាក់។
ស្ថានទូតអាមេរិចនៅក្នុងរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់បានជំរុញឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ីរ៉ាក់ជាបន្ទាន់ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលមានការសម្លាប់ប្រមុខដឹកនាំរបស់កងកម្លាំងជីវពលអ៊ីរ៉ងឈ្មោះ Qasem Soleimani។
មន្ត្រីអ៊ីរ៉ាក់បាននិយាយថា ការចាកចេញរបស់កម្មករអាមេរិចនឹងមិនប៉ះពាល់ដល់ប្រតិបត្តិការ ការផលិត ឬការនាំចេញប្រេងពីប្រទេសឡើយ។ អ៊ីរ៉ាក់គឺជាប្រទេសផលិតប្រេងធំបំផុតទី ២ក្នុងលោកនៃអង្គការប្រទេសនាំប្រេងចេញ (OPEC) ដែលមានសមត្ថភាពផលិតប្រេងបានប្រហែល ៤,៦២លានធុងក្នុងមួយថ្ងៃ។ នេះបើតាមទិន្នន័យរបស់ទីភ្នាក់ងារសារព័ត៌មាន Rueters៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia