សហរដ្ឋអាមេរិចបានបដិសេធផ្តល់ទិដ្ឋការឲ្យរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង លោក Mohammad Javad Zarif ដើម្បីឲ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីអាមេរិច។

ការប្រកាសមិនផ្តល់ទិដ្ឋការដល់អ្នកការទូតអ៊ីរ៉ង ក្រោយពេលប្រទេសទាំងពីរកំពុងតែគំរាម ដាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំង បន្ទាប់ពីអាមេរិចបានសម្លាប់មេបញ្ជាការម្នាក់របស់អ៊ីរ៉ងឈ្មោះ Qassem Soleimani កាលពីថ្ងៃសុក្រកន្លងទៅនេះ។
ទោះយ៉ាងណា បើយោងតាមកិច្ចព្រមព្រៀងរបស់ទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិឆ្នាំ ១៩៤៧ សហរដ្ឋអាមេរិចត្រូវតម្រូវឲ្យមន្រ្តីការទូតអន្តរជាតិទាំងអស់ ចូលមកអង្គការសហប្រជាជាតិ។
ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានថ្លែងថា ការបដិសេធទិដ្ឋការនោះគឺក្រោមហេតុផលការពារសន្តិសុខ ភេរវកម្ម។
សូមបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ងបានធ្វើដំណើរមកកាន់ទីក្រុងញូវញ៉ក កាលពីខែសីហា ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៅអង្គការសហប្រជាជាតិ ក្រោយពេលអាមេរិចបានដាក់ទណ្ឌកម្មលើរូបលោក ដោយសារតែការអនុវត្តផែនការរបស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង។
ទណ្ឌកម្មនោះបានធ្វើការបង្កកទ្រព្យសម្បតិ្ត ឬផលប្រយោជន៍របស់លោក Mohammad Javad Zarif ទាំងអស់នៅក្នុងអាមេរិច ប៉ុន្តែលោកនិយាយវិញថា លោកមិនមានទ្រព្យអ្វីឡើយនៅអាមេរិច។
ស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងតែក្តៅខ្លាំង ក្រោយពេលអាមេរិចបានប្រើដ្រូនសម្លាប់មេបញ្ជាការកំពូលរបស់អ៊ីរ៉ង។ អ៊ីរ៉ងបានព្រមានសងសឹកអាមេរិចវិញ ប៉ុន្តែអាមេរិចក៏បានព្រមានវាយប្រហារទីតាំងសំខាន់ៗ ៥២កន្លែងរបស់អ៊ីរ៉ងវិញ បើអ៊ីរ៉ងហ៊ានធ្វើការសងសឹក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

