Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នៅតែ​អាច​រក្សា​នូវ​កំណើន​នាំចេញ បាន​ក្នុង​រង្វង់​១០% ទោះបី​ទីផ្សារ​នាំចេញ​មាន​ភាពរអាក់រអួល ដែល​បណ្តាលមកពី​សង្គ្រាម​ពាណិជ្ជកម្ម​

(​ភ្នំពេញ​)៖ សេដ្ឋកិច្ចជាតិ​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​កម្ពុជា​នៅតែ​អាច​រក្សា​នូវ​កំណើន​នាំចេញ​បាន​ក្នុង​រង្វង់​១០% ទោះបី​ទីផ្សារ​នាំចេញ​មាន​ភាពរអាក់រអួល​ដែល​បណ្តាលមកពី​សង្គ្រាម​ពាណិជ្ជកម្ម និង​គោលនយោបាយ​គាំពារ​និយម​ដែល​ដាក់ចេញ​ដោយ​ប្រទេស​មហាអំណាច​មួយចំនួន​ក៏ដោយ ក៏​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៩​នេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន សម្រេចបាន ជាង​៦៣០០​លាន​ដុល្លារ​។​

​លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម តំណាង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​ក្នុងការ​ប្រកួតប្រជែង​តែង​អត្ថបទ​ស្តីពី « រឿងព្រេង​ប្រទេស​ចិន​របស់ខ្ញុំ​» ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២០ រៀបចំ​ដោយ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​ពិធី​នេះដែរ​ក៏មាន​ការចូលរួម​ពី លោក Wu Guoquan ទីប្រឹក្សា​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច អម​ស្ថានទូត​ចិន ផងដែរ ។​

​ក្នុងឱកាស​នោះដែរ លោក​ក៏បាន​លើកឡើងថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព សេដ្ឋកិច្ចជាតិ​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​កម្ពុជា​នៅតែ​អាច​រក្សា​នូវ​កំណើន​នាំចេញ​បាន​ក្នុង​រង្វង់​១០% ទោះបី​ទីផ្សារ​នាំចេញ​មាន​ភាពរអាក់រអួល​ដែល​បណ្តាលមកពី​សង្គ្រាម​ពាណិជ្ជកម្ម និង​គោលនយោបាយ​គាំពារ​និយម​ដែល​ដាក់ចេញ​ដោយ​ប្រទេស​មហាអំណាច​មួយចំនួន​ក៏ដោយ​។ វិស័យ​ពាណិជ្ជកម្ម នៅតែ​ជា​កម្លាំងចលករ និង​ជា​កត្តា​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន ក្នុងចំណោម​កត្តា​ផ្សេងទៀត ក្នុង​ការជួយ​ឲ្យ​កម្ពុជា​យើង​អាច​រក្សាបាន​នូវ​ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​រង្វង់​គិត​ជា​មធ្យម​ប្រមាណ ៧%​ក្នុង​មួយឆ្នាំ ។ ការបន្ត​ធ្វើកំណែទម្រង់​ស៊ីជម្រៅ ការដាក់ចេញ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​ច្បាស់លាស់ ការរក្សាបាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការបន្ត​ធ្វើ​សេរីភាវូបនីយកម្ម និង​សមាហរណកម្ម​ក្នុង​តំបន់ និង​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី គឺជា​កិច្ចការ​ចាំបាច់​បំផុត​សម្រាប់​ការដោះដូរ​ពាណិជ្ជកម្ម​។

​លោក បន្តទៀតថា តាមរយៈ​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា​យើង​សម្រេចបាន​នូវ​សមិទ្ធិផល​ជាច្រើន​ដូចខាងក្រោម​៖ នៅក្នុង​ឆ្នាំ​២០១៨ ទំហំ​វិនិយោគ​ចិន​នៅ​កម្ពុជា​មានទឹក​ប្រា​ក់រហូ​តដល់​ទៅ ៦​ពាន់​លាន​ដុល្លារ​។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ចិន នៅ​ឆ្នាំ​២០១៨ មាន​ចំនួន​ជាង ៧​ពាន់​លាន​ដុល្លា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៩​នេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន សម្រេចបាន ជាង​៦៣០០​លាន​ដុល្លារ​។​ ​ហើយ​នៅ​ឆ្នាំ​២០១៩ នេះ​រដ្ឋាភិបាល​ចិន​បានផ្តល់​កូតា​នាំ​អង្ករ​ពី​កម្ពុជា​ចំនួន ៤០​ម៉ឺន​តោន​។ មាន​រោងចក្រ​ជាង​៧០០ ក្នុងចំណោម​ជាង ១​ពាន់​រោងចក្រ​ជា​របស់​ក្រុមហ៊ុន​ចិន ដែល​បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់សិប​ម៉ឺន​នាក់​។​

គិត​ត្រឹម​ឆ្នាំ​២០១៨ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន ០៤ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដូចខាងក្រោម​៖ .១. មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ក្វាង​ចូ​វ ២. មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហាយ​នី​ង ៣. មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ស៊ី​អាន និង​៤. មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហុងកុង​។​

​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទាំងអស់នោះ​ជាទី​តាំង​សម្រាប់​ដាក់តាំង​បង្ហាញ និង​ផ្សព្វផ្សាយ​រក​ទីផ្សារ​សម្រាប់​ផលិតផល​សក្តានុពល​ក​ម្ពុ​ជា ដូចជា អង្ករ ម្រេច ស្ករត្នោត អំបិល កាហ្វេ ទឹក​ផ្លែឈើ ស្រា​បៀរ គ្រាប់ស្វាយចន្ទី ដំណាប់​ផ្លែឈើ ក្រមា វត្ថុ​អនុស្សាវរីយ៍ និង​សៀវភៅ​ផ្សព្វផ្សាយ​អំពី​វិនិយោគ និង​ទេសចរណ៍​។ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ការចាប់ផ្តើម​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន នឹង​ជួយ​ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​បើក​ច្រក​ទីផ្សារ​បន្ថែមទៀត​សម្រាប់​ទំនិញ និង​សេវា​របស់​កម្ពុជា ដែល​នេះ​ជា​គោលដៅ​យុទ្ធសាស្ត្រ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។ ការពង្រីក​បាន​នូវ​ទីផ្សារ​នាំចេញ​ដែលមាន​លក្ខណៈ​អចិន្ត្រយ៍ នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​អធិបតេយ្យភាព​ជាតិ និង​ឯករាជ្យភាព​នៃ​សេដ្ឋកិច្ចកម្ពុជា ពី​ការពឹងផ្អែក​តែ​ទៅលើ​ភាពអនុគ្រោះ​ពន្ធ​ដែលមាន​លក្ខណៈ​បណ្តោះអាសន្ន​។ មិនតែប៉ុណ្ណោះ វា​នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​អាចឈាន​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ និង​ទទួលបាន​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​។​

​លោក​បានស្នើ​សុំ​ឲ្យ​ភាគី​ចិន តាមរយៈ លោក Wu Guoquan ទីប្រឹក្សា​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច អម​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដូចខាងក្រោម​៖​ស្នើសុំ​ដល់​រដ្ឋាភិបាល​ចិន​ផ្តល់នូវ​វគ្គ​បណ្តុះបណ្តាល និង​អាហារ​រូបករណ៍​បន្ថែមទៀត​ដល់ និស្សិត និង​មន្ត្រីរាជការ​ដែលជា​យុវជន​របស់​ក្រសួងពាណិជ្ជកម្ម​ផ្តោតទៅលើ​ប្រធានបទ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​ដូចជា​៖ E-Commerce, E-Government, Digital Economy, International Trade, Commercial Data Collections ។​ល​។ សុំ​ជួយ​ជំរុញ​អ្នកវិនិយោគ​ចិន​ឲ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត​មក​ធ្វើការ​បណ្តាក់ទុន​នៅ​កម្ពុជា ។​ស្នើ​ភាគី​ចិន​ជួយ​ជំរុញ​ដំណើរការ​នៃ​កិច្ចចរចារ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន ឲ្យ​បាន​ឆាប់ ​។ បន្ថែម​លើ​មុខទំនិញ​អង្ករ ស្នើ​ឲ្យ​ភាគី​ចិន ជួយ​ទិញ​ផលិតផល​កសិកម្ម​មួយចំនួន​បន្ថែមទៀត​ដូចជា ផ្លែ​ចេក ស្វាយ ដំឡូង​មី មៀន ម្នាស់ ធុ​រេ​ន ស្រកានាគ ម្រេច និង​ដូង​៕ ដោយ​៖​កូ​ឡាប​