ភ្នំពេញ៖លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីសមិទ្ធផលការងារសម្រេចបានសំខាន់ៗមួយចំនួន និងកំពុង បន្តពាក់ព័ន្ធនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងនោះរួមមាន៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុគ្រោងនឹងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២២ គម្រោងសិក្សាផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត គម្រោងពង្រីកនិងលើកកម្ពស់គុណភាពបណ្តាញផ្លូវជាតិសំខាន់ៗជាច្រើន ទៀតផងដែរ។
នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងអំពីការតភ្ជាប់ផ្លូវរថភ្លើងរវាងកម្ពុជា-ថៃនៅឆ្នាំ២០១៩ដែលមានការ អញ្ជើញចូលរួមធ្វើដំណើររួមគ្នាតាមរថភ្លើងពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ការញ្ចប់ការសាងសង់ស្ពានស្ទឹងបត់ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងភ្នំពេញ ការរៀបចំ និងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់និងទឹកភ្លៀង និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើនទៀត ព្រមទាំងបាន បង្កើតក្រុមការងារពិសេសដើម្បីតាមដានការសាងសង់ផ្លូវថ្នល់ផងដែរ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា៖ ក្រសួងក៏បានរៀបចំបទដ្ឋានគតិយុត្តបន្ថែមទៀត ដែលអាចផ្ដល់ ជម្រើសបន្ថែមដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើសតាមបំណងប្រាថ្នារបស់ខ្លួនដូចជា៖ ផ្លាកលេខពិសេស ផ្ទាល់ខ្លួនសម្រាប់រថយន្តដែលអាចរក្សាទុកសម្រាប់បំពាក់រថយន្តថ្មីក្រោយៗទៀត បានរៀបចំផែនការ មេជាតិភស្តុភារកម្មដើម្បីកម្ពុជាអាចចូលរួមប្រកួតប្រជែងក្នុងតំបន់និងពិភពលោក ក៏ដូចជាដើម្បីទាក់ទាញ វិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងដែលកម្ពុជា ពិសេស ក្រសួងសាធារណការ និងដឹកជញ្ជូនមានសមត្ថភាពអាចប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បី សម្រួលដល់ការផ្ដល់សេវាសាធារណៈស្របតាមការរីកចម្រើនខាងបច្ចេកវិទ្យាព័ត៌មានវិទ្យាសកល និង បដិវត្តឧស្សាហកម្ម៤.០ ដូចជា៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឱ្យបងប្អូនប្រើប្រាស់សេវាទាំងនេះដោយសេរី ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងចំណេញពេលវេលា។
លោកទេសរដ្ឋមន្ត្រីបានកត់សម្គាល់ផងដែរនូវទិសដៅការងារឆ្នាំ២០២០ ដោយបានបញ្ជាក់នូវ របៀបវារៈ និងបេសកកម្មជាច្រើនទៀតដែលត្រូវបំពេញទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ឈរលើគោលការណ៍គុណភាពជាចម្បង គិតចាប់តាំងពីការរៀបចំលិខិតស្នាមឡើងទៅ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកឱ្យអង្គសន្និបាតទាំងមូលកុំភ្លេច អរគុណសន្តិភាពរកបានដោយលំបាក សន្តិភាពដែលផ្ដល់ឱកាសឱ្យយើងទាំងអស់គ្នាបានកសាងផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម អាចទាក់ទាញអ្នកវិនិយោគមកដាក់ទុនរាប់ពាន់លានដុល្លារ សហរដ្ឋអាមេរិក ទាក់ទាញទេសចរ៦លាននាក់ក្នុងមួយឆ្នាំ បង្កើតការងារជូនប្រជាពលរដ្ឋ នាំយក ផលិតផលកសិផលទៅលក់នៅបរទេស និងផ្ដល់ឱកាសឱ្យរាជរដ្ឋាភិបាលផ្ដល់សេវាសាធារណៈថែមទៀត តាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យអង្គសន្និបាតទាំងមូលខិតខំប្រឹងប្រែងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យបានគង់វង្ស កុំជឿតាមការញុះញង់អកុសល កុំស្ដាប់សម្ដីអត់ប្រយោជន៍ដែលនាំ គ្រោះដល់ជាតិ ត្រូវខិតខំធ្វើការឱ្យមានប្រសិទ្ធភាពទើបជាតិរុងរឿង៕ ដោយ៖កូឡាប