ភ្នំពេញ៖ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA នៃក្រសួងបរិស្ថាន សហការជាមួយអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូរក្នុងសកម្មភាព (DPA) និងអង្គការ OXFAM ថ្ងៃព្រហស្បតិ៍ ទី១១ខែមករាឆ្នាំ២០១៨ បានរៀបចំកិច្ចពិគ្រោះយោបល់ ស្តីពី « គំរូលក្ខខណ្ឌការងារគម្រោងអាជីវកម្មថ្មសំណង់ គម្រោងអាជីកម្ខ្សាច់សំណង់ និងដីល្បាយខ្សាច់ គម្រោងអភិវឌ្ឍន៍វិស័យដំណាំកសិ-ឧស្សាហកម្ម គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ និងគម្រោងបង្កើតរោងចក្រ និងសិប្បកម្ម»។
លោក ទា ជុប អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចាត់ទុកថាវត្តមានរបស់អ្នកចូលរួមដែលមកពីក្រសួង ស្ថាប័ន អង្គកការក្រៅរដ្ឋភិបាល ជាតិ និងអន្តរជាតិ និងអ្នកស្រាវជ្រាវ បានបង្ហាញពីសក្ខីភាពបញ្ជាក់នូវការគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់នៅក្នុងកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដែលជាឧបករណ៍មួយដ៏សំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិប្រកបដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ន ក្រសួងបរិស្ថាន បានពិនិត្យនិងផ្តល់យោបល់លលើ លក្ខខណ្ឌការងារសម្រាប់ក្រុមហ៊ុនទីប្រឹក្សាសិក្សានិងសរសេររបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការចុះអង្កេតតាមដានសកម្មភាពគម្រោងអភិឌ្ឍន៍នានា និងជំរុញការអនុវត្តច្បាប់ ដែលបានចែងនៅក្នុងអនុក្រឹត្យ ប្រកាស គោលការណ៍ណែនាំ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ។ ក្រៅពីនេះក្រសួងបរិស្ថានដែលមាននាយកដ្ឋានEIA នៃអគ្គនាយកដ្ឋានគាំពារជាសេនាធិការបានខិតខំបន្តស្វែងរកជំនួយ និងសហការជាមួយដៃគូអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាល ប្រទេសជាដៃគូនៅក្នុងតំបន់ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងៗ ដើម្បីរៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធ ពង្រឹងសមត្ថភាពនិងផ្សព្វផ្សាយលើវិស័យនេះ ឱ្យបានកាន់តែទូលំទូលាយទូទាំងប្រទេស។ ជាក់ស្តែង នាយកដ្ឋានបានរៀបចំសេចក្តីព្រាងគំរូលក្ខខណ្ឌការងារ (ToR) ចំនួន៥ សម្រាប់គម្រោងអាជីវកម្មថ្មសំណង់គ្រប់ប្រភេទ គម្រោងអាជីកម្ខ្សាច់សំណង់ និងដីល្បាយខ្សាច់គ្រប់ប្រភេទគម្រោងអភិវឌ្ឍន៍វិស័យដំណាំកសិ-ឧស្សាហកម្ម គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ និងគម្រោងបង្កើតរោងចក្រ និងសិប្បកម្ម ដោយមានការជួយគាំទ្រថវិការពីអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូរក្នុងសកម្មភាព (DPA) នាយកដ្ឋានបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើគំរូក្ខខណ្ឌការងារទាំងនោះនាពេលនេះ៕ ដោយ៖បញ្ញាស័ក្តិ