ភ្នំពេញ៖ មូលនិធិទ្រទ្រង់អ្នកធាក់ស៊ីក្លូសម្តេចតេជោ ហ៊ុន សែន នឹងប្រកាសបង្កើតជាផ្លូវការនៅថ្ងៃទី១៣ខែមករានេះ ក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួបជាមួយអ្នកធាក់ស៊ីក្លូវក្នុងទីក្រុងភ្នំពេញជាង៣០០នាក់ ដោយមានរៀបចំពិសាបាយសាមគ្គី ជាមួយបងប្អូនអ្នកធាក់ស៊ីក្លូថែមទៀត។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នឹងដាក់ថវិកាផ្ទាល់ខ្លួនដំណាក់កាលដំបូងក្នុងមូលនិធិនេះប្រមាណ ១០០លានរៀល ហើយសម្តេចនឹងបន្ថែមជារៀងរាល់ខែប្រមាណ ១០លានរៀលបន្ថែមទៀត។
ជំនួបដ៏កម្រនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាង ៣០០នាក់និងមានការរៀបចំពិសារអាហារជុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រដោយធ្វើនៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨នេះ ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០១៨ សម្តេចតេជោហ៊ុនសែន បានប្រកាស “បង្កើតនិងអនុវត្តមូលនិធិត្រីចក្រយាន(ស៊ីក្លូ) ចាប់ពីថ្ងៃទី១៣ខែមករាឆ្នាំ២០១៨ តទៅ”។
កន្លងទៅនេះសម្ដេចតេជោហ៊ុនសែន បានជ្រើសយកលោកតាអ្នកធាក់ស៊ីក្លូម្នាកអាយុ៨៩ឆ្នាំធ្វើជាឪពុកធម៍និងសាងសង់ផ្ទះថ្មមួយខ្នងជូនគាត់នៅស្រុកកំណើតនាខេត្តស្វាយរៀងថែមទៀត។
នៅដើមឆ្នាំ២០១៨នេះ ឆ្លើយតបនឹងទុក្ខលំបាក ក៏ដូចជាការខ្វះខាតក្នុងជីវភាពរបស់បងប្អូនអ្នកធាក់ស៊ីក្លូនោះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យអ្នកធាក់ស៊ីក្លូទាំងអស់អាចទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃនោះឡើយ។បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបង្កើតមូលនិធិមួយបន្ថែមទៀត ដើម្បីជួយទ្រទ្រង់ដល់អាជីពរបស់អ្នកធាក់ស៊ីក្លូ។ ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សម្បុរសជននានា ចូលរួមបរិច្ចាគក្នុងមូលនិធិផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតមូលនិធិនេះ មិនត្រឹមតែជួយទ្រទ្រង់ដល់អាជីពរបស់អ្នកធាក់ស៊ីក្លូនោះទេ តែក៏ជាការរួមចំណែកអភិរក្សស៊ីក្លូ ដែលជាយានបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរបន្សល់ទុកតាំងពីសម័យអាណានិគមន៍បារាំងមកនោះ។
ឆ្លើយតបចំពោះការយកចិត្តទុកដាក់របស់សម្ដេចតេជោនេះបងប្អូនអ្នកធាក់ស៊ីក្លូ បានបង្ហាញក្តីសប្បាយរីករាយយ៉ាងចំពោះការសម្រេចរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលអនុញ្ញាតឲ្យពួកគាត់ព្យាបាលដោយមិនគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ។ ជាពិសេសការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់ដល់អាជីពរបស់ពួកគាត់។បងប្អូនអ្នកធាក់ស៊ីក្លូ រំពឹងថា ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នឹងរួមចំណែកលើកកម្ពស់ជីវភាពរបស់ពួកគាត់ ហើយក៏ជួយអាជីពធាក់ស៊ីក្លូបន្តមានវត្តមាននៅកម្ពុជាផងដែរ។មិនត្រឹមតែបានបង្កើតមូលនិធិទ្រទ្រង់ដល់អាជីពរបស់អ្នកធាក់ស៊ីក្លូប៉ុណ្ណោះទេ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ ចូលរួមជិះស៊ីក្លូ និងរួមគ្នាថែទាំអភិរក្សស៊ីក្លូផងដែរ៕ ដោយ៖បញ្ញាស័ក្តិ