Daeyrs ពិតជាប្រឹងទប់ចិត្ត ខណៈពេលលើកដំបូងនៃជីវិតវាស្រាប់តែមានបន្ទប់ដេកស្រួលបួល ព្រមទាំងរបស់របរប្រើប្រាស់លេង…។
តាម Mirrir តាំងពីដឹងក្តីមក Daeyrs អាយុ ៨ឆ្នាំ តែតាមម្តាយរស់នៅតាមទីកន្លែងស្នាក់នៅបណ្តោះអាសន្នជាច្រើនក្នុងទីក្រុង Detroit, រដ្ឋ Michigan ក្រោយពេលនារីជាម្តាយបានបាត់បង់ការងារ និងផ្ទះស្នាក់នៅមក។
ម្តាយដែលជាគិលានុប្បដ្ឋាយិកាហាត់ការ និងកូនប្រុសតូចរូបនេះ ទើបត្រូវបានរដ្ឋការទីក្រុងជួយសម្រួលផ្ទះស្នាក់នៅ ប៉ុន្តែពួកគេពុំមានលុយដើម្បីទិញអ្វីៗឡើយ ក្រៅពីប៉ៅអីបត់២ប៉ុណ្ណោះ។
Daeyrs ឲ្យដឹងថា ប្អូនមានសុបិន្តចង់បានគ្រែដេក១ប៉ុណ្ណោះ ហើយសុបិន្តនេះត្រូវបានក្លាយជាការពិត បន្ទាប់ពីអង្គការសប្បុរសធម៌ Humble Design សម្រេចចិត្តជួយដល់គ្រួសារ ២នាក់ម្តាយកូននេះ។
ពួកអ្នកស្ម័គ្រចិត្ត បានប្រែផ្ទះដែលស្រឡះល្វឹង ក្លាយជាទីស្នាក់នៅយ៉ាងកក់ក្តៅមួយ។ ចំពោះ Daeyrs វិញអ្វីៗដែលប្អូនពុំដែលនឹកស្មានគឺស្ថិតក្រោយពេលយកដៃចេញពីភ្នែក ៖ នោះគឺបន្ទប់ដេក១ ពុំមែនត្រឹមតែគ្រែ -ជា “កម្មសិទ្ធិរបស់ខ្លួន”។
… ចោលភ្នែកក្រឡេកមើលវត្ថុមួយៗវាយកដៃបិទភ្នែកទ្រហោរយំពុំឈប់… រួចក៏និយាយអរគុណៗៗជាប់មាត់។
Treger, មកពីអង្គការ Humble Design ឲ្យដឹងថា របស់របរទាំងនោះគឺជាវិភាគទានរបស់សប្បុរសជន មានស្រាប់ក្នុងឃ្លាំងរបស់អង្គការ។ ឥឡូវ Daeyrs និងម្តាយ Dionna មានទីកន្លែងមួយដែលពួកគេអាចហៅថា ជា “ផ្ទះ” របស់ខ្លួនបានហើយ។
Treger ឲ្យដឹងថា គោលដៅនៃអង្គការរបស់នាងគឺមិនឲ្យមានក្មេងណាម្នាក់ត្រូវដេកលើឥដ្ឋ ឬដីឡើយ៕ ចន្ទ្រា