ភ្នំពេញ៖ សម្តេចតេជោ បានជំរុញនឹងស្នើសុំឲ្យក្រុមហ៊ុន China Communication Construction Company រៀបចំបើកការដ្ឋាស្ថាបនា ផ្លូវល្បឿនលឿន (Express Way) ភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៩០,៦៣គីឡូម៉ែត្រ ទទឹង២៤ម៉ែត្រ ឲ្យបានចេញជារូបរាងពិតប្រាកដឆាប់ៗខាងមុខនេះ។
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក លាវ ឈីថាវ (Liu Qi Tao) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Communication Construction Company។
លោក លាវ ឈីថាវ (Liu Qi Tao) មានប្រសាសន៍ក្នុងថា រូបលោកធ្លាប់បានមក កាន់ប្រទេសកម្ពុជាកាលពី១០ឆ្នាំមុន ហើយនៅពេលនេះលោកបានធ្វើដំណើរទៅកាន់តំបន់ជាច្រើនក្នុងប្រទេសកម្ពុជារួមទាំងខេត្តព្រះសីហនុផងដែរ។ លោកបានពិនិត្យឃើញពីការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជាដែលមិននឹកស្មាន ហើយនៅពេលនេះទៀតសោត កិច្ចព្រមព្រៀងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ខេត្ត ព្រះសីហនុ ក៏បានចុះហត្ថលេខាហើយរួចដែរនៅក្នុងដំណើរទស្សនកិច្ចរបស់លោក លី គឺឈាំង មកកាន់ប្រទេសកម្ពុជាកាលពីម្សិលមិញ។ ក្រុមហ៊ុនលោកសប្បាយចិត្ត នឹងមានទំនុកចិត្តយ៉ាងខ្លាំងក្នុងការមកវិនិយោគនៅកម្ពុជា ក្រោមការគាំទ្រ និងលើកទឹកចិត្តពីសម្តេចតេជោ។ គម្រោងនេះគឺជាគម្រោងផ្លូវល្បឿនលឿនទី១ ដែលនឹងត្រូវកសាងនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខ។
នៅចំពោះមុខសម្តេចតេជោ លោក លាវ ឈីថាវ មានប្រសាសន៍ថា ក្នុងនាមជាភាគីប្រតិបត្តិ ក្រុមហ៊ុនលោក នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ ទៅខេត្តព្រះសីហនុ ឲ្យបានល្អនិង មានគុណភាព និងឲ្យក្លាយជាផ្លូវគំរូសម្រាប់ជាឧត្តមប្រយោជន៍របស់ប្រទេសនិងប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ផ្លូវល្បឿនលឿននេះ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ក្នុងជំរុញកំណើនសេដ្ឋកិច្ច ពិសេសគឺភ្ជាប់រវាងប៉ូលសេដ្ឋកិច្ចភ្នំពេញ នឹងព្រះសីហនុ។ សម្តេចតេជោ បានជំរុញនឹងស្នើសុំឲ្យក្រុមហ៊ុន រៀបចំបើកការដ្ឋាស្ថាបនា ផ្លូវល្បឿនលឿន (Express Way) ឲ្យបានចេញជារូបរាងពិតប្រាកដឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នាវិមានសន្តិភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាមួយសមភាគីចិន តំណាងដោយលោក Liu Qitao ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន។ ពិធីចុះហត្ថលេខាខាងលើត្រូវបានប្រព្រឹត្តិធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។
គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ នឹងត្រូវសាងសង់ដោយវិនិយោគិនចិន តាមរូបភាពវិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ជាផ្លូវ ០៤គន្លង មានប្រវែងសរុប ១៩០,៦៣គីឡូម៉ែត្រ ចេញពីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ ជាផ្លូវថ្មីទាំងស្រុង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស មានទីតាំងឈប់សម្រាក មានរបងបាំងសងខាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។
ក្រោយសាងសង់រួច ផ្លូវល្បឿនលឿននេះនឹងជួយសម្រួលដល់ការធ្វើដំណើរទៅមករាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ក្នុងរយៈពេលខ្លី កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការកកស្ទៈ សម្រួលដល់ការដឹកជញ្ជូនទំនិញ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនកាន់តែប្រសើរ។ លើសពីនេះទៀត ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានផលចំណេញដែលមិនអាចកាត់ថ្លៃបាន ពីការអភិវឌ្ឍន៍ច្រករបៀងភ្នំពេញ-ខេត្តព្រះសីហនុ៕ ដោយ៖បញ្ញាស័ក្តិ