ភ្នំពេញ៖ ធនាគារជាតិ បានប្រកាសថា ក្នុងបច្ចុប្បន្ននេះ កម្ពុជា មានទុនបម្រុងអន្តរជាតិកើនដល់ប្រមាណ ១៨ ប៊ីលានដុល្លារអាមេរិក និងអាចធានាការនាំចូលទំនិញ និងសេវាបានប្រមាណ ៧ខែ ហើយកម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ បានពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិនមកលើភាពធន់ នៃសេដ្ឋកិច្ចកម្ពុជា។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងសិក្ខាសាលាប្រចាំឆ្នាំថា កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្តកើនឡើង ក្នុងអត្រា ៧,១% ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរឹងមាំ ទោះបីជាបានប្រឈមនឹងហានិភ័យមួយចំនួនក៏ដោយ។ អត្រាអតិផរណាមានកម្រិតទាបហើយអត្រាប្ដូរប្រាក់មានស្ថិរភាពល្អប្រសើរ ស្របពេលដែលសេដ្ឋកិច្ចទទួលបានកំណើនរឹងមាំ នៃលំហូរមូលធនដែលបានជំរុញដល់ការវិនិយោគ ពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចនានា។
លោកបានបន្តថា ទុនបម្រុងអន្តរជាតិបានបន្តគរពូនជាលំដាប់ក្នុងកម្រិតខ្ពស់ ដែលបានរួមចំណែករក្សាជំនឿទុកចិត្ត មកលើភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ វិស័យធនាគារមានសុខភាពល្អ ហើយបានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ លើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ ប្រព័ន្ធធនាគារត្រូវបានធ្វើទំនើបកម្មជាលំដាប់ស្របពេលដែលបច្ចេកវិទ្យាហិរញ្ញវត្ថុបានវិវត្តយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងប្រព័ន្ធទូទាត់ ដែលធ្វើឱ្យការផ្តល់សេវាហិរញ្ញវត្ថុ កាន់តែមានភាពងាយស្រួល សុវត្ថិភាពនិងប្រសិទ្ធភាព។ អរគុណសន្តិភាព ដែលបានធានាការអភិវឌ្ឍប្រកបដោយចីរភាព និងការរីកចម្រើនលើគ្រប់វិស័យ ហើយបានពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា។
ក្នុងសេចក្តីសង្ខេបបទឧទ្ទេសនាមរបស់លោក ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៧,១% គាំទ្រជាចម្បងដោយវិស័យកម្មន្តសាល សំណង់ និងទេសចរណ៍ ខណៈវិស័យកសិកម្មមានកំណើនតិចតួច។
អតិផរណាមានកម្រិតត្រឹម១,៩% ទាបជាងឆ្នាំ២០១៨ (២,៥%) ដោយសារការបន្តថមថយកំណើនថ្លៃ
ក្រុមម្ហូបអាហារមកនៅ ១,៩% ដែលមានសមាមាត្រធំជាងគេក្នុងកន្ត្រកទំនិញប្រើប្រាស់ ស្របពេលដែល
ក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានធ្លាក់ថ្លៃ ១,២%។
អតិផរណាស្នូលកើនឡើងក្នុងកម្រិតទាប ២,៦% ដែលជំរុញដោយកំណើនថ្លៃក្រុមភោជនីយដ្ឋាន
និងក្រុមភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់។
អត្រាប្តូរប្រាក់បន្តមានស្ថិរភាពក្នុងកម្រិតរោមធ្យម ៤.០៦៥ រៀលក្នុងមួយដុល្លារអាមេរិក ធៀបនឹងឆ្នាំមុន
(៤.០៥១) ក្នុងបរិបទដែលតម្លៃប្រាក់រៀលបានប្រែប្រួលបន្តិចបន្តួច ទៅតាមកត្តារដូវកាល ជាពិសេស
កំណើនតម្រូវការប្រាក់រៀលសម្រាប់បង់ពន្ធ។
ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ បានបញ្ចេញប្រាក់រៀលស្មើ២ដង នៃទំហំក្នុងឆ្នាំ២០១៨។
ទុនបម្រុងអន្តរជាតិកើនដល់ប្រមាណ ១៨ ប៊ីលានដុល្លារអាមេរិក និងអាចធានាការនាំចូលទំនិញនិងសេវាបានប្រមាណ ៧ខែ។
កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិបានពង្រឹងជំនឿទុកចិត្ត របស់វិនិយោគិនមកលើភាពធន់ នៃសេដ្ឋកិច្ចកម្ពុជា។
កំណើនបរិយាបន្នហិរញ្ញវត្ថុចំនួនគណនីអតិថិជន ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ (គិតជាលានគណនីឆ្នាំ២០១៨និងឆ្នាំ២០១៩)។
គណនីប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានកើនដល់ ៧,៥ លានគណនី
ឥណទានផ្ដល់ ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដល់ប្រជាជនប្រមាណ ៣ លានគណនី
ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុបានផ្តល់ឥណទានដល់អតិថិជន ១០២ ពាន់នាក់។ គ្រឹះស្ថានឥណទានជនបទ បានផ្តល់ឥណទានដល់អតិថិជនប្រមាណ ១៩៤ ពាន់នាក់។
នៅឆ្នាំ២០១៩នេះ ស្ថិរភាពហិរញ្ញវត្ថុកម្ពុជាបន្តមានស្ថានភាពល្អប្រសើរ គួបផ្សំនឹងកំណើនរឹងមាំនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា ដែលគាំទ្រ ដោយកំណើនតម្រូវការក្នុងស្រុកនិងការនាំចេញ ។
សូចនាករដែលបង្ហាញពីស្ថិរភាពរឹងមាំនៃវិស័យនេះ រួមមាន ភាពគ្រប់គ្រាន់នៃដើមទុន ភាពគ្រប់គ្រាន់នៃសន្ទនីយភាព កម្រិតទាបនៃឥណទានមិនដំណើរការ និង ភាពប្រសើរឡើងនៃប្រាក់ចំណេញ។
លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា សន្និបាតនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងអបអរសាទរ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីលទ្ធផលការងារដែលធនាគារជាតិ នៃកម្ពុជាសម្រេចបានក្នុងឆ្នាំ២០១៩ និងទិសដៅការងារចម្បងៗ សម្រាប់ឆ្នាំ២០២០ សំដៅឈានទៅបន្តសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ប្រព័ន្ធធនាគារ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល៕ ដោយ៖កូឡាប