Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ក្មេងស្រី​សិស្សសាលា​ទំនើង​៤​នាក់ ត​ភាគ​មិនទាន់​បញ្ចប់ លោក​ពេជ្រ ស្រស់ នឹងដាក់​មេធាវី​ប្តឹង​ក្មេង​ទំនើង​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ទៅ​តុលាការ

spot_img

​ភ្នំពេញ​៖ នឹងដាក់​មេធាវី​របស់​ខ្ញុំ​ប្តឹង​ក្មេង​ទំនើង ៤​នាក់ ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ទៅ​តុលាការ ដោយ​មិនអាច​យកលុយ​មក​បញ្ចប់រឿង​បានទេ បើ​ពុំ​នោះទេ​នឹង​កើត​ក្មេង​ទំនើង​ពេញ​ស្រុក​ខ្មែរ​មិនខានឡើយ។​

​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​និង​ពិគ្រោះ​យោបល់ នៅ​ថ្ងៃទី​១៧/០១/២០២០ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា ” ខ្ញុំ​នឹងដាក់​មេធាវី​របស់ខ្ញុំ​ប្តឹង​ក្មេង​ទំនើង ៤​នាក់ ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ទៅ​តុលាការ ដោយ​​មិនអាច​យកលុយ​មក​បញ្ចប់រឿង​បានទេ បើ​ពុំ​នោះទេ​នឹង​កើត​ក្មេង​ទំនើង​ពេញ​ស្រុក​ខ្មែរ​មិនខានឡើយ​។​

​ច្បាប់​គឺជា​ច្បាប់ ច្បាប់​សម្រាប់​មនុស្ស​មិន​គ្រប់​អាយុ​ក៏មាន​ចែង​ដែរ​។​បញ្ជាក់​មិនមែន​ខ្ញុំ​ឈ្លោះ​ជាមួយ​ក្មេង​ទេ ប៉ុន្តែ​ត្រូវតែ​ពង្រឹង​ច្បាប់ គឺ​ដើម្បី​ថែរក្សា​នូវ​សណ្តាប់ធ្នាប់​សង្គម​”​។​

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា ក្មេងស្រី​សិស្សសាលា​ទំនើង​ចំនួន​៤​នាក់ ដែល​សមត្ថកិច្ច​បាន​នាំខ្លួន​យកទៅ​សួរនាំ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​ករណី ប្រើ​អំពើហិង្សា​ទៅលើ ក្មេងស្រី​សិស្ស វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ហើយ​ថតរូប​បង្ហោះ​ផ្អើល​ពេញ​បណ្តាញ​សង្គម សមត្ថកិច្ច​បាន កោះហៅ​ភាគី​ពាក់ព័ន្ធ និង​អាណាព្យាបាល​ទាំងអស់​ដើម្បី​ដោះស្រាយ ហើយ​ឪពុកម្តាយ ឬ​អាណាព្យាបាល របស់​ពួកគាត់​សូម​សំណូមពរ ឲ្យ​ធ្វើ​ការអប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់ មិនមាន​លើក​ក្រោយ នៅ​ចំពោះមុខ​ឪពុកម្តាយ​និង​មុខ​សមត្ថកិច្ច ។​

​លោក ប៊ុន សត្យា ហៅ ទិវា​០១ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បាន​ប្រាប់​អ្នកកាសែត​ក្នុងស្រុក​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃទី​១៧​មករា​នេះ​ថា ភាគី​បង្ក​បាន​យល់ព្រម​ទទួលកំហុស និង​សុំទោស​ចំពោះមុខ​សមត្ថកិច្ច ហើយ ភាគី​រងគ្រោះ​និង​ឪពុកម្តាយ មិន​ប្តឹងផ្តល់​អី​នោះទេ ដោយ​សុំ​ឲ្យ​ភាគី​វាយ​កូន​គាត់​ធ្វើ​កិច្ចសន្យា បញ្ឈប់ មិន​ឲ្យ​មាន​លើក​ក្រោយ​ទៀតឡើយ ។ ការអប់រំ និង​កិច្ចសន្យា​បានធ្វើ​ឡើង​ចំពោះ ឪពុកម្តាយ និង​អាណាព្យាបាល​គ្រប់ភាគី​ទាំងអស់ ដោយ​គ្មាន​ការបង្ខិតបង្ខំ​ឡើយ ។ លោក​បន្តថា ករណីនេះ សមត្ថកិច្ច​មិន​ប​ញ្ជួ​ន​សុំ​ណំ​រឿង​នោះ ទៅកាន់​តុលាការ​ឡើយ ព្រោះ​ពួកគេ​សុទ្ធតែជា​អ​និតិ​ជន​នៅឡើយ ។​

​នាយការិយាល័យ បាន​បន្ដទៀតថា បន្ទាប់ពី​ការសុំ​ទោស​ហើយ​នោះ សមត្ថកិច្ច​ក៏បាន​ធ្វើ​កិច្ចសន្យា​អប់រំ ដោយ​មិន​ឲ្យ​ពួកគេ​ប្រព្រឹត្ត​ទង្វើ​អមនុស្សធម៌ ឬ​ហិង្សា​បែបនេះ​តទៅ ហើយ​មិនត្រូវ​ឲ្យ​មានការ​គុំ​គួ​ន​ទៅខាង​ភាគី​ជនរងគ្រោះ​ឡើយ​។​

​ជាមួយគ្នានេះ អាណាព្យាបាល​របស់​ក្មេងស្រី​រងគ្រោះ ក៏បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ដែរ​ថា ក្រោយ​មានការ​សម្របសម្រួល​ចប់សព្វគ្រប់ ក្រុមគ្រួសារ​សិស្ស​បង្ក និង​ក្រុមគ្រួសារ​រងគ្រោះ ទទួល​យល់​សង និង​ទទួល​ទឹកប្រាក់​ចំនួន ២០០០​ដុល្លារ ដែលជា​សំណង​រដ្ឋប្បវេណី​។​

​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ការបញ្ចប់​មិន​បន្ត​ប្តឹងផ្តល់ ត្រូវបាន ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ បាន​ទម្លាយ​ថា ករណីនេះ ភាគី​ក្មេង​បង្ក​ទាំង​៤​នាក់​បាន យល់ព្រម​ធ្វើ​កិច្ច មិន​ឲ្យ​មាន​លើក​ក្រោយ​និង​ព្រម​សង ជំងឺ​ចិត្ត ២​ពាន់​ដុល្លារ ដើម្បី​បញ្ចប់រឿង ត្រឹមនឹង ខ្លាច​សមត្ថកិច្ច​កសាង​សុំ​ណំ​រឿង​បញ្ជូន​ទៅកាន់​តុលាការ ។ បើតាម​ឪពុក​ក្មេងស្រី​រងគ្រោះ បាន​និយាយថា ករណី​នោះ​ដោយសារ​លោក​មិនមាន​ពេលទំនេរ គ្រប់គ្រាន់​ក្នុង​ការឡើង​ចុះ​តតាំង​ក្តី លោក​ក៏បាន​យល់ព្រម បញ្ចប់​ត្រឹម​ភាគី​បង្ក​ឲ្យ​លោក​២​ពាន់​ដុល្លារ ។​

​សូម​រំលឹកថា កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​នេះ ក្មេងស្រី ចំនួន​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សួរនាំ បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ឃ្លី​ប បង្ហាញថា ពួកគេ​បាន​វាយ​ធ្វើបាន​ក្មេងស្រី​ម្នាក់ នៅ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​សារជាថ្មី​ដល់​មហាជន ហើយ​សមត្ថកិច្ច​ក៏​មិន​បង្អង់​យូរ​ដែរ បាននាំគ្នា​ស្រាវជ្រាវ​តាម​ចាប់ខ្លួនបាន​ភ្លាមៗ​យកមក​សួរនាំ​អប់រំ តាម​បណ្ដឹង​ភាគី​ឪពុកម្ដាយ​ខាង​ក្មេងស្រី​រងគ្រោះ ។​
​បើតាម​សមត្ថកិច្ច​និយាយថា ជនរងគ្រោះ​ឈ្មោះ ស្រ៊ុន កែវ​មរកត អាយុ​១៦​ឆ្នាំ រៀន​ថ្នាក់​ទី​៨ នៃ​វិទ្យាល័យ​ដើមថ្កូវ ស្នាក់នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ផ្លូវ​៣៤៣០​។ ចំណែក​ក្រុម​ជនបង្ក​មាន​គ្នា​៤​នាក់ រៀន​ថ្នាក់​ទី​៩​ម្នាក់ ដោយបាន​ហៅ​បក្ខពួក​ពី​ខាងក្រៅ​សាលា​មក ចំនួន​៣​នាក់​ទៀត មក​វាយ​លើ​ជនរងគ្រោះ ។ យោងតាម​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​ហិង្សា​នេះ កើតឡើង​កាលពី​រសៀល ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ នៅក្នុង​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ប៉ុន្ដែ​វីដេអូ​ឃ្លី​ប​នេះ​ទើបតែ​បែកធ្លាយ​សង្ស័យ​មិត្តភក្ដិ​របស់​នាង​លួច​ថត​ហើយ​បង្ហោះ​នៅពេល​ក្រោយមក​។ សកម្មភាព​នេះ​គេ​បាន​វាយដំ​លើ​រាងកាយ ដោយ​ប្រើ​ជើង​ធាក់​ខ្លួន និង​ចំក្បាល ហើយ​បាន​គំរាម​ដល់​ជនរងគ្រោះ​ថែមទៀត​។ ចំណែក​ជនរងគ្រោះ​មិនបាន​ទៅ​រៀន​ទេ ព្រោះ​ជាំ​ពេញ​ខ្លួ​ម​ប្រាណ​ទាំងអស់​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×