ព្រះសីហនុ៖ ប្រជាពលរដ្ឋ និងសាធារណជន សម្ដែងការសាទរ ចំពោះការរៀបចំឆ្នេរអូត្រេះ ឲ្យក្លាយជាឆ្នេរសមុទ្រសាធារណៈ ទេសភាព ខ្យល់បរិសុទ្ធ និងត្រៀមស្វាគមន៍ ភ្ញៀវជាតិ_អន្ដរជាតិ មកលេងកម្សាន្ដ លំហែកាយ នាឱកាសបុណ្យចូលឆ្នាំចិន និងដំណើរកម្សាន្ដ មកកាន់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ឆ្នេរអូរត្រេះ ជាឆ្នេរសមុទ្រសាធារណៈ មិនមែនជាកម្មសិទ្ធិរបស់បុគ្គល ឬក្រុមណាមួយឡើយ គឺដល់ពេលដែលត្រូវប្រគល់ជូនរដ្ឋ ដើម្បីរដ្ឋរៀបចំកែសម្រួល ឲ្យឆ្នេរទាំងនេះ ក្លាយជាតំបន់ទេសចរណ៍ និងក្លាយជាឆ្នេរដ៏ស្រស់ស្អាត សម្រាប់ប្រយោជន៍សាធារណៈវិញហើយ ។
សូមបញ្ជាក់ថា ការសម្រេចរុះរើតូបលក់ដូរឆ្នេរអូរត្រេះ គឺធ្វើឡើងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ជាច្រើនលើកច្រើនសារមកហើយ។
ការរុះរើនេះ មិនមែនដើម្បីយកទៅឱ្យក្រុមហ៊ុន ឬអង្គភាព អាជីវកម្មឯកជន ណាមួយដើម្បីវិនិយោគឡើយ គឺយកមកអភិវឌ្ឍន៍បម្រើឱ្យប្រយោជន៍សាធារណៈ ព្រោះជាឆ្នេរសាធារណៈរបស់រដ្ឋ។
កន្លងមកអាជីវករទាំងនោះ បានយកឆ្នេរសាធារណៈនេះ ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនជាយូរឆ្នាំមកហើយ វាល្មមដល់ពេលប្រគល់ជូនរដ្ឋវិញ ដើម្បីអភិវឌ្ឍន៍ ហើយពួកគេទាំងនោះក៏បានរកស៊ីលក់ដូរ និងល្មមមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទៅរកកន្លែងលក់ដូរថ្មីហើយដែរ។
ចាប់ពីម៉ោងនេះតទៅ ឆ្នេរអូរឈើទាល២ ” អតីតឆ្នេរអារីស្តុន ” និងឆ្នេរអូរត្រេះ នឹងត្រូវបានរៀបចំជាឆ្នេរសមុទ្រសាធារណៈ និងជាសម្បត្តិរួម របស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរ ជាតិ និងអន្តរជាតិអាចមកកម្សាន្តដោយសេរី ឥតមានការបង់ថ្លៃអ្វីឡើយ។ ឆ្នេរស្អាត អនាម័យបរិស្ថានល្អ មានផាសុកភាព។
កន្លងមករដ្ឋបាលខេត្ត បានចេញ លិខិតជូនដំណឹងលេខ៤៧៣/១៩ សជណ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងលក់ដូរ និងអាស្រ័យផល នៅលើឆ្នេរអូរឈើទាល “អតីតឆ្នេរអារីស្តុន “ និងឆ្នេរអូរត្រេះ មានទីតាំងស្ថិតនៅភូមិ៤ និងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានបានសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុរួចមក បងប្អូនប្រជាពលរដ្ឋដែលកំពុងលក់ដូរនៅនៅលើឆ្នេរអូរឈើទាល “ អតីតឆ្នេរអារីស្តុន “ បានចូលរួមសហការជាមួយអាជ្ញាធរ ដោយបានធ្វើការរុះរើតូប និងស្តង់លក់ដូរ របស់ខ្លួនសរុបទាំងអស់ មានចំនួន ១២៦តូប បានរៀបរយជាស្ថាពរព្រមទាំងបានចូលរួមធ្វើការសម្អាតឆ្នេរខ្សាច់វិលមករកសភាពស្រស់ស្អាតឡើងវិញ។ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរនៅលើឆ្នេរអូរត្រេះ” អូរត្រេះ១ មានចំនួន ១០៨តូបស្តង់ និងអូរត្រេះ២ មានចំនួន ៤៨តូបស្តង់” បានរុះរើរួចរាល់ជាស្ថាពរ។
រដ្ឋបាលខេត្តព្រះសីហនុ សូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការយល់ដឹងអំពីប្រយោជន៍សាធារណៈ និងបានចូលរួមសហការ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកែលម្អ សោភ័ណភាពឆ្នេររបស់យើងឡើងវិញ។
សូមបញ្ជាក់ផងដែរថា សំណង់តូបស្តង់របស់បងប្អូនប្រជាពលរដ្ឋ ដែលបានសាងសង់នៅលើឆ្នេរអូរត្រេះភាគច្រើន ជាសំណង់រឹងមាំ ដែលបានចាក់សាប បេតុងនៅលើឆ្នេរខ្សាច់ដោយផ្ទាល់ និងមានមួយចំនួនសង់ជាប់មាត់ទឹកតែម្តង ក្នុងនោះផងដែរ បន្ទាប់ពីធ្វើការរុះរើតូបស្តង់ទាំងនោះរួច គឺយើងប្រទះឃើញនូវលូស្តុកលាមក និងសំណល់ផ្ទះបាយ ចំនួន១៣៦លូ ដែលបានបង្កប់ក្នុងឆ្នេរខ្សាច់ផងដែរ។
ជាចុងក្រោយរដ្ឋបាលខេត្តសូមបញ្ជាក់ថា ការរុះរើតូបនិងស្តង់លក់ដូរនៅលើឆ្នេរអូរឈើទាលពីរ និងឆ្នេរអូរត្រេះនេះ គឺមិនមែនយកដីទៅឱ្យក្រុមហ៊ុន ឬអង្គភាព អាជីវកម្មឯកជនណាមួយ ធ្វើការវិនិយោគនោះឡើយ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកែលម្អសោភ័ណភាពឆ្នេររបស់យើងឡើងវិញ ដោយរក្សាទុកជាឆ្នេរ សាធារណៈ និងជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកកម្សាន្តដោយសេរី ឥតមានបង់ថ្លៃអ្វីឡើយ។ សូមបងប្អូនប្រជាពលរដ្ឋយើង មេត្តាចូលរួមសហការគាំទ្រ និងផ្តល់ជាកម្លាំងចិត្តដល់ក្រុមការងារ រដ្ឋបាលខេត្តព្រះសីហនុ ឱ្យដំណើរការរៀបចំនេះ ប្រព្រឹត្តទៅដោយជោគជ័យ៕ ដោយ៖បញ្ញាស័ក្តិ