ខេត្តព្រះសីហនុ៖ ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីមួយចំនួន នាខេត្តព្រះសីហនុ ថ្លែងថា អារឿងប្រើកម្លាំងកងរាជអាវុធហត្ថ សម្រាប់គំរាមកំហែង និងចាប់ប្រជាពលរដ្ឋដាក់គុកច្រវ៉ាក់ របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៏មិនធម្មតាដែរ ពោលគឺមានសកម្មភាពមិនខុសគ្នា ទៅនឹងសកម្មភាព PM ខេត្តបន្ទាយមានជ័យនោះទេ។
ត្រង់ចំណុចនេះ ទាំងមន្ត្រីសង្គមស៊ីវិល និងតំណាងពលរដ្ឋនៅតាមសហគមន៍មានទំនាស់ដីធ្លីមួយចំនួន រស់នៅខេត្តព្រះសីហនុ ឲ្យដឹងថា សព្វថ្ងៃនេះ មានប្រជាពលរដ្ឋជាច្រើននាក់ ដែលតវ៉ាលើករណីវិវាទដីធ្លី ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួន និងប្តឹងចោទប្រកាន់ទាក់ទិនបទល្មើសផ្សេងៗ ហើយបានបញ្ជូនទៅតុលាការផ្តន្ទាទោសដាក់គុករហូតមកដល់ថ្ងៃនេះ។
ចំពោះករណីនេះ ទាំងមន្ត្រីសង្គមស៊ីវិល និងតំណាងពលរដ្ឋនៅតាមសហគមន៍ មានទំនាស់ដីធ្លីមួយចំនួនប្រជាពលរដ្ឋមានទំនាស់ដីធ្លី នៅតាមសហគមន៍មួយចំនួននាខេត្តព្រះសីហនុ បានស្នើដល់ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស ជួយបញ្ជូនមន្ត្រីចុះអង្កេតតាមដានលើសំណុំរឿងវិវាទដីធ្លី ដែលឈានដល់ចាប់ខ្លួនពលរដ្ឋតវ៉ាលើករណីទំនាស់ដីធ្លីដាក់គុក ជូនប្រជាពលរដ្ឋដោយអនុគ្រោះផងចុះ ព្រោះមានពលរដ្ឋភាគច្រើនបានរងគ្រោះដោយអយុត្តិធម៌បំផុត។ មានន័យថា ដីធ្លីធ្លាប់កាន់កាប់ និងអាស្រ័យផល ត្រូវភាគីម្ខាងរឹបអូសយក ហើយប្តឹងម្ចាស់ដីពិតប្រាកដ ដាក់គុកច្រវ៉ាក់រហូតមកដល់ពេលនេះ។
ករណីខាងលើនេះ មន្ត្រីឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម ប្រចាំខេត្តព្រះសីហនុ បានអះអាងថា ទំនាស់ដីធ្លី ដែលឈានដល់សមត្ថកិច្ចចម្រុះ មានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុជាដើម ឈានទៅចាប់ខ្លួនពលរដ្ឋតវ៉ាលើទំនាស់ដីធ្លី ដោយសន្តិវិធី ហើយត្រូវបានចាប់បញ្ជូន និងត្រូវបានតុលាការឃុំខ្លួនដាក់ក្នុងពន្ធនាគារជាបន្តបន្ទាប់មកនេះ គឺសំណុំរឿងដីធ្លីទាំងនោះ មានវិវាទជាមួយមន្ត្រីមានឋានៈបុណ្យស័ក្តិធំៗ ជាពិសេសក្រុមឧកញ៉ាៗ មានទ្រព្យដ៏សម្បើម រស់នៅក្រុងព្រះសីហនុតែម្តង។
ផ្តើមពីបញ្ហានេះ ទាំងក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងតំណាងពលរដ្ឋនៅតាមសហគមន៍មានទំនាស់ដីធ្លីមួយចំនួន រស់នៅខេត្តព្រះសីហនុ ចានលើកដៃសំពះតាមរយៈអ្នកយកព័ត៌មានគេហទំព័រ”CEN” ប្រចាំខេត្តព្រះសីហនុ បានសំណូមពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយបញ្ជូនមន្ត្រីឯករាជ្យ ចុះស៊ើបអង្កេតលើករណីបញ្ជាកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តព្រះសីហនុ ចុះចាប់ខ្លួន និងឃុំខ្លួនប្រជាពលរដ្ឋមានទំនាស់ដីធ្លី ដែលឈានដល់ សាលាដំបូងខេត្តព្រះសីហនុ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់មកនេះ ថាតើអនុវត្តន៍បានត្រឹមត្រូវតាមនីតិវិធីច្បាប់ដែរ ឬយ៉ាងណា..?។
សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងជំនួបជាមួយអ្នកសារព័ត៌មានជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រពណ៍កោះពេជ្រ រាជធានីភ្នំពេញ ក៏បានក្រើនរំលឹក និងដាស់ស្មារតីដល់មន្ត្រីស្ថាប័នពាក់ព័ន្ធផ្សេងៗ ដែលនៅបន្តចាប់ខ្លួន និងឃុំខ្លួន ប្រជាពលរដ្ឋតវ៉ាលើករណីទំនាស់ដីធ្លី ដោយសម្តីវិធី ដែលមិនមែនជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែងដាក់គុក។
ទាក់ទិនបញ្ហានេះ មន្ត្រីសង្គមស៊ីវិល ឃ្លាំមើលសិទ្ធិមនុស្សមួយចំនួន ប្រចាំខេត្តព្រះសីហនុ និយាយថា អារឿងចាប់ចងគំរាមកំហែងប្រជាពលរដ្ឋ លើករណីទំនាស់ដីធ្លី របស់កម្លាំងកម្លាំងសមត្ថកិច្ចចម្រុះ ជាពិសេសកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់តំណាងពលរដ្ឋ កសាងសំណុំរឿងបញ្ជូនទៅតុលាការដាក់គុកច្រវ៉ាក់ហ្នឹង គឺកើតមានមិនធម្មតាទេ នៅមូលដ្ឋានខេត្តព្រះសីហនុ ពោលគឺតែងកើតមានជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។
យ៉ាងនេះក្តី អ្នកយកព័ត៌មានគេហទំព័រ “CEN” ប្រចាំខេត្តព្រះសីហនុ មិនទាន់អាចទាក់ទងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបំភ្លឺ ចំពោះករណីខាងលើនេះបាននៅឡើយទេ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ។
យ៉ាងនេះក្តីកន្លងមក លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្លាប់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការបញ្ជូនកម្លាំងចុះអនុវត្តកិច្ចការងារ ឬក៏ឃាត់ខ្លួនប្រជាពលរដ្ឋមានទំនាស់ដីធ្លី ក៏ដូចជាជនសង្ស័យណាម្នាក់ គឺបានអនុវត្តស្របតាមច្បាប់ ត្រឹមត្រូវ ដោយមានការស្នើសុំកម្លាំងជំនាញ របស់លោក ពីស្ថាប័នជំនាញពាក់ព័ន្ធផ្សេងៗ រួមមាន៖ ស្ថាប័នតុលាការជាដើម។
បន្ថែមលើនេះ លោក ហេង ប៊ុនទី បញ្ជាក់ថា កម្លាំងជំនាញ របស់លោក មុននឹងចុះអនុវត្តករណីអ្វីមួយ ក៏ទទួលបានបទបញ្ជា ឬការអនុញ្ញាតជាមុន ពីថ្នាក់ដឹកនាំថ្នាក់លើ របស់ខ្លួនជាមុន ទើបអាចបញ្ជូនកម្លាំងចុះអនុវត្តការងារទាំងនោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញដីកាឃុំខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន២នាក់ ដាក់ក្នុងពន្ធនាគារខេត្តនេះជាបណ្តោះអាសន្ន។ កា
រសម្រេចនេះ គឺជាប់ពាក់ព័ន្ធករណីធ្វើទារុណកម្ម រហូតធ្វើឲ្យបុរសម្នាក់ បានស្លាប់នៅពេលជាប់ឃុំ។
មន្ត្រីកងរាជអាវុធហត្ថខេត្តទាំង២រូបនេះរួមមាន៖ លោកវរសេនីយឯក ស ប៊ុនសឿង ជាមេបញ្ជារងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកអនុសេនីយ៍ទោ ឆយ រដ្ឋនា ជាជំនួយការការិយាល័យគ្រឿងញៀន។
ជនជាប់ចោទខាងលើនេះ ត្រូវក្រុមស៊ើបអង្កេតពិសេស បានរកឃើញថា មានជាប់ពាក់ព័ន្ធការស្លាប់ របស់ប្រជាពលរដ្ឋមានទំនាស់ដីធ្លីម្នាក់ឈ្មោះ ទុយ ស្រស់ ដែលត្រូវមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាប់ខ្លួន ក្នុងវិវាទដីធ្លី នៅក្នុងមូលដ្ឋាននេះ។
សេចក្តីប្រកាស របស់សាលាដំបូងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថទាំង ២រូបខាងលើនេះ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទប្រកាន់ពីបទហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាស្ថានទម្ងន់ទោស ដោយសារមរណភាព នៃជនរងគ្រោះ តាមមាត្រា២១៨ និងមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជណាចក្រកម្ពុជា។
មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទាំង២នាក់ខាងលើនេះ ត្រូវបានកម្លាំងកងអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនសំណុំរឿង ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ទាក់ទងករណីធ្វើទារុណកម្មបុរសជាជនសង្ស័យម្នាក់ បណ្តាលឲ្យស្លាប់ ពេលស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។
ជាវិធានការផ្លូវច្បាប់ ចំពោះមន្ត្រីប្រដាប់អាវុធខេត្តបន្ទាយមានជ័យទាំង២នាក់នេះ បានកើតឡើង បន្ទាប់ពី សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់បទបញ្ជាដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ឲ្យបើកការស៊ើបអង្កេតទៅលើការស្លាប់ របស់ប្រជាពលរដ្ឋម្នាក់។ ហើយថា បទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយ ក្រុមអ្នកសារព័ត៌មានក្នុងស្រុកមានចំនួនជាង៥ពាន់នាក់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាឲ្យប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្រាវជ្រាវឲ្យបានល្អិតល្អន់ លើករណីមានការលើកឡើងថា មានមនុស្សស្លាប់ ក្នុងពន្ធនាគារ ដោយសារការធ្វើទារុណកម្ម នៅខេត្តបន្ទាយមានជ័យ។
គួររំលឹកថា លោក ទុយ ស្រស់ គឺជាតំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លី នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយ បានស្លាប់កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ គឺក្រោយពេលមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជាមួយប្រជាពលរដ្ឋ៣នាក់ទៀត រួចបាននាំខ្លួនយកទៅដាក់ ក្នុងកន្លែងឃុំឃាំងរបស់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ក្រោយមកត្រូវបានបញ្ជូនបន្តទៅដាក់គុក ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ជាទីកន្លែង ដែលជនរងគ្រោះបានស្លាប់បាត់បង់ជីវិត៕ ដោយ ៖ ដែន សីមា