ភ្នំពេញ៖ ខណៈពេលដែលចំណាប់អារម្មណ៍របស់សិស្ស និស្សិតកម្ពុជាទៅលើបទពិសោធន៍សិក្សានៅបរទេសមានការកើនឡើងគួរឲ្យកត់សម្គាល់ ចក្រភពអង់គ្លេសក្លាយជាជម្រើសដ៏ទាក់ទាញមួយ ក្នុងចំណោមប្រទេសគោលដៅដទៃទៀត។
កាលពី ៣ទសវត្សន៍មុន ទោះបីជាតម្រូវការភាសាអង់គ្លេសក្នុងប្រទេសកម្ពុជាមានការកើនឡើង ការធ្វើដំណើរទៅសិក្សានៅចក្រភពអង់គ្លេស មានការលំបាកដោយសារតែកត្តាផ្សេងៗជាច្រើន។ បច្ចុប្បន្ននេះ ភាសាអង់គ្លេសនៅតែមានប្រជាប្រិយភាព ប៉ុន្តែការធ្វើដំណើរទៅបន្តការសិក្សានៅអង់គ្លេសមានភាពងាយស្រួលជាងមុន ដោយសារព័ត៌មានត្រូវបានផ្សព្វផ្សាយទូលំទូលាយ ជីវភាពប្រជាជនកម្ពុជាមានភាពប្រសើរឡើង ការប្រើប្រាស់ភាសាអង់គ្លេសក៏ល្អជាងមុន ហើយលើសពីនោះទៅទៀតគឺ សេវាកម្មរបស់ស្ថាប័នអប់រំ IDP ដែលណែនាំសិស្ស និស្សិត និងមាតាបិតា អំពីជម្រើសសិក្សា ដំណើរការចុះឈ្មោះ ព្រមទាំងលក្ខខណ្ឌ និងដំណើការសុំទិដ្ឋាការទៅសិក្សានៅអង់គ្លេស។
ស្ថាប័នអប់រំ IDP គឺជាស្ថាប័នឈានមុខក្នុងការផ្តល់ប្រឹក្សាព័ត៌មាន និងបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេស ដែលមានការិយាល័យជាង ១០០ ជុំវិញពិភពលោក រួមទាំងនៅទីក្រុង London ផងដែរ។ នៅប្រទេសកម្ពុជា ការិយាល័យរបស់ស្ថាប័នអប់រំ IDP មានទីតាំងនៅសាខាទាំង៥ របស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ សេវាកម្មរបស់ស្ថាប័នអប់រំ IDP ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថាប័នអប់រំ IDP បានអញ្ជើញអ្នកតំណាងវិទ្យាល័យ និងសាកលវិទ្យាល័យនានានៅចក្រភពអង់គ្លេសមកដាក់បង្ហាញជម្រើសសិក្សា នៅកម្មវិធីពិព័រណ៍ប្រចាំឆ្នាំស្តីពីការសិក្សា និងអាហារូបករណ៍នៅអង់គ្លេស ក្នុងគោលបំណងផ្តល់ឱកាសឲ្យសិស្ស និស្សិត និងមាតាបិតាកម្ពុជា បានជួបផ្ទាល់ជាមួយតំណាងស្ថាប័ន និងទទួលបាននូវព័ត៌មានសំខាន់ៗអំពីការសិក្សានៅអង់គ្លេស។
កម្មវិធីពិព័រណ៍នេះត្រូវបានប្រកាសបើកជាផ្លូវការដោយ លោកជំទាវ Tina Redshaw ដែលជាឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា និងលោក ម៉ៅ ស្រេង ដែលជានាយកស្ថាប័នអប់រំ IDP ប្រចាំប្រទេសកម្ពុជា។ អ្នកចូលរួមប្រមាណជាង៥០០នាក់ ក៏បានទទួលនូវព័ត៌មានអំពីអាហារូបករណ៍ផ្សេងៗ រួមមានទាំងអាហារូបករណ៍របស់រាជរដ្ឋាភិបាលអង់គ្លេស Chevening ដែលព័ត៌មានត្រូវបានផ្តល់ឲ្យពីសំណាក់មន្ត្រីតំណាងមកពីស្ថានទូតអង់គ្លេស និងអតីតៈនិស្សិតអាហារូបករណ៍ Chevening ផ្ទាល់តែម្តង។
លោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា បានថ្លែងក្នុងចំណាប់អារម្មណ៍បើកកម្មវិធីថា “សិស្ស និស្សិត មកពីកម្ពុជា និងប្រទេសផ្សេងៗ ដែលជ្រើសរើសបន្តការសិក្សានៅអង់គ្លេស មានចំនួនកើនឡើងដោយសារកត្តាមួយចំនួនដូចជា គុណភាពនៃការអប់រំ បរិក្ខារសិក្សាកម្រិតពិភពលោក ជម្រើសសិក្សាដែលអភិវឌ្ឍសិស្ស និស្សិតឲ្យក្លាយជាប្រជាជនសកលលោក ទីក្រុងសម្បូរបែប និងធនធានធម្មជាតិដ៏ស្រស់បំព្រង។”
លោក ម៉ៅ ស្រេង ក៏បានមានប្រសាសន៍ថា “ជំនួបផ្ទាល់រវាង សិស្ស និស្សិត និងមាតាបិតា ជាមួយតំណាងស្ថាប័នមកពីចក្រភពអង់គ្លេស ផ្តល់ឱកាសឲ្យពួកគាត់ពិភាក្សាស៊ីជម្រៅអំពី កម្មវិធីសិក្សា លក្ខខណ្ឌចូលរៀន ដំណើរការចុះឈ្មោះ និងបរិក្ខារសិក្សា ដើម្បីឲ្យ សិស្ស និស្សិត ធ្វើការសម្រេចចិត្តសមស្របទៅតាមស្ថានភាពផ្ទាល់ខ្លួន និងគំរោងទៅថ្ងៃអនាគត។”
ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏មានវត្តមានក្នុងកម្មវិធីនេះ ដើម្បីផ្តល់នូវព័ត៌មានអំពីការសិក្សាភាសាអង់គ្លេស ដល់សិស្ស និស្សិតដែលត្រៀមខ្លួនបំពេញលក្ខខណ្ឌរបស់ស្ថាប័នអប់រំនានានៅចក្រភពអង់គ្លេស។ ក្រុមការងារមជ្ឈមណ្ឌលប្រឡង IELTS ប្រចាំប្រទេសកម្ពុជា ក៏បានចូលរួមផ្តល់ប្រឹក្សាពីការចុះឈ្មោះប្រឡង IELTS និងថ្នាក់សិក្សាត្រៀម។ អ្នកចូលរួមក៏មានឱកាសធ្វើតេស្តសាកល្បងតាមប្រព័ន្ធកុំព្យូទ័រ (CDI) ដោយឥតគិតថ្លៃផងដែរ។ CDI គឺជាជម្រើសថ្មីសម្រាប់អ្នកចុះឈ្មោះប្រឡង IELTS។
លោក វង្ស បញ្ញា ដែលជាអ្នកចូលរួមកម្មវិធីពិព័រណ៍ បានបញ្ចេញមតិថា “កម្មវិធីនេះគឺជាឱកាសល្អសម្រាប់ឲ្យសិស្ស និស្សិតកម្ពុជាបានដឹងបន្ថែមពីលក្ខខណ្ឌសិក្សាផ្សេងៗ និងត្រៀមខ្លួនរួចរាល់សម្រាប់បន្តការសិក្សានៅចក្រភពអង់គ្លេស”៕ដោយ៖កូឡាប
ប្រសិនបើអ្នកមិនបានចូលរួមកម្មវិធីពិព័រណ៍ អ្នកអាចទទួលព័ត៌មាន និងការណែនាំពីអ្នកប្រឹក្សារបស់ស្ថាប័នអប់រំ IDP តាមរយៈ ០៧៧ ៦៦៧ ១២២ ឬ www.idp.com/cambodia/