ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង រដ្ឋមន្ត្រីបរិស្ថាន និងទេសចរណ៍ម៉ុងហ្គោលី ឯកភាពគ្នាពិភាក្សាលើលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរដ្ឋធានីអ៊ូឡាបាទ័រ និងឯកភាពលើការរៀបចំឲ្យមានអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ព្រមទាំងប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នាកាន់តែខ្លាំងឡើង ដើម្បីជំរុញលំហូរទេសចររវាងប្រទេសទាំងពីរទៅវិញទៅមក។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន ជំនួបពិភាក្សាជាមួយ លោក ស៊ែរ៉ែនបាត ណាមរ៉ាយ (Tserenbat Namsrai) រដ្ឋមន្ត្រីបរិស្ថាន និងទេសចរណ៍ម៉ុងហ្គោលី នៅទីស្ដីការក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។
នាឱកាសនោះ លោក រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីការបន្តអភិវឌ្ឍវិស័យទេសចរណ៍ តាមគោលការណ៍ចីរភាពរបស់កម្ពុជា ជាពិសេសការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ស្របតាមគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០៣០ ក្រោមយន្តការការងារអន្តរក្រសួង ដែលនឹងចូលរួមដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ។
លោក រដ្ឋមន្ត្រីម៉ុងហ្គោលី ក៏បានកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា ជាពិសេសការរីកចម្រើនឥតឈប់នៃវិស័យទេសចរណ៍ និងបានគាំទ្រឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍។
ក្នុងជំនួននោះ
ភាគីទាំងពីរបានឯកភាពលើការរៀបចំឲ្យមានអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ដោយផ្ដោតលើ៖
១៖ ជំរុញការចែករំលែកបទពិសោធន៍ និងអភិវឌ្ឍរួមគ្នាលើទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា។ល។
២៖ ផ្លាស់ប្តូរដំណើរទស្សនកិច្ចស្វែងយល់ និងទស្សនកិច្ចផ្លូវការដល់ផ្នែកឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីទេសចរណ៍ជាតិ ដើម្បីជំរុញការយល់ដឹងពីវប្បធម៌ និងគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ។
៣៖ ពិភាក្សាលើលទ្ធភាពឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។
៤៖ ជំរុញការគាំទ្រគ្នាលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដោយជំរុញផ្នែកឯកជន និងសាធារណៈចូលរួមព្រឹត្តិការណ៍ទេសចរណ៍ ដែលរៀបចំដោយប្រទេសនីមួយៗ។
សូមរំលឹកថា កម្ពុជា និងម៉ុងហ្គោលីបានបង្កើតទំនាក់ទំនងការទូតដំបូងនៅឆ្នាំ១៩៦០ ហើយបន្ទាប់ពីកម្ពុជាបានឆ្លងកាត់សម័យកាលដ៏ខ្មៅងងឹត ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៧៩ ដោយបានជួយគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ៕ ដោយ៖បញ្ញាស័ក្តិ