Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ទីផ្សារ​ជូន​សហគ្រាស​ធុន​តូច និង​មធ្យម​កម្រិត​មីក្រូ​នៅ​កម្ពុជា ឱ្យ​ស្របតាម​ស្តង់ដារ​ក្រុមហ៊ុន​ជប៉ុន​

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន បានប្រកាស​បើក​សិក្ខាសាលា​ស្តីពី “​អត្ថប្រយោជន៍​ពី​ខ្សែសង្វាក់​តម្លៃ​តាមរយៈ​ការភ្ជាប់​ទំនាក់ទំនងរ​វាង​សហគ្រាស​ធុន​តូច និង​មធ្យម​កម្រិត​មីក្រូ (Benefiting from Value Chains through MSME Linkages)” ក្នុង​គោលបំណង​ជួយ​រួមចំណែក គាំទ្រ​កម្មវិធី​ពង្រីកពង្រឹង​ធនធានមនុស្ស ដែលជា​យន្តការ​បម្រើ​ដល់​យុទ្ធសាស្ត្រ​ជំរុញ ការនាំចេញ​របស់​អាស៊ាន ជាពិសេស​សម្រាប់​កម្ពុជា ដោយ​ផ្តោត​សំខាន់​ផ្តល់នូវ​ចំណេះដឹង និង​ពង្រឹងសមត្ថភាព​ជូន​សហគ្រាស​ធុន​តូច និង​មធ្យម​កម្រិត​មីក្រូ​នៅ​កម្ពុជា ពី​របៀប​ត្រៀម​រៀបចំ​ខ្សែសង្វាក់​តម្លៃ​របស់ខ្លួន ឱ្យ​ស្របតាម​ស្តង់ដារ​ក្រុមហ៊ុន​ជប៉ុន ក៏ដូចជា​ក្រុមហ៊ុន​ដែលមាន​កម្រិតស្តង់ដារ របស់​ប្រទេស​អភិវឌ្ឍន៍​មួយចំនួនទៀត​នៅលើ​ពិភពលោក នា​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។

​លោក ប៊ុន ច​ន្ធី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បាន​ឡើង​ថ្លែង​សុន្ទរកថា បើក​សិក្ខាសាលា ដោយ​ស្វាគមន៍​ចំពោះ លោក Masatake Fujita អគ្គលេខាធិការ នៃ​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន ព្រមទាំង សមាជិក នៃ​ប្រតិភូ​ទាំងអស់ ដែល​បាន​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម បានរៀបចំ​សិក្ខាសាលា​នេះ​ឡើង ដោយមាន​ការចូលរួម​ពី​វាគ្មិន​ជំនាញ ចែកជូន​នូវ​បទ​បង្ហាញ​ដ៏​មាន​សារប្រយោជន៍​ដល់​សិក្ខាកាម​ទាំងអស់ ដែល​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩-៣១ ខែមករា ឆ្នាំ​២០២០ ដោយមាន​សិក្ខាកាម​សរុប​ជាង ១២៨​នាក់ ។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​អនុរដ្ឋលេខាធិការ បានលើកឡើង​ពី​ការអភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​ជា​បន្ត​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​ពង្រឹង និង​ជំរុញ​កំណើនសេដ្ឋកិច្ច​រវាង​ប្រទេស ទាំងពីរ​ឱ្យមាន​ប្រៀប​លើ​ការប្រកួតប្រជែង​ក្នុង​របត់​ទីផ្សារ​ពិភពលោក ដែល​កំពុង​ធ្វើ​បដិវត្តន៍​ឌីជីថល ៤.០​។ ប្រទេស​កម្ពុជា មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ជប៉ុន នៅ​ឆ្នាំ​២០១៨ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១.៥៨៨ លាន​ដុល្លារ ក្នុងនោះ កម្ពុជា​បាន​នាំ​ចេញទៅ​ជប៉ុន នូវ​ទំនិញ​សក្តានុពល​មួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង ខ្សែ​អ៊ី​សូ​ឡង់ និង​បរិក្ខា​អគ្គីសនី​។​ល​។​

​លោក​ក៏បាន​បន្ថែមទៀតថា ផ្អែក​តាម​កំណត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គិតពី​ឆ្នាំ​១៩៩៤ រហូតដល់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ គម្រោង​វិនិយោគ​របស់​ជប៉ុន​ចំនួន ១៣៧​គម្រោង ក្នុង​ទុន វិនិយោគ​សរុប​ចំនួន​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ ផ្តោត​សំខាន់​លើ​ផលិតផល​គ្រឿង​បង្គុំ​អគ្គីសនី និង​អេឡិចត្រូនិក គ្រឿង​បង្គុំ​រថយន្ត និង​បរិក្ខារ​បច្ចេកទេស​ក​សិ​-​ឧស្សាហកម្ម ការកែច្នៃ​ម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និង​ផ្សារ​ទំនើប​។ ក្រៅពី​គម្រោង​វិនិយោគ​ដែល​បាន​ចុះបញ្ជី នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខាងលើ ក៏មាន​វត្ត​មាននៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​តូចធំ ប្រមាណ ១.៧០០ ក្រុមហ៊ុន ដែលមាន​សកម្មភាព​ក្នុង​វិស័យ​ដូចជា​៖ វិស័យ​ធនាគារ អាកាសចរណ៍ និង​ភោជនីយដ្ឋាន ជាដើម​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×