ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធគម្រោង Go4eCAM ដែលជាគម្រោងថ្មីមួយដែលផ្តោតលើការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ជាពិសេសការទទួលបាននូវអត្ថប្រយោជន៍ពិតៗពីការធ្វើ E-Commerce ដោយសហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់កម្ពុជា។
នៅក្នុងសុន្ទរកថាសម្ពោធរបស់ លោករដ្ឋមន្ត្រី បានឲ្យដឹងថា គម្រោង Go4eCAM ជាគំនិតផ្ដួចផ្ដើមថ្មីមួយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបង្ហាញពីសក្ដានុពល និងទទួលបានផលប្រយោជន៍ពិតៗ ពីការធ្វើ E-Commerce ដោយសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ដើម្បីឈោងចាប់ទីផ្សារ និងអតិថិជនធំទូលាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងបង្កើនការលក់ ពង្រីកអាជីវកម្ម និងបង្កើតការងារថ្មីៗ។ គំនិតបង្កើតគម្រោងនេះ គឺចេញពីគំនិតផ្ដួចផ្ដើមជាច្រើនរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបង្កើតយុទ្ធសាស្ត្រ និងគោលនយោបាយច្បាស់លាស់ដែលអាចអនុវត្តបាន ដោយក្នុងនោះរួមមានយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ២០១៩-២០២៣ ដែលបានកំណត់យកសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ជាប្រភពនៃកំណើនថ្មី។ លើសពីផងដែរ ក្រសួងក៏កំពុងតែរៀបចំបញ្ចប់នូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមអេឡិចត្រូនិក ហើយយុទ្ធសាស្ត្រទាំងនេះ បានសង្កត់ធ្ងន់អំពីសក្ដានុពលនៃការធ្វើ E-Commerce ក្នុងការរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្ត្រី បានបន្ថែមថា ការរៀបចំគម្រោង Go4eCAMនេះ គឺចំពេលវេលាមួយដ៏សក្ដិសម គាប់ជួនជាមួយនឹងការអនុម័ន្តនៃច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីទទួលបានផលប្រយោជន៍ពីការធ្វើ E-Commerce ដោយសហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាសដឹកនាំដោយស្ដ្រី និងយុវជន។ គម្រោងនេះនឹងផ្ដល់ជូននូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតរួមមាន ការបង្កើនផលិតភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ ពង្រីកអាជីវកម្ម និងបង្កើតការងារថ្មីៗនៅកម្ពុជា។
លោកបណ្ឌិត រតនាការ អាឌីការី នាយកប្រតិបត្តិរបស់ EIF បានវាយតម្លៃខ្ពស់ដល់គម្រោង Go4eCAM ជាពិសេសទៅលើគោលដៅគម្រោងដែលផ្ដោតទៅលើសហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាសដែលដឹកនាំដោយស្ដ្រី និងយុវជន។ ប្រទេសកម្ពុជា ជាប្រទេសគំរូមួយក្នុងការអនុវត្តកម្មវិធីរបស់ EIF ហើយបានផ្ដល់នូវការអនុវត្តល្អៗដល់ប្រទេសដទៃទៀត។ ស្ថាប័ន EIF មានមោទនភាពលើកិច្ចសហការបន្តជាមួយនឹងកម្ពុជាលើគម្រោង Go4eCAM ហើយសង្ឃឹមថាការអនុវត្តនឹងប្រព្រឹត្តដោយរលូន និងប្រកបដោយផ្លែផ្កា។
ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី ក៏បានផ្ដល់កិត្តិយសផ្ដល់វិញ្ញាបនប័ត្រជូនសិក្ខាកាមចំនួន ២២ រូប មកពីប្រទេសចំនួន ១០ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានចូលរួមក្នុងសិក្ខាសាលាស្ដីពីការត្រួតពិនិត្យ វាយតម្លៃ និងសិក្សាថ្នាក់តំបន់ (Regional EIF Monitoring, Evaluation and Learning (MEL) Workshop) ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងស្ថាប័ន EIF ចំនួន ៣ ថ្ងៃពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២០។
សូមបញ្ជាក់ថា គម្រោង Go4eCAM ត្រូវបានអនុម័តដោយស្ថាប័ន EIF នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នឹងមានថវិកាប្រមាណ ២,៥ លានដុល្លារអាមេរិក ដោយក្នុងនោះមានជំនួយឥតសំណងរបស់ EIF ប្រមាណ ១,៥ លានដុល្លារអាមេរិក និងថវិការបស់រដ្ឋាភិបាល អង្គការ UNDP និងបដិភាគរបស់វិស័យឯកជន មួយចំនួនទៀត សម្រាប់រយៈពេលអនុវត្ត ៣០ខែ។ គម្រោងនេះ គ្រោងនឹងអនុវត្តនៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ដោយមានសមាសភាពធំៗចំនួន ៣ គឺ៖ ១) បរិយាកាសធុរកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យម៖ ផ្ដោតលើការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសអាជីវកម្ម ដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យមទាញយកផលប្រយោជន៍ពីទីផ្សារអនឡាញប្រភេទ B2B2C មួយរបស់ក្រសួងពាណិជ្ជកម្ម ជាពិសេសសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន។ ២) ជំនាញ និងសហគ្រិនភាពសម្រាប់ការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក៖ សមាភាពនេះមានគោលបំណងពង្រឹងខ្សែចង្វាក់តម្លៃ E-Commerce និងលើកកម្ពស់ជំនាញសហគ្រិនភាព និងហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងធម្យមដែលមានវត្តមានអនឡាញក្នុងទីផ្សារ B2B2C។ ៣) ការទទួលបានឥណទាន និងពង្រឹងឡូជីស្ទិក និងសម្រួលពាណិជ្ជកម្ម៖ សម្រួល និងផ្គូផ្គងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាក្រុមហ៊ុនចាប់ផ្ដើមថ្មីៗរបស់កម្ពុជា ដែលធ្វើអាជីវកម្មក្នុងវិស័យ E-Commerce ផ្លូវការ ជាមួយនឹងវិនិយោគិនក្នុងស្រុក និងបរទេស៕ដោយ៖កូឡាប