ភ្នំពេញ៖ ក្នុងវេទិកា ស្ដីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល សម្ដេច ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានថ្លែងថា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានទទួលសេចក្តីរាយការណ៍២ករណី ពាក់ព័ន្ធការសួរនាំពីអាជ្ញាធរមូលដ្ឋាន នៅខេត្តបាត់ដំបង ដែលអាជ្ញាធរឃុំ ពុំចេញលិខិតបញ្ជាក់ អាសយដ្ឋាន ទីស្នាក់ការរបស់អង្គការ និងខេត្តបន្ទាយមានជ័យ អាជ្ញាធរស្រុកតម្រូវឲ្យអង្គការដាក់ លិខិតស្នើសុំធ្វើសកម្មភាព ដែលករណីនេះ គឺផ្ទុយទៅនឹងគោលការណ៍ណែនាំ របស់ក្រសួង ។
នៅពេលដែលអ្នកសារព័ត៌មានចោទសួរទៅសម្តេចនាយករដ្ឋមន្រ្តីស្តីទី ពាក់ព័ន្ធថាអាជ្ញាធរកម្ពុជាមានការរឹតត្បិតទៅលើការជួបជុំ និងសិទ្ធិប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ និងការតវ៉ាផ្សេងៗ កាលពីឆ្នាំ២០០១៩កន្លងទៅនោះ ? សម្តេច បានបញ្ជាក់ថា “ខ្ញុំដូចជាមិនដឹងថានៅកន្លែងមាន ខ្ញុំចង់ដឹងព័ត៌មាននេះថាឲ្យវាជាក់លាក់ថានៅកន្លែងណា ខ្ញុំបានបញ្ជាក់ហើយថា សូមឲ្យមានព័ត៌មានជាក់លាក់ ហើយនៅពេលមានព័ត៌មានហើយ យើងមានដៃគូដើម្បីជជែក ដោះស្រាយបញ្ហា គឺគាត់មិនព្រមយកបញ្ហាមកដាក់លើតុដោះស្រាយនោះទេ គឺគាត់ទៅបំផ្លោងព័ត៌មាន គឺខ្ញុំគិតថាព័ត៌មាននេះ គឺជាព័ត៌មានមិនពិត”។
សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការផ្សព្វផ្សាយព័ត៌មាន របស់អង្គការសង្គមស៊ីវិលមួយចំនួន គឺជាចេតនាមិនល្អជាមួយរាជរដ្ឋាភិបាល ផ្ទុយពីអ្វីដែលជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកថា អង្គការសង្គមស៊ីវិល ជាដៃគូដ៏ល្អ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ខ្ញុំស្នើថាព័ត៌មានកុំលាក់ ឧបមាថា លូវមានបញ្ហានៅកន្លែងណា ព្រោះបើមិនចឹងយើងមិនដឹង ដោះស្រាយយ៉ាងមិចស្រាប់តែគាត់យកមកបំផ្ទុះព័ត៌មានថា ឆ្នាំនេះមានប៉ុន្មានរយករណី ដែលអាជ្ញាធរគៀបសង្កត់ គំរាមកំហែង ហើយសួរថានៅណាព័ត៌មានឲ្យគាត់ផ្ដល់ព័ត៌មានជាក់លាក់មក គាត់អត់ហ៊ានផ្ដល់ទេ ចឹងបានន័យថាគាត់បំប៉ោងព័ត៌មាន ខ្ញុំអាចនិយាយចឹង។ ប្រសិនបើមានករណីវិវាទកើតឡើងមូលដ្ឋានរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរ តែអង្គការសង្គមស៊ីវិល បូកសរុបយកទៅផ្សព្វផ្សាយ តែបែរជាមិនផ្ដល់ព័ត៌មានមកសមត្ថកិច្ចទៅវិញ។ ចំណុចនេះប្រៀបបានដូចជាអង្គការសង្គមស៊ីវិល លាក់បាំងព័ត៌មាន ដូច្នេះទំនាក់ទំនងរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមិនមានតម្លាភាព ផ្ទុយពីការកសាងភាពជាដៃគូ តែជាការមើលបំណាំ។
ក្នុងអំឡុងឆមាសទី២ ឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងមហាផ្ទៃ ទទួលបាននូវសេចក្ដីរាយការណ៍ចំនួន ២ករណីប៉ុណ្ណោះ ដែលពាក់ព័ន្ធនឹងការសួរនាំពី អាជ្ញាធរមូលដ្ឋាន គឺនៅខេត្តបាត់ដំបង ដែលអាជ្ញាធរឃុំពុំចេញលិខិតបញ្ជាក់អាសយដ្ឋានទីស្នាក់របស់អង្គការ និងខេត្តបន្ទាយមានជ័យ ដែលអាជ្ញាធរស្រុក បានតម្រូវឲ្យអង្គការដាក់លិខិតស្នើសុំក្នុងការធ្វើសកម្មភាពរបស់ខ្លួន ដែលករណីនេះ គឺផ្ទុយទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។ ចំពោះករណីទាំងពីរនេះ ក្រុមការងារអន្ដរក្រសួងក៏បានធ្វើការទំនាក់ទំនងដោយផ្ទាល់ ទៅរដ្ឋបាលខេត្តទាំងពីរ ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាដែលកើតឡើងនោះបានរួចរាល់ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា នៅតែមានការប្ដេជ្ញា ចិត្តយ៉ាងមុតមាំ ក្នុងការបន្ដលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយ៉ាងពិតប្រាកដ ជាមួយអង្គការសង្គមស៊ីវិលក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច នៅតាមមូលដ្ឋាន។
រាជរដ្ឋាភិបាលស្វាគមន៍នូវអ្វីដែលអង្គការសង្គមស៊ីវិលលើកឡើង ព្រោះក្រសួងមានយន្ដការអចិន្ដ្រៃយ៍ ដើម្បីដោះស្រាយបញ្ហានានា ហើយក៏មានយន្ដការជាវេទិកាសាធារណៈ នៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិទៀតផង ប៉ុន្ដែបើអង្គការសង្គមស៊ីវិល លាក់បាំងព័ត៌មាន មិនដឹងដោះស្រាយយ៉ាងមិចនោះទេ។
សម្ដេចបន្ដថា ចំពោះករណីទាំង២នេះ ក្រុមការងារអន្តរក្រសួង ក៏បានធ្វើការទំនាក់ទំនង ដោយផ្ទាល់ទៅរដ្ឋបាលខេត្ត ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាដែលបានកើតឡើងនោះ បានរួចរាល់ផងដែរ ។ សម្ដេចថា ទោះបីយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែមានការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការបន្តលើកកម្ពស់កិច្ច សហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយអង្គការ សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ។
សម្ដេចមានប្រសាសន៍ថា “កន្លងទៅអង្គការសង្គមស៊ីវិលខ្លះ ក៏បានលើកឡើងមិនមែន២ទេ គឺច្រើនករណីរហូតដល់រាប់រាយករណី ។ ចំណុចនេះ យើងខ្ញុំមិនបដិសេធទេ ប៉ុន្តែយើងខ្ញុំមានចម្ងល់ថា ហេតុអ្វីបើមានករណីបែបនេះហើយ គាត់បូកសរុបយកទៅផ្សព្វផ្សាយ តែគាត់មិនបានផ្ដល់ព័ត៌មាន មកឲ្យសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ។ ចឹងប្រៀបដូចគាត់លាក់ព័ត៌មាន អីចឹងទំនាក់ទនងរបស់យើង មិនតម្លាភាព វាមិនមែនកសាងជាភាពដៃគូ” ។
សម្ដេច ស ខេង ថា រាល់ការដោះស្រាយជាមួយអង្គការសង្គមស៊ីវិល ជាពិសេសក្រសួងក៏បានរៀបចំវេទិកាសាធារណៈនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីដោះស្រាយបញ្ហានានា ។ ជាងនេះទៅ សម្ដេចស្នើអង្គការត្រូវផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ព្រោះរាជរដ្ឋាភិបាល ចាត់ទុកអង្គការជាពីរប្រភេទរួមមាន តស៊ូមតិ និងទី ចូលរួមអភិវឌ្ឍន៍គាំទ្រកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាល ៕ដោយ៖បញ្ញាស័ក្តិ