ភ្នំពេញ៖សម្តេច ទៀ បាញ់ បានថ្លែងថា៖ ទោះបីនៅក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះ ការបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ មានបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនក្តី ដូចជាការវាយប្រហារ ពួនស្ទាក់បាញ់ បង្កៃគ្រាប់ផ្ទុះ ដាក់មីន ពីសំណាក់កងកម្លាំងប្រដាប់អាវុធ និងក្រុមឧទ្ទាមមកលើកងរក្សាសន្តិភាពកម្ពុជា បញ្ហាគ្រោះមហន្តរាយ និងគ្រោះធម្មជាតិនានា បណ្តាលឲ្យស្លាប់បាត់បង់ជីវិត និងរបួសពិការមួយចំនួនក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ពុំបានកែប្រែនូវការប្តេជ្ញាចិត្ត និងឆន្ទៈរបស់ខ្លួននោះឡើយ។
កងវិស្វកម្ម នៃខ.ភ.ម លេខ៦៩៣ ចំនួន១៨៤នាក់ ដែលបានបញ្ចប់បេសកកម្ម នៅសាធារណរដ្ឋលីបង់ បានធ្វើពិធីទទូលស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប៉ូលីន តាមេស៊ីស អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលជាតិ នាយទាហាន ពលទាហាន នៃខ.ភ.ម ពិសេសបានស្វាគមន៍ចំពោះកងវិស្វកម្ម លេខ៦៩៣ ដែលបានបញ្ចប់បេសកម្មមនុស្សធម៌ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់។ សម្តេចឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថា នេះបេសកកម្មក្នុងការរួមវិភាគទានដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌ នៅលើពិភពលោក។ សម្តេច ទៀ បាញ់ បានថ្លែងថា៖ ទោះបីនៅក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះ ការបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ មានបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនក្តី ដូចជាការវាយប្រហារ ពួនស្ទាក់បាញ់ បង្កៃគ្រាប់ផ្ទុះ ដាក់មីន ពីសំណាក់កងកម្លាំងប្រដាប់អាវុធ និងក្រុមឧទ្ទាមមកលើកងរក្សាសន្តិភាពកម្ពុជា បញ្ហាគ្រោះមហន្តរាយ និងគ្រោះធម្មជាតិនានា បណ្តាលឲ្យស្លាប់បាត់បង់ជីវិត និងរបួសពិការមួយចំនួនក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ពុំបានកែប្រែនូវការប្តេជ្ញាចិត្ត និងឆន្ទៈរបស់ខ្លួននោះឡើយ ដោយបន្តរួមចំណែករបស់កម្ពុជា ក្នុងការជួយសង្គ្រោះប្រទេសដទៃ ឲ្យទទួលបានសន្តិភាព និងចាកផុតទុក្ខវេទនានៃសង្គ្រាម និងការបំផ្លិចបំផ្លាញ។
ក្នុងរយ:ពេល១៤ឆ្នាំនេះ កម្ពុជាបន្តទទួលបានស្នាដៃធំធេងជាបន្តបន្ទាប់ ដូចជា៖ ការដោះមីន ការកម្ទេចត្រាប់មិនទាន់ផ្ទះ ការស្ថាបនាសំណង់ផ្ដេក សំណង់បញ្ឈរ ការជីកអណ្តូងទឹកស្អាត ដោយកម្ពុជាបន្តដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបាន ក្នុងតំបន់បេសកកម្ម ដែលមានហានិភ័យខ្ពស់ ព្រមជាមួយនោះ ការវាយតម្លៃរបស់ អ.ស.ប កាលពីខែកញ្ញា ឆ្នាំ២០១៩ កម្ពុជាទទួលបានលំដាប់លេខ២៨ និងស្ត្រីលេខ២០ ក្នុងចំណោម ១២០ ប្រទេសបរិច្ចាគកម្លាំងចូលរួមបេសកកម្ម និងលំដាប់ថ្នាក់លេខ២ ក្នុងបណ្តាសហគមន៍អាស៊ាន ដែលបានបញ្ជូនយុទ្ធនារីទៅកាន់តំបន់បេសកកម្ម។ មកទល់នឹងពេលនេះ កម្ពុជាបានបញ្ជូនកម្លាំងសរុបចំនួន ៦៧៤១នាក់ ក្នុងនោះមាននារីចំនួន៣៦២នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ រួមមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, សាយប្រឹស, ស៊ីរី, ម៉ាលី, យេម៉ែន ដែលស្ថិតនៅក្នុងទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប លើជំនាញ បោសសំអាតមីន វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកំរិត២ វិស្វកម្មព្រលានយន្តហោះ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្ន កំពុងបំពេញបេសកកម្មក្នុងប្រទេសចំនួន ៦រួមមានៈ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, អាហ្វ្រិកកណ្តាល, លីបង, ម៉ាលី និងយេម៉ែន ។
លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ បានមានប្រសាសន៍ឲ្យដឹងថា៖ បេសកកម្មនៅសាធារណរដ្ឋលីបង់ ជាឆ្នាំទី១០ ហើយកងវិស្វកម្ម លេខ៦៩៣ គឺជាកងទី៩ ដែលបានចូលរួម អនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងលទ្ធផលគួរជាទីមោទនៈ ដូចបណ្តាកងមុនៗដែរ។ កងលេខ ៦៩៣ ឈរជើងនៅភាគខាងកើត ក្នុងក្រុងម៉ាចាយ័ន (MARJAYOUN) នៃសាធារណរដ្ឋលីបង់ ដោយបានចូលរួមបំពេញភារកិច្ចបោសសម្អាតមីន បម្រើការសាងសង់ និងជួសជុលបង្គោលព្រំដែនសន្តិភាព (Blue Barrel) សាងសង់ និងជួសជុលមន្ទីរពេទ្យ សំណង់ប៉ុស្តិ៍ប៉ម ថ្នល់ របាំងការពារគ្រាប់ និងសំណង់ផ្សេងៗទៀតជូនដល់កងទ័ពមួកខៀវមកពីបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់បេសកកម្ម ស្ថិតនៅតាមព្រំដែនរវាងប្រទេសលីបង់ ស៊ីរី និងអ៊ុស្រាអ៊ែល។ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជា និងគោរពវិន័យយ៉ាងខ្ជាប់ខ្លួន ជាលទ្ធផលកងវិស្វកម្មកម្ពុជា ទទួលបាននូវការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មន្ត្រី អ៊ុនម៉ាស់ (UNMAS) និង បេសកកម្ម យូនីហ្វ៊ីល( UNIFIL) ទាំងមូលគួរជាទីមោទនៈ។ កម្ពុជាបន្តរក្សាបាននូវប្រពៃណីល្អ ដោយបន្តជាប្រទេសមួយក្នុងចំណោម ១៤ប្រទេស ដែលមិនមានជាប់ពាក់ព័ន្ធនឹងអំពើហឹង្សា និងការកេងប្រវ័ញ្ចជួញដូរផ្លូវភេទ ដែលយើងដាច់ខាតប្តេជ្ញាបន្តរក្សាកេរ្តិ៍ឈ្មោះដ៏ល្អនេះ តទៅទៀតឲ្យខាងតែបាន។
លោកស្រី ប៉ូលីន តាមេស៊ីស អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាការវិនិយោគដ៏សំខាន់មួយ ដើម្បីសន្តិសុខ និងសន្តិភាពពិភពលោក។ វាតម្រូវឲ្យមានការតាំងចិត្តដ៏រឹងមាំពីថ្នាក់អន្តរជាតិ។ កម្ពុជាធ្លាប់ជាប្រទេសដែលទទួលការជួយគាំទ្រពីអង្គការសហប្រជាជាតិ និងកម្លាំងរក្សាសន្តិភាព តាមរយៈបេសកកម្ម UNTAC ហើយបានក្លាយជាប្រទេសបរិច្ចាគមួយក្នុងចំណោមប្រទេសនាំមុខ ក្នុងសហគមន៍អាស៊ាន ដែលបរិច្ចាគកម្លាំងច្រើនជាងគេ។ នេះគឺជាជោគជ័យដ៏គួរឲ្យកត់សម្គាល់មួយ។ ហើយជោគជ័យដែលនឹងបន្តនាំមកនូវការកើនឡើង នៃកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងអ.ស.ប។ លោកស្រី ជឿជាក់ថា៖ បទពិសោធន៍ និងការបរិច្ចាគជាច្រើនរបស់កម្ពុជា លើវិស័យរក្សាសន្តិភាព និងការចូលរួមរបស់ស្ត្រី គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ យើងត្រូវការឲ្យមាននារីកាន់តែច្រើន ដើម្បីជាស្នូលនៃការបង្កើតសន្តិភាព និងសន្តិសុខ៕ដោយ៖កូឡាប