ខេត្តមណ្ឌលគិរី ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចេញប្រកាសព័ត៌មាន លើផេកហ្វេសប៊ុកថា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជូនជនសង្ស័យចំនួន៩នាក់ ទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណីកាប់បំផ្លាញរុក្ខជាតិ ក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ តាមបញ្ញត្តិមាត្រា៥៦ និងមាត្រា៦០ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
ជនសង្ស័យទាំង៩នាក់ដែលត្រូវបានមន្រ្តីឧទ្យានុរក្សចាប់ឃាត់ខ្លួនមានឈ្មោះ ៖ ១.ឈ្មោះ លឹម វ៉ាន់ខង ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិស្រែត្នោត ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ។ ២.ឈ្មោះ សេង ជា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ។ ៣.ឈ្មោះ ហ៊ុន សាត ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិព្រែកតាអាំ ឃុំបុសឡេវ ស្រុកចិត្របូរី ខេត្តក្រចេះ ។ ៤.ឈ្មោះ អ៊ន តេន ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ។ ៥.ឈ្មោះ វ៉ាន់ ចាន់រី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ។ ៦.ឈ្មោះ ឃឿន សុខេង ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។ ៧.ឈ្មោះ រ៉ែន ដែន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ។ ៨.ឈ្មោះ រ៉ែន មិនា ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ។ ៩.ឈ្មោះ អោក ភក្រ្តា ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិព្រែកតាអាំ ឃុំបុសឡេវ ស្រុកចិត្របូរី ខេត្តក្រចេះ ។
គួររំលឹកជូនថា ជនសង្ស័យទាំង០៩នាក់ខាងលើ ត្រូវបានមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនបាននៅចំណុចអូរខ្លៀវ ស្ថិតក្នុងភូមិក្ដោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ខណៈជនសង្ស័យទាំង៩នាក់ កំពុងធ្វើសកម្មភាពកាប់រំលំដើមឈើ នូវប្រភេទឈើលេខ១ និងឈើលេខ២ ដោយប្រើប្រាស់រណារយន្តអារច្រៀកឈើអស់ជាច្រើនដើម និងកំណាត់។
ជាមួយគ្នានេះមន្រ្តីឧទ្យានុរក្សបាន ដកហូតវត្ថុតាងរួមមាន រណារយន្តចំនួន៤គ្រឿង, ម៉ូតូចំនួន១គ្រឿង ឧបករណ៍ឆក់ចំនួន១គ្រឿង និងឈើមូលប្រភេទលេខ១ និងលេខ២ សរុបប្រមាណ៤ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងត្រូវបានដឹកយកទៅរក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការបរិស្ថាន ចំណែកជនសង្ស័យទាំង០៩នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖កូឡាប