ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០នេះមានជនបរទេសម្នាក់ បានដួលសន្លប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលគ្រូពេទ្យជំនាញអះអាងថាមកពីខ្យល់គរ គឺមិនមែនមិនឆ្លងជំងឺកូរ៉ូណាវីរុស ដូចដែលបណ្តាញសង្គមផ្សព្វផ្សាយព័ត៌មាននោះទេ ។
សមត្ថកិច្ចប្រចាំនៅព្រលានយន្តហោះបានឱ្យដឹងថា ជនបរទេសនេះ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយាល់រតនៈ ។
សមត្ថកិច្ចបានអះអាងថា ក្រោយពេលពិនិត្យកំដៅក្នុងខ្លួន របស់ជនបរទេសរូបនេះគឺឃើញថា មិនមានការឡើងកម្តៅនោះទេ។
លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ថា ក្រោយពេលក្រុមគ្រូពេទ្យពិនិត្យជនរងគ្រោះហើយនោះឃើញថា ជនបរទេសរូបនេះមិនមានការពាក់ព័ន្ធនឹងជំងឺកូរ៉ូណាវីរុសទេ ដោយកម្តៅខ្លួនរបស់គាត់ធម្មតា។ ការដួលសន្លប់របស់គាត់នេះ អាចបណ្តាលមកពីខ្យល់គរ។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមថា ការដួលសន្លប់របស់ជនបរទេសរូបនេះ បណ្តាលមកពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណាវីរុស។
មន្រ្តីព្រលានយន្តហោះ បានឲ្យដឹងថា បុរសដែលដួលសន្លប់នោះ ជនជាតិឥណ្ឌាកាត់អង់គ្លេស៕ ដោយ៖កូឡាប