ចោរម្នាក់បានទទួលនូវរឿង “ល្វីងជូរចត់” ក្រោយពេលប្រើប្រាស់ឧស្ម័នហ្គាស ដើម្បីបំបែកទូ ATM មួយនៅ Scotland។
ខ្សែវីដេអូថតបានដោយ កាមេរ៉ាឃ្លាំមើល ឲ្យឃើញថា ចោររូបនេះបានខ្ទាតឡើងលើអាកាស បន្ទាប់ពីវាប្រឹងប្រែងប្រើឧស្ម័នហ្គាស ដើម្បីបំផ្លាញទូរ ATM មួយ នៅទីក្រុង Clydebank ប្រទេស Scotland។
ក្រោយមកគេរកឃើញចោររូបនោះបានដេកសន្លប់ នៅកន្លែងកើតហេតុ ដោយមានស្នាមរបួសធ្ងន់ធ្ងរនៅមុខ និងក្បាល។ វាបានត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យមហាក្សត្រយានី Elizabeth ដើម្បីព្យាបាល។
បច្ចុប្បន្នប៉ូលិសកំពុងរុករកចោរទី២ ដែលឃើញបង្ហាញវត្ថមានក្នុងខ្សែវីដេអូ ដោយវាប្រមូលលុយដាក់ក្នុងថង់មួយចំនួន រួចចាកចេញទៅដោយពុំអើពើដល់ដៃគូកំពុងរងរបួស។
មូលហេតុបឋមនៃការធ្វើឲ្យចោរទី១ ត្រូវរបួសនោះគឺបណ្តាលមកពីកម្លាំងបន្ទុះនៃឧស្ម័នបានជះទៅលើ ព្រោះគ្រាន់តែបំណែក នៃទូរ ATM បានខ្ទាតធ្លាក់ទៅឆ្ងាយ ២២ម៉ែត្រ ពីកន្លែងដើម ហើយបង្អួចទូរកញ្ចក់នៅជិតៗនោះក៏រងការខូចខាតយ៉ាងដំណំដែរ។
សាក្សីនៅកន្លែងកើតហេតុ Jamie Mae បានសរសេរលើ Twitter ថា ៖ “ខ្ញុំបានឃើញផ្សែង និងភ្លើងឆាបឆេះពីទូរដកលុយ Farmfoods។ ចោរទាំង២បានប្រឹងប៊ូមបញ្ចូលឧស្ម័នហ្គាស នៅក្នុងទូរ ATM រួចបន្ទុះវា”៕ សូយន