ភ្នំពេញ៖ ប្រទេសថៃ និងបារាំង គឺជាប្រទេស ក្នុងចំណោមប្រទេសមួយចំនួនទៀត នៅលើពិភពលោក ដែលបានបាត់បង់ប្រាក់ចំណូល ដ៏ច្រើនសម្បើម ពីវិស័យទេសចរណ៍ ជាពិសេសគឺបាត់បង់ប្រាក់ចំណូល ពីភ្ញៀវទេសចរចិន ខណៈមានការផ្ទុះឡើង នៃវីរុសផ្លូវដង្ហើម ខូវីដ-១៩ (COVID-19) ឫហៅថា វីរុសផ្លូវដង្ហើមកូរ៉ូណា នៅប្រទេសចិន ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ នេះបើតាមការផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៤កុម្ភៈនេះ។
ប្រទេសថៃ ដែលធ្លាប់តែទទួលបាន ប្រាក់ចំណូលពីភ្ញៀវទេសចរចិន ជាទឹកប្រាក់ក្នុងរង្វង់ ៥០,០០០លានបាត ស្មើនឹង ៤,៦០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ បានត្អូញត្អែថា ក្នុងរដូវចូលចិនឆ្នាំ កន្លងមកនេះ ខ្លួនបានបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន។
ចំណែកប្រទេសបារាំង ក៏បានត្អូញត្អែពីការបាត់បង់ប្រាក់ចំណូល ពីភ្ញៀវទេសចរចិន ប្រហាក់ប្រហែលគ្នានេះដែរ ដែលបារាំងធ្លាប់បានទទួលអ្នកទេសចរចិនក្នុងរង្វង់ ២លាននាក់ ក្នុងមួយឆ្នាំ ប៉ុន្តែនៅឆ្នាំ២០២០នេះ បារាំងអាចខាតបង់ទឹកប្រាក់ ១,០០០លានអឺរ៉ូ ក្នុងចំណោមទឹកប្រាក់ប្រមាណ ៤,០០០លានអឺរ៉ូ ដែលបានមកពីវិស័យទេសចរណ៍៕ ដោយ៖កូឡាប