បន្ទាយមានជ័យ ៖ ស្រុកព្រនេត្រព្រះ គឺជាស្រុកមួយក្នុងចំណោមស្រុក ក្រុង ទាំង៩ នៃខេត្តបន្ទាយមានជ័យ ដែលតែងកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ហេតុនេះហើយ នគរបាលស្រុកព្រះនេត្រព្រះ និមន្តព្រះសង្ឈ៥អង្គ សូត្រប្រោះព្រហ្មតាមដងផ្លូវជាតិលេខ៦ ដើម្បីកុំឲ្យមមានគ្រោះថ្នាក់ចរាចរណ៍។
បើយោងតាមការប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទាក់ទងនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍កន្លងមកនោះ គឺស្រុក ក្រុងដែលជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺស្រុកមង្គលបូរី ព្រះនេត្រព្រះ ស្វាយចេក អូរជ្រៅ ថ្មពួក និងក្រុងប៉ោយប៉ែត ។ ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងករនគរបាលខេត្ត ក៏បានណែនាំដល់លោកអធិការនគរបាលស្រុក ក្រុង កំណត់ទីតាំងនិងចំណុចដែលតែងកើត មានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ជាងគេ ដោយដាក់ស្លាកសញ្ញា ឬក៏ដាក់កម្លាំងនគរបាលចរាចរណ៍ នៅប្រចាំការទីនោះ ដើម្បីពញ្ញាក់ស្មារតីអ្នកបើកបរធ្វើដំណើរ មានការប្រុងប្រយ័ត្នពេលទៅដល់ចំណុចនោះ និងម្យ៉ាងវិញទៀតក្នុង១ឆ្នាំម្តង ឲ្យលោកអធិការនិមន្តព្រះសង្ឃសូត្រនិមន្តប្រោះព្រហ្មតាមដងផ្លូវដើម្បីរំដោះគ្រោះចង្រៃ ជាដើម។
ជាក់ស្តែង នៅស្រុកព្រះនេត្រព្រះ លើកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ក្រុងសិរីសោភ័ណដល់ព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកវសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យកងកម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ៅ មិច អធិការរង ទទួលផែ្នកសណ្តាប់ធ្នាប់ចរាចរណ៍ ដឹកនាំកម្លាំងជំនាញចំនួន៥នាក់ និងនិមន្តព្រះចំនួន៥អង្គ សូត្រមន្តដើម្បីប្រោះព្រហ្មបញ្ចៀសនូវគ្រោះកាច ឧបទ្រពចង្រៃឲ្យចេញឲ្យឆ្ងាយ កុំឲ្យប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវជាតិលេខ៦នេះ ជួបករណីគ្រោះថ្នាក់ចរាចរណ៍ និងសូមឲ្យមានសេចក្ដីសុខសេចក្ដីចម្រើន ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដោយចាប់ពីព្រំប្រទល់ក្រុងសិរីសោភ័ណ ទៅដល់ព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ជាមួយគ្នានោះដែរ លោកវរសេនីយ៍ មាស ប្ញទ្ធី ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់យាយន្ត ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរមានការប្រុងប្រយ័ត្ន ត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើក និងអ្នករួមដំណើរ បើករថយន្តពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព បើកបរមិនត្រូវវ៉ាជែង និងលើសល្បឿនកំណត់នោះឡើយ ។ ដើម្បីសុវត្ថិភាពចរាចរណ៍ គឺត្រូវចាប់ផ្តើមពីអ្នក ៕ដោយ៖កូឡាប