ភ្នំពេញ ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស AfD មូលដ្ឋាន ប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍លោក ភីតធឺ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោ បានបង្ហាញក្តីរំពឹងថា ក្នុងពេលស្នាក់នៅប្រទេសកម្ពុជា លោក ភីតធឺ នឹងទទួលបានក្តីសប្បាយរីករាយ ជាពិសេសបានទស្សនានូវភាពស្រស់ស្អាតក្នុងប្រទេសកម្ពុជា។ ជាពិសេសនឹងបានឃើញនូវទិដ្ឋភាព និងស្ថានភាពពិតរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ។
លោក ភីតធឺ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យរូបលោកជួបសម្តែងការគួរសម។ នៅចំពោះមសម្តេចតេជោ ហ៊ុន សែន, លោក ភីតធឺ បានថ្លែងថា លោកធ្លាប់តែអានប្រវត្តិសាស្ត្រ និងប្រវត្តិសម្តេចតេជោ ឬឮឈ្មោះសម្តេចតេជោលើបណ្តាញផ្សព្វផ្សាយនៅតំបន់អឺរ៉ុប ជាពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់។ ប៉ុន្តែថ្ងៃនេះលោក មានឱកាសបានជួបសម្តេចតេជោ ដោយផ្ទាល់។ លោក ភីតធឺ បានបង្ហាញការស្ញប់ស្ញែងចំពោះការធ្វើពលីកម្ម ក៏ដូចជាបទពិសោធរបស់សម្តេចតេជោ ក្នុងការដឹកនាំប្រទេសកម្ពុជានាពេលកន្លងមក។
លោក ភីតធឺ ក៏បានកោតសរសើរចំពោះការអភិវឌ្ឍន៍នៅកម្ពុជា។ លោក បានគូសរំលេចថា កម្ពុជា ជាប្រទេសមួយដ៏ស្រស់ស្អាត ហើយលោកពិតជាស្រឡាញ់ប្រទេសកម្ពុជាខ្លាំងណាស់ នៅពេលបានមកឃើញដោយផ្ទាល់ភ្នែក។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ភីតធឺ ក៏បានពិភាក្សាពីទិសដៅខាងមុខ គឺការពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌគណបក្សប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់របស់លោក ភីតធឺ ក៏ដូចជាក្នុងក្របខណ្ឌប្រទេស និងប្រទេស៕ រក្សាសិទ្ធដោយ៖សុទ្ធលី









