ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកPatrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា។
ក្នុងជំនួបនេះ លោកPatrick Murphy បានជម្រាបជូន សម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកបានធ្វើដំណើរទៅគ្រប់ទិសទីទាំងអស់ រួមទាំងខេត្តព្រះសីហនុ ព្រលានយន្តហោះ និងកន្លែងដទៃទៀត ហើយក៏បានទទួលនូវការស្វាគមន៍ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ជាពិសេសនៅក្នុងការចូលចតរបស់នាវាទេសចរណ៍ Westerdam ដែលមានភាគច្រើនជាជនជាតិអាមេរិចនៅក្នុងនោះ។លោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលបានឆ្លើយតបយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលឲ្យនាវាទេសចរណ៍ Westerdam បានចូលចតនៅខេត្តព្រះសីហនុ ។លោកបានមានប្រសាសន៍ថា នេះជាកាយវិកា មនុស្សធម៌យ៉ាងពិតប្រាកដ ប្រសិនបើគ្មានការអនុញ្ញាតឱ្យចូលចតទេ នោះនឹងមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ជាមិនខាន។ ទន្ទឹមនឹងនោះ លោកបានជម្រាបជូនសម្ដេចតេជោផងដែរថា នេះជាកាយវិការមនុស្សធម៌ពិតៗ របស់សម្តេចតេជោ គឺជាកាយវិការមនុស្សធម៌ នៅពេលដែលមនុស្ស កំពុងតែត្រូវការចាំបាច់ ហើយលោិក៏បានបញ្ជាក់ជម្រាបជូនសម្ដេចតេជោផងដែរថា ជាមួយនឹងកាយវិការនេះ លោកក៏បានធ្វើការសហការជាមួយនឹងស្ថាប័នកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្រសួងក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងអាជ្ញាធរដែនដី គឺមានកិច្ចសហប្រតិបត្តិការល្អណាស់ ហើយអ្វីដែលជាកត្តាសំខាន់នោះគឺនៅពេលនេះយើងមានមូលដ្ឋានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយនឹងក្រសួងសុខាភិបាល ហើយលោក បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តសហការជាមួយនឹងកម្ពុជាបន្តទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អប្រសើរ របស់ឯកឧត្តម Patrick Murphy ហើយសម្ដេចតេជោ បានមានប្រសាសន៍បន្ថែមថា អ្វីដែលកម្ពុជាធ្វើ គឺដើម្បីការងារមនុស្សធម៌សុទ្ធសាធ ពិសេសជាងនេះទៀតការងារដែលបានធ្វើនេះ គឺធ្វើដើម្បីបញ្ចៀសកុំឲ្យមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ ព្រោះថាប្រសិនណាបើនាវាទេសចរណ៍ Westerdam នេះ មិនត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុទេ មិនដឹងថានាវានេះ ត្រូវបានទៅចូលចតនៅទីណាទេ ហើយម្យ៉ាងទៀតប្រសិនបើមានអ្វីកើតឡើងនៅលើនាវានោះ អ្នកដំណើរពិតជាមានបញ្ហាជាមិនខាន។ ជាមួយគ្នានេះផងដែរ សម្ដេចតេជោបានបញ្ជាក់ផងដែរថាកាយវិការរបស់កម្ពុជានៅពេលនេះ បើទោះបីនាវាទេសចរណ៍ Westerdam មានអ្នកជំងឺក្ដី ក៏កម្ពុជានៅតែឲ្យចូលចតនៅកម្ពុជាដែរ ហើយកាន់តែឱ្យចូលចតកាន់តែលឿនបំផុតទៀតផង ព្រោះថាដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះអ្នកជំងឺនៅលើកនាវាទេសចរណ៍នេះ ហើយក៏ដូចជាជួយសង្គ្រោះប្រជាពលរដ្ឋ ដែលនៅក្នុងនាវានោះមិនឲ្យឆ្លងពីអ្នកជំងឺដែលមានមេរោគ Covid-19។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា សម្ដេចបានចុះទៅដល់ខេត្តព្រះសីហនុ និងបានទៅកន្លែងនាវាចូលចត សម្ដេចតេជោពិតជាមានក្ដី សង្វេគចិត្តខ្លាំងណាស់ ពេលឃើញអ្នកដំណើរចុះមកពីនាវា ដោយទឹកមុខរីករាយ ហើយខ្លះទៀត បានឱនលុតជង្គង់ទៅដី ដែលនោះគឺជាកាយវិកាមួយដែលធ្វើឱ្យសម្ដេចតេជោមានភាពតក់ស្លុតបំផុត ហើយអ្វីដែលជាកត្តាសំខាន់ពីរនោះទៀត គឺសម្ដេចតេជោបានមានប្រសាសន៍ថា អ្នកដំណើរតាមនាវាភាគច្រើនបានចេញពីកម្ពុជាទៅហើយ ដោយមិនមានផ្ទុកមេរោគអ្វីសោះឡើយ លើកលែងតែអ្នកដំណើរម្នាក់ដែលឆ្លងកាត់ប្រទេសម៉ាឡេស៊ី ដែលរដ្ឋាភិបាលម៉ាឡេស៊ី និងសុខាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថាមានជំងឺនេះ ប៉ុន្តែអ្វីយ៉ាងណាក៏ដោយ ក៏កម្ពុជាស្នើសុំឲ្យពិនិត្យឡើងវិញដែរ ថាតើពិតជាមានមែនឬអត់? ព្រោះថាអ្នកដំណើរ នៅកម្ពុជាទាំងប៉ុន្មាន ដែលបានធ្វើតេស្ត កន្លងមក គឺមិនមានមេរោគ Covid-19 ទេ ហើយអ្នកដំណើរដែលបានទៅដល់ប្រទេសថៃ ក៏ខាងរដ្ឋាភិបាលថៃ និងក្រសួងសុខាភិបាលថៃ បញ្ជាក់ថា មិនមានជំងឺនេះផងដែរ។ ម្យ៉ាងទៀតថ្មីៗនេះអ្នកធ្វើការនៅលើកប៉ាល់ ដែលជាជនជាតិឥណ្ឌូនេស៊ី ប្រមាណ២៦៣នាក់ ក៏ត្រូវបាន រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី ប្រកាសថាមិនមានជំងឺនេះដែរ៕ ដោយ៖កូឡាប