ភ្នំពេញ៖ សម្តេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាបានប្រកាសសម័យប្រជុំលើកទី៩ នីតិកាលទី៥ ដែលបានដំណើរការចាប់ពីថ្ងៃ១២ ខែតុលា ឆ្នាំ២០១៧ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ មានរយៈពេលជាង៣ខែ ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង
របស់រដ្ឋសភា បានអនុម័តសេចក្ដីព្រាងច្បាប់បានចំនួន១២ និងសេចក្ដីស្នើច្បាប់បានចំនួន៤ រួមទាំងបានទទួលស្គាល់សមាជិកថ្មី ក៏ដូចជា រៀបចំរចនាសម្ព័ន្ធដឹកនាំរបស់ខ្លួនមួយចំនួនផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ របស់រដ្ឋសភា ដែលបិទបញ្ចប់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងរយៈពេល៣ខែមកនេះ សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ បានសម្រេចនូវលទ្ធផល ដូចខាងក្រោម៖ទី១៖ អនុម័តសេចក្ដីព្រាងច្បាប់បានចំនួន១២ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។ទី២៖ អនុម័តសេចក្ដីស្នើច្បាប់បានចំនួន៤ ដែលស្នើឡើងដោយ តំណាងក្រុមតំណាងរាស្ដ្រហត្ថលេខី។ទី៣៖ ប្រកាសសុពលភាព នៃអាណត្ដិរបស់សមាជិកថ្មីនៃរដ្ឋសភា នីតិកាលទី៥ នីមួយៗ ចំនួន៣លើក។ទី៤៖ បោះឆ្នោតទុកចិត្ត អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១លើក។ទី៥៖ បោះឆ្នោតជ្រើសតាំង លោក យូ ហុកគ្រី ជាអនុប្រធានទី១ រដ្ឋសភា។ ទី៦៖ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មការនានានៃរដ្ឋសភា ចំនួន៣លើក។
សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនអង្គសភាជ្រាបដែរថា យោងមាត្រា៨៣ វាក្យខ័ណ្ឌ ទី២ នៃរដ្ឋធម្មនុញ្ញ និងយោងតាមប្រការ១ វាក្យខ័ណ្ឌទី២ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាបានចែងថា សម័យប្រជុំនីមួយៗមានថេរវេលាយ៉ាងតិច៣ខែ។ អាស្រ័យ ដោយសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ បានចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ មានរយៈពេលលើសពី៣ខែ ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ នៅក្នុងរយៈពេល៣ខែកន្លងមកនេះ សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ សម្រេចបានលទ្ធផលដូចតទៅ១) អនុម័តសេចក្តីព្រាងច្បាប់បានចំនួន ១២ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ២)អនុម័តសេចក្តីស្នើច្បាប់បានចំនួន ៤ ដែលស្នើឡើងដោយតំណាងក្រុមតំណាងរាស្ត្រហត្ថលេខី ៣)ប្រកាសសុពលភាព នៃអាណត្តិរបស់សមាជិកថ្មី នៃរដ្ឋសភា នីតិកាលទី៥ ចំនួន ៣លើក ៤)បោះឆ្នោតទុកចិត្តអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន ១លើក ៥)បោះឆ្នោតជ្រើសតាំងឯកឧត្តម យូ ហុកគ្រី ជាអនុប្រធានទី១ នៃរដ្ឋសភា ៦)បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មការនានានៃរដ្ឋសភាចំនួន ៣លើក។
សូមបញ្ជាក់ថា សម័យប្រជុំលើកទី៩ នីតិកាលទី៥ នៃរដ្ឋសភា ដែលមានរយៈពេល៣ខែ បានបិទបញ្ចប់នៅថ្ងៃទី១៥ខែមករានេះ ហើយរដ្ឋសភា នឹងចាប់ផ្តើមសម័យប្រជុំលើកទី១០ នៅ៣ខែក្រោយទៀត។
ក្នុងសម័យប្រជុំនេះ សេចក្តីព្រាងច្បាប់ ស្តីពីអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ត្រូវបានរដ្ឋសភាអនុម័តជឯកច្ឆន្ទដោយសំឡេង១១៣ នៃចំនួនសមាជិកសភាចូលរួមទាំងអស់។
ការអនុម័តច្បាប់នេះ ធ្វើឡើងក្នុងសម័យប្រជុំរបស់រដ្ឋសភាលើកទី៩ នីតិកាលទី៥ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តចប់ សព្វគ្រប់នៅវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី១៥ ខែមករានេះ ដោយសំឡេង១១៣ លើ ១ ១៣ សំឡេង នៃសមាជិកសមាជិកាទាំងមូលនៃអង្គសភា ដែលបានចូលរួម។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងរាជរដ្ឋាភិបាល ឡើងការពារសេចក្តីព្រាងច្បាប់នេះ បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ត្រូវបានផ្តល់សច្ចាប័នតាមព្រះរាជក្រមលេខ នស/រកម/០២១១/០០៤ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១១។ លោកបន្តថា រហូតមកដល់ពេលនេះ មានប្រទេសចំនួន៩ បានផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងនេះ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានសារសំខាន់ណាស់ ក្នុងការជំរុញដល់ ក្រសួងពាណិជ្ជកម្មបំពេញការងារក្នុងភាពជាដៃគូជាមួយក្រសួង និងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន គ្រឹះស្ថានឧត្តមសិក្សា អង្គការ និងគ្រប់អង្គភាពការងាររបស់កម្ពុជា ដើម្បីធ្វើឲ្យប្រទេស កម្ពុជាកាន់តែមានភាពប្រកួតប្រជែងថែមទៀតនៅក្នុងទីផ្សារពិភពលោក។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលសំខាន់ៗ ដែលក្រសួងពាណិជ្ជ កម្មសម្រេចបាន នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភានេះ ដោយបានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើនកិច្ចសម្រួលពាណិជ្ជកម្មការអភិវឌ្ឍវិស័យឯកជន ការផ្តល់សេវាសាធារណៈឲ្យជិតប្រជាពលរដ្ឋ និងការបង្កើនល្បឿននៃការអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម។ ជាពិសេសក្រសួងពាណិជ្ជកម្ម បានកំពុងបន្តជំរុញការកសាងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដែលជាតម្រូវការរបស់ធុរជន និងវិនិយោគិន។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា គឺជាច្បាប់ថ្មីមួយទៀត ដែលកម្ពុជាត្រូវការដើម្បីធានា និងជំរុញដល់វិនិយោគរបស់បរទេសនៅកម្ពុជា៕ ដោយ៖កូឡាប