ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចពិភាក្សា វាយតម្លៃលើលទ្ធផល នៃការសិក្សាលទ្ធភាពបំពាក់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលឆ្លាតវៃ ដើម្បីគ្រប់គ្រងតាមដានដោយស្វ័យប្រវត្តិនូវយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
លោកទេសរដ្ឋមន្ត្រី បានលើឡើងអំពីសារសំខាន់ នៃការដាក់បញ្ចូលប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃក្នុងការធ្វើកំណែទម្រង់ឱ្យមានភាពប្រសើរឡើងនូវយន្តការគ្រប់គ្រង តាមដាន និងរាយការណ៍ដោយស្វ័យប្រវត្តិរាល់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាទប់ស្កាត់ផ្លូវខូចមុនអាយុកាល និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។
លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ បានរាយការណ៍សង្ខេបអំពីលទ្ធផលនៃការសិក្សា គម្រោងទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ ដែលត្រូវបានសិក្សាអស់រយៈពេលជាងមួយឆ្នាំកន្លងមក ក្រោមការដឹកនាំចង្អុលបង្ហាញ ដោយផ្ទាល់ពីឯកឧត្តមទេសរដ្ឋមន្ត្រី។ គម្រោងនេះត្រូវបានសិក្សា ដើម្បីអនុវត្តចែកចេញជា៣ដំណាក់កាលធំៗ ដោយមានបំពាក់កាមេរ៉ាឆ្លាតវៃ AI (Artificial Intelligence Camera) និងជញ្ជីងស្វ័យប្រវត្តិ Weigh in Motion Sensor បង្កប់លើគន្លងផ្លូវ ដើម្បីដឹងពីទម្ងន់រថយន្តឆ្លងកាត់ និងផ្តល់សញ្ញាមុនពេលយានយន្តមកដល់ស្ថានីយ ព្រមទាំងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងការថ្លឹងរថយន្ត និងផាកពិន័យ ដែលធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការចូលរួមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
លោកទេសរដ្ឋមន្ត្រីបានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាជំរុញគម្រោងនេះ ដើម្បីអាចដាក់ដំណើរការសាកល្បងនៅស្ថានីយមួយចំនួន ត្រឹមចុងឆមាសទី១ ឆ្នាំ២០២០ មុននឹងដាក់ឱ្យដំណើរជាផ្លូវការទាំង២៨ស្ថានីយទូទាំងប្រទេសផងដែរ ៕ ដោយ៖កូឡាប