Tuesday, March 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ដ្រីឆាយ ឫទ្ធិសែន និងឯកអគ្គរដ្ឋទូតកូរ៉េ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលកូរ៉េ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលកូរ៉េ តាមរយៈសាជីវកម្មសហគមន៍ជនបទកូរ៉េ ដែលស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ពិធីដ៏ឱឡារិកនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង, ឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្ត, អភិបាលរងនៃគណៈអភិបាលខេត្ត, លោកអគ្គនាយកនៃសាជីវកម្មសហគមន៍ជនបទកូរ៉េ , លោកប្រធានក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង, កងកម្លាំងទាំង ៣ប្រភេទ, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ), លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៥០០នាក់។

លោក ទុយ សុភ័ក្រ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានធ្វើរបាយការណ៍ស្វាគមន៍ដោយបានជម្រាបជូនអំពីស្ថានភាពភូមិសាស្ដ្រ សេដ្ឋកិច្ច និងសង្គម ក៏ដូចជាការរីកចម្រើន និងសមិទ្ធផលដែលសម្រេចបាននានានៅក្នុងខេត្តតាកែវ។ បន្ទាប់មក លោក Kim Doohwan ប្រធានក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង បានធ្វើរបាយការណ៍នៃការអនុវត្តគម្រោងជូនដល់អង្គពិធី ។ ជាមួយគ្នានោះ លោក Kwon Young Jun អគ្គនាយកនៃសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) បានថ្លែងនូវចំណាប់អារម្មណ៍ដោយបានបញ្ជាក់ជូនថា សាជីវកម្មសហគមន៍ជនបទកូរ៉េ នឹងយកជំនាញបច្ចេកទេស និងបទពិសោធន៍នៃការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងប្រទេសកូរ៉េ ដើម្បីសាងសង់មជ្ឈមណ្ឌលនៅក្នុងខេត្តតាកែវ ដោយបំពាក់នូវគ្រឿងបរិក្ខារប្រកបដោយគុណភាពខ្ពស់។

ក្នុងឱកាសនោះដែរ ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានអញ្ជើញមានចំណាប់អារម្មណ៍ដោយបានចែករំលែកនូវបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច របស់សាធារណរដ្ឋកូរ៉េ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍជនបទ ជាមួយនិងការប្ដេជ្ញាយ៉ាងមុតមាំថា សាធារណរដ្ឋកូរ៉េ នឹងធ្វើដំណើរជាមួយប្រទេសកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើន ក្នុងនាមជាមិត្តដ៏ជិតស្និទ្ធ និងភក្តីភាព ។

អញ្ជើញថ្លែងក្នុងពិធីបញ្ចុះបឋមសិលានោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្តែងការអបអរសាទរជាមួយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍខេត្ត និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីការអភិវឌ្ឍ និងការរីកចម្រើននានាលើគ្រប់វិស័យ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព នានីតិកាលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអភិវឌ្ឍតំបន់ជនបទនៅទូទាំងប្រទេសកម្ពុជាឱ្យមានការរីកចម្រើនក្នុងសន្ទុះយ៉ាងលឿន តាមរយៈការអនុវត្តនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ។

ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍភូមិ និងសហគមន៍ជនបទចម្រុះប្រកបដោយភាពធន់ និងបរិយាបន្ននៅតំបន់ជនបទ គឺជាការងារអាទិភាពមួយរបស់ក្រសួង ក្នុងការគាំទ្រសកម្មភាពអភិវឌ្ឍន៍សហគមន៍ជនបទទូទៅ សហគមន៍ដីសម្បទានសង្គមកិច្ចគ្រប់ប្រភេទ និងសហគមន៍ជនជាតិដើមភាគតិច តាមរយៈការបង្កើតនិងគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ជនបទ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅសហគមន៍ជនបទ ដើម្បីលើកស្ទួយគុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់សហគមន៍ជនបទ។ ជាក់ស្ដែង ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ដើម្បីការអភិវឌ្ឍធនធានមនុស្សនិងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជា នេះ គឺជាមជ្ឈមណ្ឌលទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ហើយនឹងក្លាយជា មជ្ឈមណ្ឌលនវានុវត្តន៍ថ្មី ដែលនឹងផ្លាស់ប្តូរគំរូស្តង់ដារនៃវិស័យជនបទ និងកសិកម្មនៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×