រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (United Nations) និងសហការី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
មានប្រសាសន៍នាឱកាសនេះ លោកជំទាវតំណាង UN បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជាក្នុងអំឡុងពីរទសវត្សរ៍មកនេះ ដែលឆ្លើយតបយ៉ាងប្រសើរទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG)។ លោកជំទាវបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តសហការគ្នាលើកកម្ពស់វិស័យអប់រំ តាមរយៈការរៀបចំសិស្សឱ្យរួចរាល់សម្រាប់ទទួលយកការអប់រំ ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការរៀនសូត្រ និងការបន្តផ្តល់ឱកាសអភិវឌ្ឍសមត្ថភាពកាន់តែច្រើនសម្រាប់យុវជន។ ជាមួយនេះដែរ លោកជំទាវបានបង្ហាញចំណាប់អារម្មណ៍ស្វែងយល់បន្ថែមពីផែនការយុទ្ធសាស្ត្រ និងអាទិភាពថ្មីៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តគាំទ្រកាន់តែមានប្រសិទ្ធភាពឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ក៏ដូចជាចក្ខុវិស័យអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍លោកជំទាវ Vladanka Andreeva ចំពោះការវិលត្រឡប់មកបំពេញបេសកកម្មការងារនៅកម្ពុជាជាលើកទីពីរ ក្នុងតួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងបានលើកឡើងពីវឌ្ឍនភាពកំណែទម្រង់ការអប់រំ និងអាទិភាពថ្មីដែលក្រសួងបាននិងកំពុងផ្តោតយកចិត្តទុកដាក់រួមមាន៖
-ការលើកកម្ពស់ការអប់រំកុមារតូច
-កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើកសិផលក្នុងសហគមន៍
-ការពង្រឹងគុណភាពសាលារៀនរដ្ឋ ដោយជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ និងសាលារៀនជំនាន់ថ្មី (NGS)
-កំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀន និងការអប់រំឌីជីថល
-ការជំរុញការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)
-ការលើកកម្ពស់សុខភាពសិក្សា ការអភិវឌ្ឍយុវជន និងជំនាញសតវត្សទី២១
-កំណែទម្រង់ឧត្តមសិក្សា និងការអភិវឌ្ឍវិស័យកីឡា
ការគាំទ្ររបស់អង្គការសហប្រជាជាតិ (UN) ដល់វិស័យអប់រំនៅកម្ពុជា គឺជាកិច្ចសហការយ៉ាងស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ (SDG 4) ពោលគឺ “ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌”។
ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរលោកជំទាវ Vladanka Andreeva ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយគូសបញ្ជាក់នូវការរំពឹងទុកថា ក្រោមការដឹកនាំសម្របសម្រួលរបស់លោកជំទាវ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងអង្គការសហប្រជាជាតិកាន់តែរីកចម្រើន ជាពិសេសនឹងមានកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡាកាន់តែច្រើនបន្ថែមទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី








