ប្រិយមិត្តជាច្រើនប្រហែលបានជ្រាបច្បាស់រួចហើយ ដែលកាលពីពេលថ្មីៗកន្លងទៅនេះ ស្ពានមួយឆ្លងទៅផ្ទះបេននៅខេត្តព្រះវិហារ ត្រូវបានជនមិនស្គាល់មុខលួចដុត ដែលនេះគឺជាស្ពានទី២ហើយដែលគេលួចដុតដូចគ្នាបែបនេះ។ ប៉ុន្តែ ក្រោយករណីនេះបានផ្ទុះឡើង គេក៏បានស៊ើបអង្កេតដឹងថា គឺជាស្នាដៃរបស់ពួកមន្រ្តីប៉ូលីសមូលដ្ឋានតែម្តង ។
ទាក់ទងនឹងទង្វើដ៏អាក្រក់នេះ បើតាមលោក តាន់ គីមសួរ បានបញ្ជាក់ឲ្យដឹងការពិតយ៉ាងដូច្នេះថា៖ «រកឃើញមូលហេតុនៃការឆេះស្ពានហើយ គឺជាស្នាដៃរបស់មន្ត្រីប៉ូលិសមូលដ្ឋាផ្ទាល់តែម្តង។ មានសត្វស្កាមួយក្បាលរត់ចូលទៅពួនក្នុងប្រឡោះស្ពាន ដោយសារគ្មានតែវិធីអីចាប់សត្វស្កានោះបាន លោកប៉ូលិសក៏សម្រេចចិត្តដុតស្ពានបណ្តេញសត្វស្កានោះឲ្យចេញតែម្តង។ គំណិតដែលមានការឆ្នៃប្រឌិតបំផុត»។
លោក តាន់ គឹមសួរ ក៏បានផ្តាំផ្ញើទៅកាន់អស់លោកជាអ្នកដុតថា៖ «ផ្ញើរូបនេះជូនទៅអស់លោកអាជ្ញាធរប្រចាំស្រុកសង្គមថ្មី ខេត្តព្រះវិហារទាំងអស់ផង លើកនេះខ្ញុំសូមមិនបញ្ចេញឈ្មោះឬមុខងាររបស់អស់លោកទេ។ ហេតុអ្វីបានជាត្រូវស្អប់និងច្រណែនជនជាតិបរទេសដែលខំលះបង់សេចក្តីសុខផ្ទាល់ខ្លួនព្រោះតែដើម្បីការពារសម្បត្តិធម្មជាតិរបស់ខ្មែរយើងទៅវិញ? ឬមួយគាត់ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍អស់លោក ពិបាកក្នុងការរកស៉ីឈើ សំលាប់សត្វព្រៃដែលជិតផុតពូជនិងទន្ទ្រានដីព្រៃលក់? គាត់នេះបានចំណាយពេលស្ទើរតែពាក់កណ្តាលជិវិតហើយដើម្បីខ្មែរយើង។ ពុកគាត់មានអាយុ៧៥ឆ្នាំ និងម្តាយមានអាយុ៧៦ឆ្នាំហើយ ហើយរូបភាពនេះនឹងក្លាយជារូបភាពចុងក្រោយដែលពួកគាត់បានថតជុំគ្នា ព្រោះថាឪពុកម្តាយគាត់នឹងមិនអាចមកសួរសុខគាត់បានទៀតទេ ដោយសារតែគាត់មានជម្ងឺប្រចាំកាយ ហើយបេនក៏រឹតតែមិនអាចចាកចោលពីតំបន់ដែលគាត់កំពុងតែការពារនេះបានដែរ។ គិតមើលទៅអស់លោក គាត់ផ្សងគ្រោះថ្នាក់ចូលល្បាតព្រៃទាំងកណ្តាលយប់ ខណៈអស់លោកកំពុងតែគេងយ៉ាងកក់ក្តៅ យ៉ាងស្កប់ស្កល់ជ៉ំគ្នាជាមួយគ្រួសារ។ សូមឈប់ទៅអស់លោកអើយ អារឿងច្រណែនឈ្នានិសហ្នឹង រួមគ្នាជាមួយគាត់សាងស្នាដៃសម្រាប់ជាតិយើងទៅ។ ពេលខ្លះខ្ញុំពិតជាតឹងទ្រូងជំនួសបេនខ្លាំងណាស់ ហេតុអ្វីក្នុងក្រសែភ្នែកអស់លោក វិរជនម្នាក់នេះមានតម្លៃស្មើសំរាមទៅវិញ? អស់លោកមានដឹងទេ សូម្បីតែសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនក៏គាំទ្របេនដែរ ឬមួយអស់លោកចង់ព្រហើន?» ៕ ដោយ៖ លឹម ហុង